
ភ្នំពេញ៖ ប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត នៅព្រឹកថ្ងៃអង្គារ៍ ទី២២ ខែកក្កដា ឆ្នាំ២០២៥នេះ បានព្រមានទៅកាន់ភាគីថៃថា៖ «មិនត្រូវឆ្លងបន្ទាត់ក្រហមជាដាច់ខាត មិនមានការប្រែប្រួលទេ។ សូមកុំបំពាន កម្ពុជាមិនអនុញ្ញាតឡើយ»។ ការព្រមានរបស់នាយករដ្ឋមន្ត្រីកម្ពុជា បានធ្វើឡើងខណៈយោធាថៃបន្តចាត់វិធានការឯកតោភាគីនៅតាមតំបន់ព្រំដែនមានជម្លោះ ដូចជា ការសាងសង់ផ្លូវថ្មីមកកាន់តំបន់មុំបី និងការចោទប្រកាន់ពាក់ព័ន្ធការផ្ទុះមីនជាដើម។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហោះលើបណ្តាញសង្គមនៅព្រឹកថ្ងៃអង្គរ៍នេះថា៖ «ថ្មីៗនេះ ថ្នាក់ដឹកនាំនយោបាយ កងទ័ព និងបណ្ដាញសារព័ត៌មានថៃ បានធ្វើការចោទប្រកាន់ដោយគ្មានមូលដ្ឋានមកលើកម្ពុជាពាក់ព័ន្ធនឹងបញ្ហាមួយចំនួនដូចជាលូកដៃចូលនយោបាយផ្ទៃក្នុងថៃ ការដាក់មីន ព្រមទាំងបានធ្វើការគម្រាមដាក់ចេញនូវវិធានការជាឯកតោភាគីនៅក្នុងតំបន់ដែលមានវិវាទ រួមមានតំបន់មុំបី និងប្រាសាទតាមាន់ធំ»។
ប្រមុខរដ្ឋាភិបាលកម្ពុជា បានសង្កត់ធ្ងន់ថា៖ «តំបន់ ឬទីកន្លែងដែលមានវិវាទ ឬមិនទាន់ដាច់ស្រេចថាស្ថិតក្នុងដែនអធិបតេយ្យភាពរបស់ប្រទេសណាមួយ គឺគ្មានភាគីណាមានសិទ្ធិធ្វើសកម្មភាព ឬដាក់ចេញនូវវិធានការជាឯកតោភាគីនៅក្នុងតំបន់ ឬទីកន្លែងនោះ។ រាល់វិធានការនានាដែលអាចអនុវត្តបានត្រូវមានការឯកភាពគ្នារវាងភាគីទាំងពីរជាមុនសិន។ បន្ទាត់ក្រហមនៅតែជាបន្ទាត់ក្រហម មិនមានការប្រែប្រួលទេ។ សូមកុំបំពានវា។ កម្ពុជាមិនរំលោភបំពានលើអ្នកណាទេ ប៉ុន្តែកម្ពុជាក៏មិនឲ្យអ្នកណាមួយរំលោភបំពានលើខ្លួននោះដែរ។ កម្ពុជាមានសមត្ថភាពគ្រប់គ្រាន់ និងបានត្រៀមខ្លួនជាស្រេចក្នុងការការពារខ្លួន និងការពារបូរណភាពទឹកដី តាមគ្រប់មធ្យោបាយទាំងអស់ប្រឆាំងនឹងការរំលោភបំពាន»។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា៖ «ភាគីថៃកំពុងប្រើវិធីសាស្រ្តបៀមឈាមព្រួសដាក់អ្នកដទៃ វាមិនមែនជាវិធីសាស្រ្តដែលមានសីលធម៌ និងសុច្ចរិតភាពនោះទេ»។ សម្តេចធិបតី នាយលរដ្ឋមន្ត្រី លើកឡើងថា «វិធីសាស្ត្របែបនេះ មិនត្រូវប្រើទេ បើយើងពិតជាចង់កសាងនូវទំនុកចិត្តរវាងគ្នានិងគ្នា។ កម្ពុជានៅតែរក្សាជំហរក្នុងការស្វែងរកដំណោះស្រាយលើបញ្ហាជម្លោះព្រំដែនដោយមធ្យោបាយអហឹង្សា ឲ្យបានឆាប់រហ័ស ប្រកបដោយភាពច្បាស់លាស់ និងចីរភាព»។
សូមបញ្ជាក់ថា កាលពីពេលថ្មីៗកន្លងមកនេះ ប្រទេសថៃបានចោទប្រកាន់មកលើកម្ពុជា លួចលាក់ដាក់គ្រាប់មីនថ្មីនៅតំបន់កំពុងមានជម្លោះ ហើយឱ្យទាហានថៃ ចំនួន ០៣នាក់ បានដើរល្បាតជាន់មីមផ្ទុះបណ្តាលរងរបួសដាច់ជើងម្នាក់ និង២នាក់ទៀតរបួស។ មន្ត្រីជាន់ខ្ពស់ថៃ បានគំរាមប្តឹងកម្ពុជាលើកបញ្ហាទាហានថៃដើរជាន់មីននេះនៅកាន់អង្គការសហប្រជាជាតិ។ ស្របពេលជាមួយគ្នានេះ ភាគថៃបានធ្វើប្រតិបត្តិការបោសសម្អាតមីននៅតំបន់មុំបី (មិនមែនទីតាំងផ្ទុះមីនកន្លងមក) និងបានសាងសង់ផ្លូវបេតុងថ្មីឆ្ពោះមកកាន់ព្រំដែនកម្ពុជា-ថៃ។
ពាក់ព័ន្ធករណីទាហានថៃរងរបួងដោយសារផ្ទុះមីននេះ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្រសួងការពារជាតិ ក្រសួង ស្ថាប័នជំនាញពាក់ព័ន្ធរបស់កម្ពុជា បានធ្វើការឆ្លើយតបយ៉ាងសកម្មទៅលើការចោទប្រកាន់ទាំងនោះ ដើម្បីការពារភាពត្រឹមត្រូវរបស់កម្ពុជាជាបន្តបន្ទាប់រួចហើយ ក៏ដូចជាការត្រៀមដាក់ចេញនូវវិធានការចាំបាច់បន្ថែមទៀតក្នុងគោលដៅការពារឧត្តមប្រយោជន៍ជាតិខ្មែរ។ ដើម្បីការពារភាពត្រឹមត្រូវរបស់កម្ពុជាជាបន្តបន្ទាប់រួចហើយ ក៏ដូចជាការត្រៀមដាក់ចេញនូវវិធានការចាំបាច់បន្ថែមទៀតក្នុងគោលដៅការពារឧត្តមប្រយោជន៍ជាតិខ្មែរ។
ទោះបីជាប្រទេសថៃ បានអះអាងថា ខ្លួននឹងរាយការណ៍ពីឧបទ្ទវហេតុផ្ទុះមីនទៅ UN ក៏ដោយ ប៉ុន្តែខ្លួនបដិសេធមិនទទួលយកយុត្តាធិការរបស់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដែលជាស្ថាប័នរបស់អង្គការសហប្រជាជាតិនោះទេ៕