2025-07-23 19:00
59

 កណ្ដាល៖ វាមិនមែនជារឿងថ្មីនោះទេដែលក្រុមហ៊ុនលក់អចលនទ្រព្យតែងតែបោកប្រាស់ប្រជាពលរដ្ឋជាច្រើនរាប់មិនអស់នោះទេ សុទ្ធតែជាគម្រោងខ្យល់ ។  ជនរងគ្រោះបានរាប់ទាំងការឈឺចាប់និងអួលដើមករថា៖  កាលពីអំឡុង ឆ្នាំ២០២២ គាត់បានទិញផ្ទះវីឡាទោល តម្លៃ៣៧.000ដុល្លារ ដោយទិញបង់ផ្ដាច់  ពីគម្រោងអភិវឌ្ឍន៍លំនៅដ្ឋាន  MCL វីឡា របស់ក្រុមហ៊ុន មៀក ឈុយ ឌីវេឡុបមិន អេនលែន ឯ.ក ដែលមានលោក មៀក ឈុយ ជាអគ្គនាយកក្រុមហ៊ុន  ស្ថិតនៅក្នុងភូមិពេជ ឃុំឈ្វាំង ស្រុកពញ្ញាឮ ខេត្តកណ្តាល ដោយបង់ប្រាក់ជា២ដំណាក់កាល៖   លើកទី១ ចំនួន៤៤០០$   នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២២ លើកទី២ចំនួន៣២,៦០០$  នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥  សរុប៣៧,០០០$។ ខាងបុរីបានសន្យាថា នឹងសាងសង់ផ្ទះជូនអតិថិជនឲ្យរួចរាល់ក្នុងរយៈពេល១០ខែ និងអនុគ្រោះរយៈពេល០២ខែ បើសិនមានភាពយឺតយ៉ាងក្នុងការសាងសង ដោយគិតចាប់ពីថ្ងៃដែលអតិថិជនបង់ប្រាក់គ្រប់ចំនួន100% ហើយក្នុងករណីភាគីក្រុមហ៊ុនសាងសង់មិនទាន់ពេលវេលាបានកំណត់នោះ ភាគីក្រុមហ៊ុនបុរី MCL សន្យាសង២%ក្នុងមួយខែ នៃប្រាក់កក់ទៅអតិថិជនវិញ ។

លោកបន្តថាតាំងពីឆ្នាំ២០២២ រហូតដល់បច្ចុប្បន្ននេះ គម្រោងផ្ទះវីឡាដែលលក់ឲ្យលោកនោះ គឺនៅតែដីស្រែទទេគ្មានការអភិវឌ្ឍន៍សោះឡើយ។ ក្រោយមកលោកលេចឮ ថាគម្រោងដីនេះជាដីកម្មសិទ្ធិរបស់អ្នកដទៃ ដែលក្រុមហ៊ុនរបស់ឈ្មោះ មៀក ឈុយ ទិញពីគេ ដើម្បីយកមកសាងផ្ទះលក់ ប៉ុន្តែមិនទាន់បង់លុយគ្រប់ចំនួនឲ្យម្ចាស់ដីនោះឡើយក្រោយទទួលព័ត៌មានបែបទើបគាត់បានទៅសួរនាំខាងក្រុមហ៊ុនដើម្បីទាមទារឲ្យសងលុយត្រឡប់មកវិញ  ប៉ុន្តែឈ្មោះ សុភ័ក្រ្ត ដែលគេអះអាងថាខ្លួនមានតួនាទីជាអនុប្រធានក្រុមហ៊ុន បានបញ្ចុះបញ្ចូល អូសទាញគាត់ឲ្យធ្វើការដោះដូរ ទៅយកផ្ទះមួយផ្សេង ស្ថិតក្នុងគម្រោងទី១វិញ ដោយបុគ្គល មៀក ឈុយ សន្យាថានឹងប្រគល់ផ្ទះឲ្យជនរងគ្រោះក្នុងរយៈពេលយ៉ាងយូរ៨ខែ គិតចាប់ពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៣តទៅ។  ប៉ុន្តែជនរងគ្រោះបានទុកពេលរហូត១៨ខែ តែគ្មានដំណឹងសូន្យឈឹង ជនរងគ្រោះក៏បានដាក់លិខិតជូនដំណឹងទៅម្ចាស់បុរី ដើម្បីចូលខ្លួនដោះស្រាយគ្នា តែលោក មៀក លុយ ម្ចាស់បុរី  និងបក្សពួក មិនព្រមចូលខ្លួនធ្វើការដោះស្រាយនោះទេ ព្យាយាមគេចវេសរហូត ។ 

