
ភ្នំពេញ៖ គិតចាប់ពីថ្ងៃទី២៧ ខែមិថុនា រហូតដល់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥នេះ បន្ទាប់ពីមានបទបញ្ជាដ៏ម៉ឺងម៉ាត់ របស់នាយករដ្ឋមន្ត្រីនៃកម្ពុជា កម្លាំងសមត្ថកិច្ចនៅតាមរាជធានី ខេត្ត បានបើកយុទ្ធនាការចុះបង្ក្រាបបទល្មើសឆបោកអនឡាញ «ONLINE SCAMS» យ៉ាងក្តៅគគុកនៅក្រមខ័ណ្ឌទូទាំងប្រទេស បានចុះធ្វើរដ្ឋបាល និងប្រតិបត្តិការបង្ក្រាប សរុបបាន ២០ទីតាំងផ្សេងៗគ្នា ឃាត់ខ្លួនមនុស្សជាង ១ ៣០០ នាក់ (ស្រី២២៤នាក់)។
លេខាធិការដ្ឋាននៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប) បានបង្ហាញលទ្ធផលប្រតិបត្តិការបង្ក្រាបសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ទូទាំងប្រទេសកម្ពុជា ដោយបានបញ្ជាក់ថា៖ បន្ទាប់ពីកិច្ចប្រជុំលើកទី១ របស់ គ.ប.ឆ.ប. កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ និងការដាក់បទបញ្ជារបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងការប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥, គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី-ខេត្តទាំង២៥ បានចាត់វិធានការបង្រ្កាបសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅក្នុងភូមិសាស្ត្រ រាជធានី ខេត្ត គិតចាប់ពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ ដល់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ សមត្ថកិច្ចកម្ពុជា បានចុះធ្វើរដ្ឋបាល និងប្រតិបត្តិការបង្ក្រាបសរុបបាន ២០ទីតាំង មាន៧រាជធានី ខេត្ត រួមមាន៖ រាជធានីភ្នំពេញ កណ្តាល ព្រះសីហនុ កំពង់ស្ពឺ បន្ទាយមានជ័យ ក្រចេះ និងពោធិ៍សាត់។
ក្នុងប្រតិបត្តិការដ៏ក្តៅគគុកនេះ សមត្ថកិច្ចធ្វើការឃាត់ខ្លួនជនសង្ស័យ សរុបចំនួន ១ ៣៦២ នាក់ (ស្រី២២៤នាក់) ក្នុងនោះ មានជនជាតិវៀតណាម ចំនួន ៣៤៧ នាក់ (ស្រី ៦៤នាក់), ជនជាតិឥណ្ឌូនេស៊ី ចំនួន ២៧១ នាក់ (ស្រី ៤៥), ជនជាតិចិន ចំនួន ២២៦ នាក់ (ស្រី២៣នាក់), ជនជាតិកូរ៉េ ចំនួន ៥៧ នាក់ (ស្រី០២នាក់), ជនជាតិតៃវ៉ាន់ ចំនួន ៣៧ នាក់ និងជនជាតិផ្សេងៗទៀត រួមមាន ថៃ បង់ក្លាដេស និងមីយ៉ាន់ម៉ាជាដើម។
នៅក្នុងប្រតិបត្តិការនោះដែរ សមត្ថកិច្ចដកហូតឧបករណ៍វត្ថុតាងមួយចំនួនបម្រើឱ្យបទល្មើស «Online Scams» មានដូចជាកុំព្យូទ័រលើកតុ, កុំព្យូទ័រយួរដៃ, ទូរសព្ទ, ម្សៅអេស្ដាស៊ី (ថ្នាំញៀន), អាវុធ, គ្រាប់កាំភ្លើង និងសម្ភារមួយចំនួនទៀត។ ក្រោយប្រតិបត្តិការបង្ក្រាប ទីតាំង និងជនសង្ស័យត្រូវបានអាជ្ញាធររាជធានី-ខេត្ត គ្រប់គ្រង និងបិទទីតាំងមិនឱ្យមានការចេញ-ចូល។
ចំណែកមុខសញ្ញាមេក្លោងត្រូវកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីអនុវត្តនីតិវិធី ក្នុងនោះ រាជធានីភ្នំពេញ បានបញ្ជូនមេក្លោង ចំនួន ១១នាក់ និងវត្ថុតាងទៅតុលាការ ព្រមទាំងសហការជាមួយអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីត្រៀមរៀបចំបញ្ជូនជនបរទេសទៅកាន់មណ្ឌលរង់ចាំត្រៀមបណ្ដេញចេញទៅក្រៅប្រទេស។
ដោយឡែក វត្ថុតាងរឹបអូសមួយចំនួនត្រូវបានប្រគល់ជូនតុលាការ និងមួយចំនួនទៀតស្ថិតក្រោមការគ្រប់គ្រង រក្សាទុករបស់អាជ្ញាធររាជធានី-ខេត្ត សម្រាប់បម្រើឱ្យជំនាញធ្វើការស្រាវជ្រាវបន្ត។
សូមជម្រាបថា កាលពីថ្ងៃទី១៤ ខែកក្កដា កន្លងទៅប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយរដ្ឋមន្ត្រី បានដាក់បទបញ្ជាម៉ឺងម៉ាត់បំផុតដល់សមត្ថកិច្ចថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទត្រូវសហការគ្នាបង្ក្រាបឱ្យសំបុកបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ សំដៅចូលរួមចំណែកថែរក្សា ការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។ ប្រមុខរដ្ឋាភិបាល ក៏បានព្រមានចំពោះមន្ត្រីណាដែលមិនអនុវត្តតាមបទបញ្ជា ឬមិនសហការអនុវត្ត ក្នុងរូបភាពណាមួយត្រូវដកចេញពីមុខតំណែង ប្រសិនរកឃើញមានយកលុយយកកាក់គ្មានការលើកលេងឡើយ។
សូមបញ្ជាក់ថា បន្ទាប់ពីមានបទបញ្ជានេះ មានព្រះរាជ្ញាអាជ្ញាក្រសួងយុត្តិធម៌ ០១រូប និង ព្រះរាជ្ញារងខេត្តពោធិ៍សារ ០១ រូច បានរបូតមុខតំណែង និងកំពុងប្រឈមការស៊ើបសង្កេតពីសំណាក់ក្រុមអធិការកិច្ច និងអង្គភាពប្រឆាំងអំពើពុករលួយផងដែរ៕


