
ភ្នំពេញ៖ ករណីគ្រោះថ្នាក់ចរាចណ៍បង្កឡើងដោយបុរសជនជាតិចិនម្នាក់ស្រវឹងស្រាជោគជាំហើយបើកបរបុករះម៉ូតូសណ្តោងរ៉ឺម៉កចំនួន២គ្រឿង បណ្តាលឲ្យមនុស្សក្មេងចាស់ ប្រុសស្រីចំនួន៨នាក់ រងរបួសធ្ងន់ស្រាល ហើយក្រោយពីបង្កហេតុ អ្នកបើករថយន្ដចុះមកដេកលង់លក់បាត់ ហេតុការណ៍នេះបានកើតឡើងវេលាម៉ោង១១យប់ ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ បណ្តោយផ្លូវកាំកូ ស្ថិតក្នុងសង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែ ។
យោងតាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញម៉ូតូសណ្តោងរ៉ឺម៉កចំនួន០២គ្រឿង បើកបរឆ្លងកាត់ផ្លូវកាំកូឆ្ពោះទៅផ្លូវបុរីអង្គរ ទិសដីពីត្បូងទៅជើង ដោយក្នុងនោះ១គ្រឿងខាងមុខមានប្តីប្រពន្ធ និងកូនតូចៗ ៤នាក់ (សរុប៦នាក់)។ ចំណែកម៉ូតូសណ្តោងរ៉ឺម៉កទី២ មានមនុស្ស២នាក់ គោលបំណងទៅទិញត្រីលក់ នៅម្តុំព្រែកព្នៅ។
នៅពេលកំពុងធ្វើដំណើរលើដងផ្លូវ គេបានឃើញរថយន្ត១គ្រឿងម៉ាក TUNDRA ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2X-5799 បើកបរក្នុងទិសដៅស្របគ្នា ក្នុងល្បឿនលឿន មកដល់ចំណុចកើតហេតុ រថយន្តក៏បានបុករះម៉ូតូសណ្តោងរ៉ឺម៉កទាំង២គ្រឿង បណ្តាលឲ្យមនុស្សដែលនៅលើរ៉ឺម៉ក រងរបួសធ្ងន់ ក្នុងនោះមានក្មេងតូចម្នាក់រងរបួសធ្ងន់ត្រង់ក្បាលថែមទៀតផង។
អ្នកឃើញហេតុការណ៍បានបន្តថា បន្ទាប់ពីបុករួចរថយន្តមិនទាន់អស់ល្បឿន បានជ្រុលទៅបុករះរនាំងដែកជាច្រើនថែមទៀត និងធ្លាក់ផ្លូវ ចំណែកម្ចាស់រថយន្តចុះពីលើរថយន្តដើរបានមួយសន្ទុះធំ ក៏អង្គុយ និងដេកលក់បាត់ទៅ។ ពលរដ្ឋបានសន្និដ្ឋានថា អ្នកបើករថយន្ដបើកបរស្ថិតក្នុងស្ថានភាពស្រវឹងខ្លាំង។
ក្រោយកើតហេតុ រថយន្តសង្គ្រោះបន្ទាន់បានមកដល់ទីតាំង និងបញ្ជូនជនរងគ្រោះទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យព្រះកុសមៈ ចំណែកក្មេងតូចៗ បញ្ជូនទៅមន្ទីរពេទ្យគន្ធបុប្ផា។ ក្នុងហេតុការណ៍នេះកម្លាំងសមត្ថកិច្ចបានចុះមកវាស់វែងយករថយន្ដបង្ក និងរ៉ឺម៉កជនរងគ្រោះ ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបន្តដោះស្រាយតាមនីតិវិធីច្បាប់៕
