
ខេត្តពោធិ៍សាត់: ថ្នាក់ដឹកនាំក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជាមួយអាជ្ញាធរខេត្តពោធិ៍សាត់ បានចុះទៅសំណេះសំណាលជាមួយយុវជន និងប្រជាពលករ ក្នុងស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ដើម្បីបង្ហាញពីក្តីរំពឹងធំបំផុតរបស់រដ្ឋាភិបាលចំពោះបញ្ហាការងារ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ កិច្ចសំណេះសំណាលនេះមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង និងលោក ហេង សុភាណា អភិបាលរងខេត្ត តំណាងលោកខូយ រីដា អភិបាលខេត្តពោធិ៍សាត់ អាជ្ញាធរមូលដ្ឋានផងដែរ ដោយមានការចូលរួមប្រមាណជាង៤០០នាក់។ ពិធីនេះធ្វើឡើងនៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ នៅនៅគណបក្សប្រជាជនកម្ពុជាស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។
ជាកិច្ចចាប់ផ្ដើមក្នុងកម្មវិធីនេះលោក ណារ៉ា ចំរើន អភិបាលស្រុកកណ្តៀង បានឡើងអានរបាយរណ៍ថា អត្តសញ្ញាណកម្ម របស់មន្ទីរផែនការខេត្ត ឆ្នាំ២០២៥ ទាំង៩ឃុំ ក្នុងស្រុកកណ្តៀង មានចំនួន១៩,៨៤៤គ្រួសារ ក្នុងនោះគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ចំនួន៦,៥៥៧គ្រួសារ ប្រភេទ(ក្រ១) និង(ក្រ២) ចំនួន៤,២៣៨គ្រួសារ និងងាយរងហានិភ័យ២,៣១៩គ្រួសារ។ គិតមកដល់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥នេះ នៅក្នុងស្រុកកណ្តៀង មានបងប្អូនពលករមកពីក្រៅប្រទេស ចំនួន៤០៤នាក់ ស្រី១៩០នាក់ ក្នុងនោះមកពីប្រទេសថៃ៣៩៣នាក់ ស្រី១៨៣នាក់, មកពីប្រទេសកូរ៉េ០៥នាក់ ស្រី៤នាក់, មកពីប្រទេសចិន០១នាក់ និងមកពីប្រទេសជប៉ុន០២នាក់។
លោក ហេង សុភាណា បានជំរុញដល់យុវជន និងប្រជាពលករឱ្យមានភាពជឿជាក់លើសមត្ថភាពរបស់ខ្លួន កុំខ្លាចការលំបាកក្នុងការស្វែងរកការងារ។ អាជ្ញាធរមូលដ្ឋាន និងក្រសួងជាតិកំពុងពង្រឹងការសហការជាមួយវិស័យឯកជន និងក្រុមហ៊ុនសហគ្រាស ដើម្បីបង្កើតឱកាសការងារថ្មីៗ និងសមស្របទៅតាមតម្រូវការទីផ្សារកម្លាំងពលកម្ម។ការជំរុញឱ្យយុវជនទទួលបានការបណ្ដុះបណ្ដាលវិជ្ជាជីវៈតាមឧបសម្ព័ន្ធផ្សេងៗ ដើម្បីបង្កើនសមត្ថភាព និងឱកាសរកការងារបានល្អប្រសើរឡើង។ តាមរយៈវេទិកានេះ បងប្អូនប្រជាពលករអាចបញ្ជាក់នូវបញ្ហាប្រឈម និងតម្រូវការរបស់ខ្លួន ដើម្បីឱ្យរដ្ឋអាចបង្កើតយុទ្ធសាស្ត្រនានាដែលឆ្លើយតបទៅនឹងជីវភាពពិតប្រាកដ។
