2025-07-17 13:18
19

ភ្នំពេញ៖ លទ្ធផលរយៈពេល ៦ខែ ឆ្នាំ២០២៥ នៃការអនុវត្តយុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ, តុលាការគ្រប់ជាន់ថ្នាក់ទូទាំងប្រទេសបានចាត់ការសំណុំរឿងព្រហ្មទណ្ឌ និងរដ្ឋប្បវេណី បានចំនួន ៨១ ០៣៥ ស្មើនឹង ៦៣,៥៥% នៃសំណុំរឿងសរុបចំនួន ១២៧ ៥១៣។ នេះយោងតាមសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យក្រសួងយុត្តិធម៌។

គិតចាប់ពីថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤ រហូតដល់ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៥ គឺមានរយៈពេល ១ឆ្នាំ ៦ខែ ដែលក្រសួងយុត្តិធម៌ បានអនុវត្តយុទ្ធនាការ ចំនួន ២ ព្រមពេលជាមួយគ្នា នៅក្នុងក្របខ័ណ្ឌនៃការងារកែទម្រង់ ប្រព័ន្ធយុត្តិធម៌កម្ពុជា សំដៅពង្រឹង និងលើកកម្ពស់សេវាយុត្តិធម៌ និងគុណភាពនៃយុត្តិធម៌ ដែលក្នុងនោះ រួមមាន៖ «យុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ» និង «យុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ»។ 

កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥  លោកឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានគណៈបញ្ជាការដឹកនាំយុទ្ធនាការ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលរយៈពេល ៦ខែ ឆ្នាំ២០២៥ នៃការអនុវត្តយុទ្ធនាការទាំង ២ ខាងលើ ដោយកិច្ចប្រជុំនេះមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ នៃសាលាជម្រះក្តី និងអង្គការអយ្យការអមសាលាជម្រះក្តីទូទាំងប្រទេស។ 

អ្នកនាំពាក្យក្រសួងយុត្តិធម៌ ក្នុងរយៈពេល ៦ខែ ឆ្នាំ២០២៥ កន្លងមកនេះ, តុលាការគ្រប់ជាន់ថ្នាក់ទូទាំងប្រទេសបានចាត់ការសំណុំរឿង ទាំងរឿងព្រហ្មទណ្ឌ ទាំងរឿងរដ្ឋប្បវេណី បានចំនួន ៨១ ០៣៥ ស្មើនឹង ៦៣,៥៥% នៃសំណុំរឿងសរុប ចំនួន ១២៧ ៥១៣។ នៅក្នុងចំណោមសំណុំរឿងសរុបនេះ, រួមមាន៖ សំណុំរឿងព្រហ្មទណ្ឌ ចំនួន ៦៤ ០៦៩ តុលាការគ្រប់ជាន់ថ្នាក់ចាត់ការបានចំនួន ៤២ ០៦៤ ស្មើនឹង ៦៥,៦៥% និងសំណុំរឿងរដ្ឋប្បវេណី ចំនួន ៦៣ ៤៤៤ តុលាការគ្រប់ជាន់ថ្នាក់ចាត់ការ បានចំនួន ៣៨ ៩៧១ ស្មើនឹង ៦១,៤៣%។

គណៈបញ្ជាការដឹកនាំយុទ្ធនាការ បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផល ដែលសម្រេចបាននេះ ដែលជាការបង្ហាញពីការយកចិត្តទុកដាក់ ប្រកបដោយការទទួលខុសត្រូវខ្ពស់របស់ តុលាការគ្រប់ជាន់ថ្នាក់ទូទាំងប្រទេស ក្នុងការដោះស្រាយរឿងក្តីបានឆាប់រហ័សជូនប្រជាពលរដ្ឋ។

