
ថៃ៖ លោក ភូមិថាំ វីឆាយ៉ាឆៃ នាយករដ្ឋមន្រ្តីស្តីទីថៃ នៅព្រឹកថ្ងៃអាទិត្យ ទី២៧ ខែកក្កដា ឆ្នាំ២០២៥នេះ បានធ្វើការច្រានចោល និងបដិសេធទាំងស្រុងពីសំណើឱ្យមាន “បទឈប់បាញ់បន្ទាន់” របស់លោក Donald Trump ប្រធានាធិបតីសហរដ្ឋអាម៉េរិក និងបានអះអាងថាមិនចង់ឱ្យមានភាគីទី៣ លូកដៃចូលក្នុងរឿងនេះឡើយ។
យោងប្រព័ន្ធឃោសនារបស់ថៃ THE NATION បានចុះផ្សាយថា នាយករដ្ឋមន្រ្តីស្តីទី ភូមិថាំ វីឆាយ៉ាឆៃ បានបញ្ជាក់ថា៖ «លោកមិនចង់ឱ្យមានការចូលសម្របសម្រួល ឬអន្តរាគមន៍ភាគីទី៣ឡើយ»។ នាយករដ្ឋមន្ត្រីស្តីទីទំនើងរូបនេះ បានបន្ថែមថា៖ «ពាក់ព័ន្ធជម្លោះនេះ គឺថៃចង់ដោះស្រាយដោយទ្វេភាគីជាមួយកម្ពុជាផ្ទាល់ ពោល គឺច្រានចោលសំណើរ “បទឈប់បាញ់បន្ទាន់” របស់ប្រធានាធិបតីអាមេរិក ព្រមទាំងផ្ទុយពីការពំពាវនាវរបស់ក្រុមប្រឹក្សាសន្តិសុខអង្កការសហប្រជាជាតិតែម្តង»។
សូមជម្រាបថា កាលពីយប់ថ្ងៃសៅរ៍ ទី២៥ កក្កដា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានសន្ទនាដាច់ដោយឡែកពីគ្នា ជាមួយនាយករដ្ឋមន្រ្តីស្តីទី ភូមិថាំ វីឆាយ៉ាឆៃ និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីធ្វើការសម្របសម្រួល និងបានស្នើឱ្យមាន “បទឈប់បាញ់បន្ទាន់” ដើម្បីឈានទៅរកសន្តិភាព។ ក្រោយការសន្ទនាតាមរយៈបណ្តាញសង្គម Trust Social លោក Donald Trump បញ្ជាក់ថា៖ «លោកទើបតែបានទូរសព្ទជាមួយនាយករដ្ឋមន្ត្រីកម្ពុជា ហើយបានជម្រាបជូនគាត់អំពីការពិភាក្សាជាមួយ នាយករដ្ឋមន្ត្រីស្ដីទីរបស់ថៃ ដើម្បីឱ្យភាគីទាំងពីរទទួលយកបទឈប់បាញ់ជាបន្ទាន់ និងសន្តិភាព»។
លោក Trump បញ្ជាក់ថា៖ «មេដឹកនាំនៃប្រទេសទាំងពីរកម្ពុជា-ថៃ បានយល់ព្រមជួបគ្នាជាបន្ទាន់ ដើម្បីរៀបចំឱ្យមាន “បទឈប់បាញ់បន្ទាន់” ប៉ុន្តែក្រោយការសម្របសម្រួលមិនទាន់បានប៉ុន្មានម៉ោងផង នាយករដ្ឋមន្ត្រីស្តីទីថៃ បានផ្លាស់ប្តូរគោលជំហរ ៣៦០ ដឺគ្រេ ដោយច្រានចោលទាំងស្រុងសំណើរ “បទឈប់បាញ់” របស់ប្រធានាធិបតីអាមេរិក និងបានអះអាងថាខ្លួនមិនចង់ឱ្យមានភាគីទី៣ចូលមកដោះស្រាយក្នុងជម្លោះនេះទេ»។
ជុំវិញការសម្របសម្រួលនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់យ៉ាងច្បាស់ជាមួយលោកប្រធានាធិបតី Donald Trump ថា៖ «កម្ពុជា ឯកភាពជាមួយសំណើរឱ្យមាន “ការឈប់បាញ់ភ្លាម និងដោយឥតលក្ខខណ្ឌ” រវាងកងទ័ពទាំងពីរ»។
ជាក់ស្ដែងជំហរនេះ សម្តេចក៏ធ្លាប់បានបញ្ជាក់ ជាមួយលោក Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានប្ដូរវេនអាស៊ាន កាលពីថ្ងៃទី ២៤ កក្កដា កន្លងទៅ។ ហើយសម្តេចធិបតីសង្ឃឹមថា ភាគីថៃនឹងមិនកែប្រែជំហរនេះម្តងទៀត ដូចកាលពីថ្ងៃទី ២៤ កក្កដា ក្រោមការជួយសម្របសម្រួល របស់លោក Anwar Ibrahim នោះទេ ប៉ុន្តែពេលនេះ នាយកដ្ឋមន្ត្រីស្តីទីថៃ ក្រឡះពាក្យសម្តី និងបានទាត់ចោលសំណើរលោក Donald Trump ដដែល៕