លោក ឡេង សែ រដ្ឋលេខាធិការ តំណាងលោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា:បន្ទាប់ពីព្រឹត្តិការណ៍នៃការផ្ទុះអាវុធរវាងភាគីថៃ និងកម្ពុជានាថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ដែលបណ្តាលឱ្យ ទាហានខ្មែរ ១នាក់ បានពលីជីវិត ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសង្កេតឃើញថាស្ថានភាពនៅតាម ខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ បាននិងកំពុងវិវត្តកាន់តែស្មុគស្មាញ ពិបាកប៉ាន់ស្មាន និងមានភាពផុយស្រួយ ដែលអាច ឈានដល់ការប្រឈមដាក់គ្នាផ្នែកកម្លាំងប្រដាប់អាវុធ។ ជាក់ស្តែង ចាប់ពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៥ ភាគីថៃបាន បិទ ឬផ្លាស់ប្តូរពេលវេលាចេញ-ចូលឆ្លងកាត់ព្រំដែន នៅតាមទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនមួយចំនួនជា ឯកតោភាគី ដោយមិនបានជូនដំណឹងផ្លូវការជាមុនមកភាគីកម្ពុជា។ ស្ថានការណ៍នេះបានបង្កឱ្យមានក្រុមជ្រុលនិយម នៅប្រទេសថៃបង្កើនការផ្សព្វផ្សាយ និងបំផុសឱ្យមានការរើសអើង មាក់ងាយ និងបំភិតបំភ័យមកលើបងប្អូនពលករ ខ្មែរនៅតាមកន្លែងធ្វើការ ព្រមទាំងមានការប្រើពាក្យព្រមានបញ្ជូនពលករខ្មែរទាំងស្របច្បាប់ និងមិនស្របច្បាប់ឱ្យត្រ ឡប់មកកម្ពុជាវិញ។ ឆ្លងតាមបទពិសោធន៍និងព្រឹត្តិការណ៍ ដែលធ្លាប់កើតមានឡើងកន្លងមកពាក់ព័ន្ធនឹងភាព តានតឹងនៅតំបន់ ព្រំដែនកម្ពុជា-ថៃ យើងអាចវាយតម្លៃបានថា ព្រឹត្តិការណ៍នៃការវិលត្រឡប់របស់ពលករខ្មែមក ប្រទេសកម្ពុជាវិញអាចមានលទ្ធភាពខ្ពស់នឹងកើតមានឡើង ក្នុងន័យនេះ កម្ពុជាត្រូវមានភាពបុរេសកម្ម ក្នុងវាយតម្លៃ ទៅលើស្ថានភាពពលករកម្ពុជាកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ ព្រមទាំងធ្វើការបានស្មានទៅលើចំនួនដែល ពលករខ្មែរដែលនឹងអាចត្រឡប់មកវិញទៅតាមច្រកព្រំដែន ដើម្បីសម្របសម្រួលដល់ពួកគាត់ក្នុងការវិលត្រឡប់ទៅ កាន់ស្រុកកំណើតវិញ ព្រមទាំងផ្តល់ការអន្តរាគមន៍ភ្លាមៗនៅព្រំដែន និងពេលគាត់វិលត្រឡប់ដល់ស្រុកកំណើត។
ឆ្លើយតបនឹងស្ថានភាពខាងលើ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដាក់ចេញនូវយុទ្ធនាការភ្លាម ៗ ដោយសារចាត់បញ្ជូនមន្ត្រី និង មជ្ឈមណ្ឌលការងារចល័ត ក្នុងការចុះទៅ ជួយសម្របសម្រួល ចុះឈ្មោះរកការងារ និងផ្សព្វផ្សាយឱកាសការងារ ដល់ពលករដែលវិលត្រលប់ពីប្រទេសថៃ។ ជំហ៊ានបន្ទាប់ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នឹងរៀបចំវេទិកាការងារ សម្រាប់ពលករដែលចង់ស្វែងរកការងារក្នុងស្រុក ក្នុង គោលបំណង ផ្សព្វផ្សាយឱកាសការងារ ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងជាឱកាសក្នុងការ សម្ភាសការងារភ្លាមៗ ជាមួយនិយោជក ដែលមកពីសហគ្រាស គ្រឹះស្ថាន ដែលមានតម្រូវការកម្លាំងពលកម្ម៕ លាន គ្រន
