2025-07-15 13:15
77

បន្ទាយមានជ័យ៖ បុរសដៃស្អិតម្នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ កសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ដើម្បីអនុវត្តតាមនិតិវិធីច្បាប់ ពាក់ព័ន្ធករណី លួចមានស្ថានទម្ងន់ទោស (ឆក់) នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ នេះ។

ប្រភពបានឱ្យដឹងថា ជនសង្ស័យមានឈ្មោះ ភួង សុខហាង ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិទួលពង្រ សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានធ្វើសកម្មឆក់ខ្សែកពីជនរងគ្រោះ នៅវេលាម៉ោងប្រហែល ២១និង៤០នាទី ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥ កន្លងទៅ ហើយត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ប្រតិបត្តិការឃាត់ខ្លួនភ្លាមៗក្រោយពេលកើតហេតុ។

ចំណែកជនរងគ្រោះក្នុងករណីនេះ មានឈ្មោះ គុំ ធៀន ភេទស្រី អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួលក្នុងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។ នាងត្រូវបានជនសង្ស័យឆក់ខ្សែក ខណៈពេលកំពុងឈរលេងជាមួយនឹងកូនស្រី នៅចំណុច មុខបុរីមានជ័យ ស្ថិតក្នុងភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានឱ្យដឹងថា ក្រោយឃាត់ខ្លួន និងសួរនាំរួចជនសង្ស័យបានឆ្លើយសារភាពថា «ខ្លួនពិតជាបានធ្វើសកម្មភាពឆក់ខ្សែករបស់ជនរងគ្រោះពិតប្រាកដមែន»។ ដោយផ្នែកតាមចម្លើយសារភាព និងវត្ថុតាងជាក់ស្តែង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងកសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។

លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តផងដែរ។ 

បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីអនុវត្តតាមនីតិវិធី រីឯវត្ថុតាងត្រូវបានប្រគល់ជូនជនរងគ្រោះវិញ៕