លុះក្រោយមកទើបជនរងគ្រោះសម្រេចដាក់ពាក្យប្ដឹង លោក មៀក លុយ ម្ចាស់គម្រោងផ្ទះវិឡា MCL  និងបក្សពួកទៅតុលាការ រហូតដល់តុលាការបានចេញដីកាបញ្ជាឲ្យចូលខ្លួនជាបន្តបន្ទាប់ ប៉ុន្តែតែបុគ្គលទាំងអស់នោះនៅតែមិនព្រមចូលខ្លួនទៀត ទើបតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញចេញដីកាសម្រេចរបស់ព្រះរាជអាជ្ញា ចោទប្រកាន់ពីបទ ៖ ឆបោក ប្រព្រឹត្តនៅរាជធានីភ្នំពេញ និងខេត្តកណ្ដាល កាលពីអំឡុងខែមេសា ឆ្នាំ២០២២ដល់បច្ចុប្បន្នតាមបញ្ញាត្តិមាត្រា ៣៧៧ និងមាត្រា៣៧៨ នៃក្រមព្រហ្មទណ្ឌ លើបុគ្គល ៖ 
១. ឈ្មោះ មៀក ឈុយ (  ប្រុស)  អគ្គនាយកក្រុមហ៊ុន (ក្រៅឃុំ)
២. ឈ្មោះ ផល យ៉ារី ( ស្រី )   អ្នកទទួលប្រាក់ពីបុរី MCL (ក្រៅឃុំ)
៣.  ឈ្មោះ ឃឹម ហាវ ( ប្រុស )  មុខរបរជាអ្នកសាងសង់ (ក្រៅឃុំ)
៤. ឈ្មោះ ភួង សុភ័ក្រ្ត ( ប្រុស ) មុខរបរអនុប្រធានក្រុមហ៊ុន (ក្រៅឃុំ) 
៥.ឈ្មោះ ដេង ស្រាំ ( ប្រុស )  មុខរបរជាភ្នាក់ងាររកអតិថិជន (ក្រៅឃុំ) ។ ជនរងគ្រោះបានបន្តបន្ថែមឲ្យដឹងទៀតថា ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញបានចេញដីការបង្គាប់ឲ្យនាំខ្លួនជនឆបោកទាំង៥នាក់ខាងលើនេះផងដែរ។ 

ជនរងគ្រោះបានបន្តថាបុគ្គលឈ្មោះ ផល យ៉ារី ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួននៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤ យកទៅសួរនាំនៅតុលាការ និងឈានដល់ការឃុំខ្លួនបណ្តោះអាសន្ន តែក្រោយមកបុគ្គលឈ្មោះ ផល យ៉ារី  បានយកទ្រព្យមកបញ្ចាំដើម្បីធានា ឲ្យនៅក្រៅឃុំ នឹងបានសន្យាថាសងលុយជនរងគ្រោះវិញ នៅថ្ងៃទី២៥ ខែតុលា  ឆ្នាំ២០២៤ ប៉ុន្តែរហូតមកដល់បច្ចុប្បន្ននេះជនរងគ្រោះនៅមិនទាន់ទទួលបានសំណងសូម្បីតែមួយរៀលនោះឡើយ ។  ខណៈដែលបច្ចុប្បន្ននេះជនបោកប្រាស់ ផល យ៉ារីនិងបក្សពួកកំពុងតែដេកសើចសប្បាយ ចាយលុយជនរងគ្រោះយ៉ាងរំភើយ  នៅក្រៅឃុំទាំងអស់។ សូមបញ្ចាក់ថាជនរងគ្រោះមិនតិចនោះទេដែលបានចាញ់បោកគម្រោងអភិវឌ្ឍន៍លំនៅដ្ឋាន  MCL វីឡា របស់ក្រុមហ៊ុន មៀក ឈុយ ឌីវេឡុបមិន អេនលែន ឯ.ក របស់លោក មៀក ឈុយ ជាអគ្គនាយកក្រុមហ៊ុន ដែលលក់គម្រោងខ្យល់ និងធ្វើនំអត់ម្សៅនេះ ។ 

ជាចុងក្រោយជនរងគ្រោះស្នើសុំសមត្ថកិច្ច និងសំណូមពរស្នើសុំថ្នាក់ដឹកនាំមេត្តាជួយរកភាពយុត្តិធម៌ជូនដល់គាត់ ដើម្បីជួយអន្តរាគមន៍ និងវិធានការច្បាប់លើ ក្រុមជនបោកប្រាស់ខាងលើនេះ ដែលបានបោកប្រាស់លុយ និងរំលោភលើទំនប់ចិត្តរបស់អតិថិជន តាមរយៈការបញ្ចុះបញ្ចូល អូសទាញ ឲ្យទិញផ្ទះក្នុងគម្រោងរបស់ខ្លួន  ជាគម្រោងខ្យល់  ជាពិសេសស្នើឱ្យបុគ្គលទាំង៥នាក់នេះ ចូលខ្លួនធ្វើការដោះស្រាយ និងគោរពតាមការកិច្ចសន្យា ប្រគល់លុយមកឲ្យគាត់វិញ ។

ពាក់ព័ន្ធនិងការចោទខាងលើប្រកាន់នេះ MSJ TV មិនអាចទំនាក់ទំនងសុំការបំភ្លឺពីលោក មៀក ឈុយ ម្ចាស់គម្រោងបុរីផ្ទះវិឡា MCL  និងបក្សពួកបាននោះ អង្គភាពយើងរងការបកស្រាយរាងរាល់ម៉ោងធ្វើការ  ៕