
ក្រោយកងទ័ពអាកាសថៃ (RTAF) បានចេញមកបញ្ជាក់ថា ពួកគេពិតជាបានប្រើប្រាស់យន្តហោះចម្បាំង Saab Gripen វាយប្រហារលើកម្ពុជាកាលពីការផ្ទុះជម្លោះនៅតំបន់ព្រំដែនកម្ពុជា-ថៃពិតប្រាកដមែន ដែលយន្តហោះនេះ ត្រូវបានគេស្គាល់ថាជាយន្តហោះចម្បាំងស៊ុយអែត។ នេះបើតាមការចេញផ្សាយពីគេហទំព័រ Breaking Defense។
យ៉ាងណាក៏ដោយ ខណៈនេះ កម្ពុជា-ថៃ បានយល់ព្រមលើបទឈប់បាញ់ ដោយឥតលក្ខខណ្ឌ ក្រោមការសម្របសម្រួលពីអាមេរិក ម៉ាឡេស៊ី និងចិន កាលពីថ្ងៃទី២៨ កក្កដា កន្លងទៅហើយ។ ប៉ុន្តែប្រទេសថៃកំពុងស្ថិតក្នុងពាក់កណ្តាលនៃការចរចារសម្រាប់ការទិញយន្តហោះ Gripens ថ្មីចំនួន១២ គ្រឿង បន្ថែមទៀតពីស៊ុយអ៊ែត។
យ៉ាងណាមិញ បើក្រឡេកទៅមើលក្នុងការអត្ថាធិប្បាយរបស់រដ្ឋមន្ត្រីការបរទេសស៊ុយអែត ទៅកាន់ Breaking Defense កាលពីថ្ងៃទី ២៨ កក្កដា កន្លងទៅ រដ្ឋមន្ត្រីការបរទេសស៊ុយអែត បានបញ្ជាក់ថា ខ្លួនមិនមានការយល់ព្រមលើការបញ្ជាទិញបន្ថែមនូវយន្តហោះចម្បាំង Gripens ពីថៃនោះទេ។
តាមការចេញផ្សាយពី Breaking Defense ដដែលបានឲ្យដឹងថា តាមរបាយការណ៍មុនៗ យន្តហោះ Gripens រួមជាមួយយន្តហោះ F-16 ត្រូវបាន ថៃ ប្រើដើម្បីបើកការវាយប្រហារតាមអាកាស ដោយប្រើគ្រាប់បែកប្រភេទ GBU-12 រួមទាំងកាំភ្លើងធំ បាញ់ប្រហារលើគោលដៅព្រំដែនកម្ពុជា។
ហើយបើតាមការដឹងជាសាធារណៈ យន្តហោះ Saab JAS 39 Gripen របស់ស៊ុយអែតត្រូវបានថៃ បើកប្រើប្រាស់ប្រយុទ្ធលើកដំបូងហើយមកលើកម្ពុជា បន្ទាប់ពីបើកការសាកល្បងជំនាន់ទី៣ កាលពី ៣៧ ឆ្នាំមុនក្នុងឆ្នាំ ១៩៨៨ មកម្ល៉េះ។ ដោយកាលពីមុន យន្តហោះប្រភេទនេះ វាត្រូវបានប្រើសម្រាប់តែការឈ្លបយកការណ៍ និងបេសកកម្មស្រដៀងគ្នាដូចជាប្រតិបត្តិការរបស់អង្គការណាតូ របស់ប្រទេសស៊ុយអែតនៅប្រទេសលីប៊ីក្នុងឆ្នាំ ២០១១ និងបេសកកម្មកងទ័ពអាកាសរបស់អង្គការណាតូប៉ុណ្ណោះ។
ហើយបន្ទាប់ពី ថៃ បានប្រើប្រាស់យន្តហោះរបស់ស៊ុយអែត បើកការវាយប្រហារបែបនេះ បង្កើតឲ្យមានសំណួរសួរថា តើការលក់បន្ទាប់របស់ Saab JAS 39 Gripen អាចមានផលប៉ះពាល់ដែរឬទេ?
នៅក្នុងខែមិថុនា ឆ្នាំ ២០២៥ កន្លងទៅ ប្រទេសថៃបានប្រកាសពីផែនការខ្លួនក្នុងការទិញ E/F Gripens ចំនួន ១២ គ្រឿង ពីស៊ុយអែត ដែលរំពឹងទុកថានឹងទទួលបានក្នុងពេលឆាប់ៗនេះ។ ប៉ុន្តែសភាស៊ុយអែត Riksdagen បានផ្តល់សិទ្ធិអំណាចដល់រដ្ឋាភិបាលក្នុងការចុះកិច្ចព្រមព្រៀងជាមួយប្រទេសថៃលើការបញ្ជាទិញនេះ រួមនិងប្រព័ន្ធការពារដែនអាកាសបន្ថែមទៀត ជាអកុសលកិច្ចសន្យានេះនៅមិនទាន់ត្រូវបានចុះហត្ថលេខានៅឡើយទេ។
ហើយអ្វីដែលគួរឱ្យកត់សម្គាល់នោះ រដ្ឋមន្ត្រីក្រសួងការបរទេសស៊ុយអែត សម្រេចថា នឹងប្តេជ្ញាមិនយល់ព្រមលក់លើការបញ្ជាទិញបន្ថែមរបស់ប្រទេសថៃនោះទេ។
រដ្ឋមន្ត្រីក្រសួងការបរទេសខាងលើ បានបន្តប្រាប់ទៅកាន់ Breaking Defense ថា ខណៈនេះ រដ្ឋាភិបាលកំពុងតាមដានការវិវឌ្ឍក្នុងជម្លោះព្រំដែនយ៉ាងដិតដល់រវាងកម្ពុជា-ថៃ។
យោងតាមបទប្បញ្ញត្តិគ្រប់គ្រងការនាំចេញរបស់ស៊ុយអែត វាគឺជា ISP ដែលវាយតម្លៃពីបញ្ហាទាក់ទងនឹងកិច្ចព្រមព្រៀងទិញ-លក់សព្វាវុធរបស់ស៊ុយអ៊ែត មុនពេលរដ្ឋាភិបាលធ្វើការសម្រេចចិត្តជាផ្លូវការ។
ក្នុងនោះ អ្នកនាំពាក្យរបស់ MFA ក៏បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍បន្តមួយទៅកាន់ Breaking Defense ដែរថា "វាមានសារៈសំខាន់បំផុតដែលច្បាប់អន្តរជាតិ រួមទាំងច្បាប់មនុស្សធម៌អន្តរជាតិត្រូវបានគោរព ហើយភាគីទាំងអស់ត្រូវធ្វើការកាត់បន្ថយភាពតានតឹងដែលកើតមានឡើងតាមរយៈការសន្ទនា និងការដោះស្រាយជម្លោះដោយសន្តិវិធី៕"
