
ភ្នំពេញ៖ នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥នេះ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោកបណ្ឌិត Malle Fofana នាយកប្រចាំតំបន់អាស៊ី នៃវិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល (GGGI) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើការងារបរិស្ថាន និងការអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅកម្ពុជា។
លោកបណ្ឌិត Malle បានសម្តែងការកោតសរសើរចំពោះភាពជាអ្នកដឹកនាំរបស់លោករដ្ឋមន្ត្រីក្នុងការជំរុញចក្ខុវិស័យបរិស្ថានរបស់កម្ពុជា។ ដោយលោកបានបញ្ជាក់ថា «GGGI ត្រៀមខ្លួនជានិច្ចក្នុងការបកប្រែចក្ខុវិស័យនេះទៅជាសកម្មភាពជាក់ស្តែង និងបានថ្លែងអំណរគុណចំពោះក្រសួងបរិស្ថានសម្រាប់ការគាំទ្រ និងការសម្របសម្រួលកន្លងមក»។ លើសពីនេះ លោកបណ្ឌិត Malle បានបញ្ជាក់ទៀតថា «GGGI នឹងបន្តជួយកម្ពុជាពង្រឹងសមត្ថភាព ដើម្បីក្លាយជាអង្គភាពទទួលស្គាល់ (Accredited Entity) ក្នុងមូលនិធិអាកាសធាតុបៃតង (GCF) ដែលជាគន្លឹះឆ្ពោះទៅរកឯករាជ្យភាពហិរញ្ញវត្ថុក្នុងវិស័យបរិស្ថាន»។
ជាការឆ្លើយតបលោកឧត្តមរដ្ឋមន្ត្រី អ៊ាង សុផល្លែត បានថ្លែងអំណរគុណ GGGI ដែលជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងបានរួមចំណែកធ្វើឱ្យកម្ពុជាស្អាត មានភាពបៃតង និងចីរភាព ហើយមិនត្រឹមតែកម្ពុជាប៉ុណ្ណោះទេ យុទ្ធសាស្រ្តនៃភាពស្អាត ភាពបៃតង ដោយចីរភាព បានរួមចំណែកទៅដល់ការកាត់បន្ថយការកើនឡើងកម្តៅភពផែនដីដែលជាមូលហេតុចម្បងធ្វើឱ្យមានការប្រែប្រួលអាកាសធាតុ។ ជាមួយគ្នានេះ គំនិតផ្តួចផ្តើមពាណិជ្ជកម្មកាបូន ដោយរួមបញ្ចូលវិស័យកសិកម្ម វិស័យសំណល់ វិស័យព្រៃឈើ (REDD+) និង ការដាំដុះព្រៃឈើឡើងវិញ គឺជាការលើកទឹកចិត្តឱ្យវិនិយោគិនរួមចំណែកដាំដុះព្រៃឈើឡើងវិញនៅកម្ពុជា ដែលជាថ្នូរនឹងឥណទានកាបូនរយៈពេល១៥ឆ្នាំ ស្របតាមការអនុវត្តមាត្រា ៦.២ នៃអនុសញ្ញាកិច្ចព្រមព្រៀងទីក្រុងប៉ារីស ដែលអាចរួមចំណែកដល់ការកាត់បន្ថយបន្ទុកថវិការដ្ឋរបស់កម្ពុជា និងឈានឆ្ពោះទៅសម្រេចបាននូវគោលដៅអព្យាក្រឹតកាបូននៅឆ្នាំ២០៥០។
លើសពីនេះ លោករដ្ឋមន្ត្រីក្រសួងបរិស្ថាន ក៏បានគូសបញ្ជាក់ពីសារៈសំខាន់នៃ ការដាំដុះព្រៃឈើឡើងវិញ ជាពិសេសនៅតំបន់ បឹងទន្លេសាប ដែលមានសារៈសំខាន់ចំពោះប្រព័ន្ធអេកូឡូស៊ី និងសេដ្ឋកិច្ចជាតិ ដោយក្រសួងបានផលិតកូនឈើរាប់លានដើមដើម្បីចែកជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ និងជំរុញឱ្យមានការចូលរួមពីវិស័យឯកជនក្នុងការដាំដុះព្រៃឈើឡើងវិញ។
សូមរម្លឹកជូនថា យោងតាមបទពិសោធន៍ជោគជ័យរបស់ក្រសួងបរិស្ថាន ដោយបានដាក់ចេញយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក និងមានការចូលរួមយ៉ាងផុសផុលពីសិស្សានុសិស្ស ប្រជាពលរដ្ឋរាប់លាននាក់។ បន្តមក យុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» និងយុទ្ធនាការបន្តបន្ទាប់នឹងចែកធុងសំរាម ដើម្បីប្រមូលទុកដាក់ និងញែកសំរាមឱ្យបានត្រឹមត្រូវ ដែលផ្តល់ប្រយោជន៍ដល់ភាពស្អាត ហើយនឹងសេដ្ឋកិច្ចមូលដ្ឋាន។ ក្រៅពីនេះ ក្រសួងក៏បានបន្តពង្រឹងការគ្រប់គ្រងសំណល់រាវ ដោយបានបញ្ឈប់ការបញ្ចេញសំណល់រាវដែលជាប្រភពបំពុលទៅក្នុងប្រភពទឹកសាធារណៈឱ្យបានត្រឹមឆ្នាំ២០២៦ និងបានដាក់ពិន័យយ៉ាងម៉ឺងម៉ាត់ចំពោះរោងចក្រ សហគ្រាសទាំងឡាយណាដែលមិនបានអនុវត្ត និងគោរពតាមបទបញ្ញាត្តិច្បាប់ ក្រមបរិស្ថាន និងធនធានធម្មជាតិ៕

