
ឧត្តមានជ័យ៖ មេទ័ពកំពូលអួតរបស់ថៃ លោកឧត្តមសេនីយ៍ទោ ប៊ុនស៊ីម ផាតក្លាង មេបញ្ជាការភូមិភាគទី២ បានដឹកនាំក្រុមយោធារបស់ខ្លួន ប្រមាណជិត ៣០នាក់ ស្ថិតក្នុងឯកសណ្ឋានប្រយុទ្ធ (ប៉ារ៉ាថៃ) ចូលមកទស្សនាលើប្រាសាទតាមាន់ធំ រយៈពេលប្រហែល ២០នាទី ក៏វិលត្រឡប់ទៅកាន់ទឹកដីរបស់ខ្លួនវិញ។
តាមសេចក្តីរាយការណ៍បានឱ្យដឹងថា នៅវេលាម៉ោងជាង ១២ថ្ងៃត្រង់ ថ្ងៃព្រហស្សតិ៍ ទី១៧ ខែកក្កដា ឆ្នាំ២០២៥ នេះ ឧត្តមសេនីយ៍ទោ ប៊ុនស៊ីម ផាតក្លាង មេបញ្ជាការភូមិភាគទី២ និងកូនទាហានរបស់លោកស្លៀកពាក់ឯកសណ្ឋានប៉ារ៉ា ធ្វើដំណើរមកពីខេត្តនគររាជសីមា ប្រទេសថៃ ចំនួន ២៥នាក់ បានចូលមកទស្សនាប្រាសាទតាមាន់ធំ រយៈពេល២០នាទីទើបត្រឡប់ទៅវិញ។
ការចូលមកទស្សនារបស់មេទ័ពថៃនេះ នៅប្រាសាទរបស់ខ្មែរ ក្នុងសភាពស្ងៀមស្ងាត់ មិនមានអ្វីគួរឱ្យកត់សម្គាល់ឡើយ។ ក្រោយដើរទស្សនារួចក៏នាំគ្នាចុះពីប្រាសាទវិលទៅទឹកដីរបស់ខ្លួនវិញ៕

