2025-07-18 11:33
8

ភ្នំពេញ៖ សពបុរសម្នាក់ត្រូវបានប្រជាពលរដ្ឋដើរដកក្រអៅឈូកប្រទះឃើញលង់ទឹកស្លាប់នៅក្នុងស្រះទឹកមួយកន្លែងមានជម្រៅប្រហែលជាង១ម៉ែត្រប៉ុណ្ណោះ បង្កអោយមានការភ្ញាក់ផ្អើលនិងរាយការណ៍ជូនសមត្ថកិច្ចចុះទៅពិនិត្យនិងធ្វើកោសល្យវិច័យ។

ហេតុការណ៍នោះបានកើតឡើងកាលពីវេលាម៉ោង៤និង៣០នាទីរសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ នៅចំណុចស្រះឈូក ក្បែរទួលអង្គរោងបុណ្យភូមិកំបូល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះឈ្មោះជុន ជួន អាយុ៤៦ឆ្នាំ មុខរបរដកក្រអៅឈូកលក់ ជាបុរសពោះម៉ាយដែលបានលែងលះប្រពន្ធជិត១០ឆ្នាំមកហើយ និងស្នាក់នៅតាមផ្ទះអ្នកភូមិ ព្រមទាំងនៅតាមរោងបុណ្យ ហើយចាប់តាំងពីលែងលះប្រពន្ធរួចមក គាត់តែងតែផឹកស្រាស្រវឹងជាប្រចាំរាល់ថ្ងៃ។

ប្រភពពីកន្លែងកើតហេតុបានអោយដឹងថា នៅវេលាម៉ោងខាងលើប្រជាពលរដ្ឋបានទៅដកក្រអៅឈូក និងបេះផ្កាឈូកនៅចំណុចស្រះទឹកខាងលើ ស្រាប់តែប្រទះឃើញបុរសនោះលង់ទឹកស្លាប់បាត់ទៅហើយ ។ ពេលនោះក៏បានប្រាប់តៗគ្នាបង្កអោយមានការភ្ញាក់ផ្អើលទាំងរសៀល រួចរាយការណ៍ប្រាប់អោយនគរបាលុះទៅធ្វើកោសល្យវិច័យ ហើយសមត្ថកិច្ចបញ្ជាក់ថា បុរសនោះស្លាប់ដោយសារលង់ទឹក ។

ចំណែកស្រ្តីម្នាក់ឈ្មោះងន សុខ អាយុ៦៤ឆ្នាំ ត្រូវជាអតីតប្រពន្ធបុរសនោះបាននិយាយថា គាត់និងបុរសនោះធ្លាប់ជាប្ដីប្រពន្ធនឹងគ្នា ប៉ុន្តែដោយរស់នៅមិនចុះសម្រុងគ្នាក៏បានលែងលះគ្នាជិត១០ឆ្នាំមកហើយ ។ ដោយឡែកនៅវេលាម៉ោង១១ព្រឹកថ្ងៃកើតហេតុបានទៅជេរគាត់ដល់ផ្ទះនិងចូលងូតទឹករួចក៏ចាកចេញទៅបាត់ ស្រាប់តែមកដល់វេលាម៉ោង៤និង៣០នាទីរសៀលក៏មានគេប្រទះឃើញលង់ទឹកស្លាប់បែបនេះ ។

សមត្ថកិច្ចបានប្រាប់ថា ក្រោយពេលកើតហេតុអតីតប្រពន្ធរួមជាមួយអ្នកភូមិ លោកមេភូមិ និងអាជ្ញាធរសង្កាត់បានរួមគ្នាចាត់ចែងធ្វើបុណ្យសពនៅនឹងកន្លែងកើតហេតុនោះតែម្ដង ៕