2025-07-22 17:24
12

បន្ទាយមានជ័យ៖  ពលករខ្មែរប្រុស-ស្រីទាំងក្មេងទាំងចាស់ សរុបចំនួន ៥៥នាក់ ត្រូវបានតម្រួតថៃ ចាប់បញ្ជូនមកកម្ពុជាវិញ តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ការចាប់បញ្ជូនពលករខ្មែរមកវិញនេះភាគីថៃ អះអាងថា ពលរដ្ឋខ្មែរទាំង ៥៦នាក់ បានឆ្លងដែនទៅធ្វើការងារ និងស្នាក់នៅដោយខុសច្បាប់ក្នងប្រទេសរបស់គេ។

តម្រួតថៃ បានបញ្ជូនពលរដ្ឋខ្មែរទាំង៥៥នាក់ មកវិញ នាសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ នេះ តាមរយៈរថយន្តទ្រុងដឹកមកពីខេត្តស្រះកែវ មកកាន់ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៃមណ្ឌលសំចត។

មន្ត្រីនគរបាលអគ្គនាយកដ្ឋានអន្តោប្រវេសន៍ច្រកទ្វាទី១ ប្រចាំការច្រកទ្វាអន្តរជាតិប៉ោយប៉ែត បានឲ្យដឹងថា ជារឿយៗខាងតម្រួតថៃតែងតែចាប់បញ្ជូនពលករខ្មែរដែលឆ្លងដែនដោយខុសច្បាប់មកកម្ពុជាវិញ។ ការចាប់បញ្ជូនពលករខាងលើនេះ មិនមែនជាការចាប់បញ្ជូនក្នុងពេលស្ថានភាពប្រទេសទាំងពីរមានបញ្ហាជម្លោះព្រំដែននោះឡើយ។

ចំពោះពលករដែលថៃចាប់បញ្ជូនមកនេះភាគច្រើន គឺពួកគាត់ឆ្លងដែនដោយខុសច្បាប់គ្មានប័ណ្ណព្រំដែន និងប្រកបរបរការងារនៅក្នុងទឹកដីថៃដោយខុសច្បាប់ ទើបថៃចាប់បញ្ជូនមកជាបន្តបន្ទាប់។

បងប្អូនពលករខ្មែរទាំងនេះ ត្រូវបានសមត្ថកិច្ចកម្ពុជាទទួលពីតម្រួតថៃ នៅមណ្ឌលសំចតនៅក្រុងប៉ោយប៉ែត ធ្វើការសាកសួរព័ត៌មានបើគ្មានរងគ្រោះក្នុងបទល្មើសអ្វីទេ នឹងឱ្យពួកគាត់វិលត្រឡបទៅកាន់លំនៅដ្ឋាន និងស្រុកំណើតវិញ។

សូមជម្រាបថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលរួមមានទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអង្គភាពពាក់ព័ន្ធគ្រប់ផ្នែក ដែលកំពុងប្រចាំការនៅច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត និងមណ្ឌលសំចតច្រកប៉ោយប៉ែត ក្នុងខេត្តបន្ទាយមានជ័យ បានត្រៀមខ្លួនរួចជាស្រេចក្នុងការផ្តល់ព័ត៌មាន ស្តីអំពី ឱកាសការងារដ៏សម្បូរបែប ការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ និងអត្ថប្រយោជន៍ ប.ស.ស. ដែលជាការគិតគូររបស់រាជរដ្ឋាភិបាលកម្ពុជាដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេស ពលករខ្មែរនៅប្រទេសថៃ ដែលវិលត្រឡប់មកស្រុកកំណើតវិញ៕