
ស្ថិតក្រោមក្របខណ្ឌមាត្រាទី៦កិច្ចព្រមព្រៀងបារីស៌ ស្តីពីការប្រែប្រួលអាកាសធាតុ ក្រុមហ៊ុនផលិតម៉ូតូអគ្គិសនីរបស់សាធារណៈរដ្ឋកូរ៉េ Very Words.Inc តាមរយៈកិច្ចសហប្រតិបត្តិការ គម្រោង Internationally Transferred Mitigation Outcomes (ITMOs) បានកំពុងរួមចំណែកយ៉ាងសំខាន់ជាមួយកម្ពុជា ប្តេជ្ញាចិត្តកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ ជាមួយនឹងការវិនិយោគដំឡើងរោងចក្រផលិតម៉ូតូអគ្គិសនី និងការស្ថានីយសាកថ្មចល័តនៅកម្ពុជា។
ថ្លែងនៅក្នុងពិធីកិច្ចសហប្រតិបត្តិការកម្ពុជា-កូរ៉េ ក្រោមមាត្រាទី៦កិច្ចព្រមព្រៀងបារីស៌ ពីការប្រែប្រួលអាកាសធាតុ នារសៀលថ្ងៃចន្ទ ទី២១ ខែកក្កដា ឆ្នាំ២០២៥ លោកបណ្ឌិត.Malle Fofana,នាយកប្រចាំតំបន់អាស៊ីនៃវិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល( GGGI) បានមានប្រសាសន៍ ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងបរិស្ថាន ដែលបានគាំទ្រវិនិយោគិនកូរ៉េ និងកិច្ចសហការយ៉ាងល្អប្រសើរជាមួយនឹង GGGI ដើម្បីរួចចំណែកកាត់បន្ថយការសាយភាយឧស្ម័នផ្ទះកញ្ចក់ទៅក្នុងបរិយាកាស ជាកត្តាធ្វើកើនឡើងកំដៅជាសកល និងការប្រែប្រួលអាកាសធាតុ។
ថ្លែងទៅកាន់អង្គពិធី ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានគូសបញ្ជាក់ថា នៅថ្ងៃនេះ មិនមែនគ្រាន់តែជាកិច្ចសហប្រតិបត្តិការប៉ុណ្ណោះទេ តែជាការរួមគ្នាកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ ដើម្បីបរិស្ថានពិភពលោករបស់យើងទាំងអស់គ្នា។ ទោះបីជាមានភាពងាយរងគ្រោះ ខ្ពស់ចំពោះការប្រែប្រួលអាកាសធាតុក៏ដោយ ក៏ប្រទេសកម្ពុជានៅតែប្តេជ្ញាចិត្តកាត់បន្ថយឧស្ម័នកាបូនិច ដើម្បីធានានូវប្រសិទ្ធភាពនៃការប្រើប្រាស់ធនធានធម្មជាតិ ការលើកកម្ពស់គុណភាពជីវិតសម្រាប់ប្រជាជន ការរក្សាបាននូវលំនឹងជីវៈចម្រុះ និងបេតិកភណ្ឌធម្មជាតិដ៏សម្បូរបែប។
ឯកឧត្តមបណ្ឌិត បានបន្តថា ការបណ្តាក់ទុនវិនិយោគដំឡើងរោងចក្រផលិតម៉ូតូអគ្គិសនី របស់សាធារណរដ្ឋកូរ៉េនាពេលនេះ គឺជាការវិនិយោគដែលបានគិតគូរ ពីបរិស្ថាន និងអាយុជីវិតរបស់យើងទាំងអស់គ្នា ដោយសារការសាយភាយឧស្ម័នផ្ទះកញ្ចក់គឺកើនចេញពីវិស័យធំៗចំនួន៥គឺ ថាមពល ឧស្សាហកម្ម កសិកម្ម ការគ្រប់គ្រងសំនល់ និងដឹកជញ្ជូន។
ជាការពិត ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រសួងបរិស្ថានបាននិងកំពុងខិតខំប្រឹងប្រែងយ៉ាងខ្លាំង ចំពោះកិច្ចគាំពារបរិស្ថាន ការការពារធនធានធម្មជាតិ តាមរយៈយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថានដែលផ្តោតលើភាពស្អាត បៃតង និងចីរភាព។
ឥឡូវនេះ ប្រទេសកម្ពុជាកំពុងបញ្ចប់ផែនការជាតិរួមចំណែកការឆ្លើយតបការប្រែប្រួលអាកាសធាតុ ដែលបានធ្វើបច្ចុប្បន្នភាពលើកទីបី (NDC 3.0) ដែលកំណត់គោលដៅប្រកបដោយមហិច្ឆិតាសម្រាប់ការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ឱ្យបាន ៥៤ភាគរយនៅឆ្នាំ២០៣៥ ទាំងលក្ខខណ្ឌ និងគ្មានលក្ខខណ្ឌ ស្មើនឹងប្រមាណ ៦៤.៦ លានតោននៃកាបូនឌីអុកស៊ីតជារៀងរាល់ឆ្នាំ។ ដើម្បីសម្រេចមហិច្ឆតានេះ កម្ពុជាបានប៉ាន់ប្រមាណតម្រូវការហិរញ្ញប្បទានរបស់ខ្លួនសម្រាប់ទាំងការកាត់បន្ថយអាកាសធាតុ និងការបន្សាំ។ ការដោះស្រាយតម្រូវការនេះតម្រូវឱ្យមានការកៀរគរហិរញ្ញប្បទាន- ប្រមូលផ្តុំរដ្ឋាភិបាល វិនិយោគិនឯកជន ស្ថាប័នអភិវឌ្ឍន៍ និងដៃគូអន្តរជាតិ ដើម្បីរួមគ្នាឆ្ពោះទៅគោលដៅអព្យាក្រឹតកាបូនឆ្នាំ២០៥០។
គួរបញ្ជាក់ថា៖ កន្លងមក ក្រសួងបរិស្ថាន បានចុះអនុស្សារណៈយោគយល់គ្នាជាមួយ វិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល (GGGI) និងក្រុមហ៊ុនកូរ៉េVery Words Inc.ក្នុងគោលបំណងលើកកម្ពស់ និងជំរុញការប្រើប្រាស់មធ្យោបាយដឹកជញ្ជូនអគ្គិសនី និងគំនិតផ្តួចផ្តើមជាច្រើនទៀតក្នុងការកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ និងការលើកកម្ពស់គុណភាពបរិស្ថាននៅកម្ពុជា៕