គិតចាប់តាំងពីពេលប្រកាសបើកយុទ្ធនាការ គណៈបញ្ជាការដឹកនាំយុទ្ធនាការបានច្រកការ៉ុង ទទួលពាក្យបណ្ដឹងពីប្រជាពលរដ្ឋទាំងអស់ ដែលយល់ឃើញថា ចំណាត់ការរបស់តុលាការលើសំណុំរឿងរបស់ខ្លួនមានភាពមិនប្រក្រតី។ ក្នុងរយៈពេល ៦ខែ កន្លងទៅនេះ ប្រជាពលរដ្ឋបានដាក់ពាក្យបណ្ដឹងមកកាន់ លេខាធិការដ្ឋាននៃគណៈបញ្ជាការដឹកនាំយុទ្ធនាការ ចំនួន ៨៤០ បណ្ដឹង។ ក្នុងករណីស្នើសុំជំរុញ និងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ មានចំនួន ៣៦៧ ករណី ស្មើនឹង ៤៣,៦៩% ហើយតុលាការបានដោះស្រាយចប់សព្វគ្រប់បាន ៩៨,៣៧% និងករណីស្នើសុំឱ្យមានការត្រួតពិនិត្យអំពីភាពមិនប្រក្រតី មានចំនួន ៤៧៣ ករណី ស្មើនឹង ៥៦,៣១% (តម្កល់ឥតចាត់ការ ០៤ ករណី, ម្ចាស់បណ្ដឹងដកពាក្យបណ្តឹង ១៦ ករណី ដូច្នេះ នៅសល់ ៤៥៣ ករណី ដែលត្រូវចាត់ការ) ហើយគណៈកម្មការដឹកនាំ និងអនុវត្តយុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ ចាត់ការបានចំនួន ៣៩៧ ករណី ស្មើនឹង ៨៣,៩៣%។ 

ក្នុងចំណោមសំណុំរឿងដែលបានចាត់ការរួចត្រូវបានរកឃើញថាពុំមានភាពមិនប្រក្រតី ចំនួន ៣៧៤ ករណី ស្មើនឹង ៩៤,២១% (មានការកើនឡើង បើធៀបនឹងឆ្នាំ២០២៤កន្លងទៅ ដែលមានត្រឹម ៩២,៤៣%) ក្នុងនោះ តុលាការសម្រេចដោយមានសំអាងហេតុ និងសំអាងច្បាប់ត្រឹមត្រូវ និងច្បាស់លាស់ ចំនួន ១៣៦ ករណី ស្មើនឹង ៣៤,២៦%, សំណុំរឿងដែលកំពុងស្ថិតក្នុងចំណាត់ការរបស់តុលាការ ហើយម្ចាស់បណ្ដឹង គ្រាន់តែបារម្ភថាអាចមានភាពមិនប្រក្រតី ចំនួន ២៣៧ ករណី ស្មើនឹង ៥៩,៧០% និងករណីគូភាគីបានយល់ព្រមសម្រុះសម្រួលគ្នាចំនួន ១ ករណី ស្មើនឹង ០,២៥%។

ក្នុងនោះមានតម្រុយសង្ស័យថាអាចមានភាពមិនប្រក្រតី ចំនួន ២៣ ករណី ស្មើនឹង ៥,៧៩% (មានការថយចុះ បើធៀបនឹងឆ្នាំ២០២៤ កន្លងទៅ ដែលមាន ៦,៧២%) ក្នុងនោះ បានចាត់ឱ្យមានការចុះធ្វើអធិការកិច្ច ចំនួន ១៤ ករណី ស្មើនឹង ៣,៥៣%, ភាគីអាចស្នើសុំឱ្យមាន ការជំនុំជម្រះសាជាថ្មី ចំនួន ០២ ករណី ស្មើនឹង ០,៥០%, ធ្វើអធិបញ្ជាឱ្យចោទប្រកាន់ ចំនួន ០៦ ករណី ស្មើនឹង ១,៥១% និង ផ្ទេរសមត្ថកិច្ច ចំនួន ០១ ករណី ស្មើនឹង ០,២៥%។ រីឯសំណុំរឿងនៅសល់ និងកំពុងចាត់ការដោយគណៈបញ្ជាការដឹកនាំយុទ្ធនាការ មានចំនួន ៧៣ ករណី ស្មើនឹង ១៦,១១%។ក្នុងក្របខ័ណ្ឌនៃយុទ្ធនាការ, លេខាធិការដ្ឋាននៃគណៈបញ្ជាការដឹកនាំយុទ្ធនាការ ក៏បានធ្វើការសម្របសម្រួលផ្តល់មេធាវីស្ម័គ្រចិត្ត ដែលជាទីប្រឹក្សាក្រសួងយុត្តិធម៌ ចំនួន ៦២ រូប ដើម្បីជួយការពារក្តី ដោយឥតគិតថ្លៃ ដល់ប្រជាពលរដ្ឋដែលបានដាក់ពាក្យស្នើសុំមកយុទ្ធនាការ។ ចំពោះសំណុំរឿងអាទិភាពទាំង ៤ ដែលរួមមាន៖ សំណុំរឿងអត្រានុកូលដ្ឋាន, សំណុំរឿងចរាចរណ៍, សំណុំរឿងគ្រឿងញៀន និងសំណុំរឿងក្មេងទំនើង, សាលាជម្រះក្តី និងអង្គការអយ្យការអម សាលាជម្រះក្តី បានចាត់ការ និងទទួលបានលទ្ធផលប្រសើរ៕