2025-07-10 11:03
17

កំពង់ស្ពឺ៖ មន្ត្រីនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី បានគប់គិតជាមមេភូមិ និងអនុភូមិអូរនាងហ៊ីង ធ្វើសកម្មភាពរំលោភកាន់ទន្ទ្រាន រុករាន និងឈូសឆាយដីព្រៃរបស់រដ្ឋជាឡូត៍ៗបែងចែកចែក និងលក់យកលុយយ៉ាងអនាធិបតរយ្យ ប៉ុន្តែអាជ្ញាធររខេត្តកំពង់ស្ពឺ គ្មានវិធានការទប់ស្កាត់ ឬបង្ក្រាបនោះឡើយ។

តាមប្រភពព័ត៌មាន បានបង្ហើបឱ្យដឹងថា លោក ង៉ូវ ចេងហុង អនុប្រធានការិយាល័យសំណង់ និងសុរិយោដីខេត្តកំពង់ស្ពឺ បានគប់គិតជាមួយ មេភូមិ និងអនុភូមិអូរនាងហ៊ីង ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ កំពុងកាត់ឆ្វៀលដីរបស់រដ្ឋជើងភ្នំអញ្ញាសេះ ជិតវត្តសេះស បែងចែងឱ្យបក្ខពួកប្រហែល ១០០ ឡូត៍ ដោយក្នុងមួយឡូត៍ក្បាល ១០ម៉ែត្រ, ២០ម៉ែត្រ…បណ្តាល់រហូតដល់ភ្នំ។

ប្រភពបានបន្តទៀតថា ការឈរបែងចែកដីព្រៃរបស់រដ្ឋនេះ គឺមេភូមិ និងលោកអនុភូមិចែកផ្ទាល់ និងលោក ង៉ូវ ចេងហុង មន្ត្រីនៃមន្ទីរដែនដីខេត្តកំពង់ស្ពឺ ជាអ្នកនៅក្រោយបោះមេរឿងនេះ ហើយប្រជាពលរដ្ឋជាង ៧០% ដែលទទួលបានដីព្រៃនេះ ជាអ្នកមុខមាត់ និងជារកស៊ី ក្នុងខេត្តកំពង់ស្ពឺ មិនមែនប្រជាពលរដ្ឋ ដែលរស់នៅភូមិ-ឃុំស្ថិតក្នុងទីតាំងដីនោះទេ។ 

កម្មករស៊ីឈ្នួលជីកដីបោះបង្គោលព្រំរបងព្រំដីដែលគេបែងចែកគ្នានោះ បាននិយាយថា «ការឈួសឆាយជីកធ្វើរបងបោះបង្គោល ហ៊ុព័ទ្ធដីជើងភ្នំអញ្ញាសេះនេះមានរយៈពេលជាង១ខែកន្លងមកហើយ គឺគេបែងចែកគ្នាខ្លះទទឹង ១០ ម៉ែត្រជម្រៅទល់ភ្នំ អ្នកខ្លះបានទទឹង ១៥ ម៉ែត្រ ជម្រៅទល់ភ្នំ អ្នកខ្លះទៀតទទួលបានទទឹង ២០ ម៉ែត្រ ទល់ជើងភ្នំដូចគ្នា ចំណែកពួកគាត់ជាអ្នកស៊ីឈ្នួលជីកដីធ្វើរបងឱ្យប៉ុណ្ណោះ»។

ពេលអ្នកកាសែតសួរនាំលោកមេភូមិ និងអនុភូមិអូរនាងហ៊ី នៅទីតាំងកំពុងបែងចែកដីព្រៃនោះ លោកមិនបានសុំច្បាប់ ឬគោលការណ៍ពីថ្នាក់លើឡើយ ព្រោះដីនេះ គឺជាដីកម្មសិទ្ធិរបស់លោកជំទាវ ងួន គន្ធា បានអនុញ្ញាតឱ្យធ្វើការចែកជូនប្រជាជនក្រីក្រពិតប្រាកដ។ 

ពាក់ព័ន្ធការចោទប្រកាន់ថា លោក ង៉ូវ ចេងហុង មន្ត្រីនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ស្ពឺ គឺជាខ្នងបង្អែកនៅពីក្រោយការរំលោភ ទន្ទ្រានកាន់កាប់ រុករាន និងឈូសឆាយបែងចែកដីជាឡូត៍ៗចែកគ្នានោះ បណ្តាញសារព័ត៌មាន អឹម ជេស ជេ បានទូរសព្ទទៅលោក ង៉ូវ ចេងហុង ដើម្បីសុំការបំភ្លឺ ប៉ុន្តែអ្នកទទួលទូរសព្ទប្រាប់ថា «ច្រឡំលេខហើងមិនមែនជាលោក ង៉ូវ ចេងហុងទេ រួចក៏បិទទូរសព្ទបាត់»។

ចំណែកលោក ម៉ុត ភន អភិបាលស្រុកសំរោងទង មិនសុំការបំភ្លឺបានទេ ព្រោះទូរសព្ទចូលហើយគ្មានអ្នកជាទទួល និងតាមប្រព័ន្ធតេឡេក្រាមចូលមើលសំណួរហើយ មិនឆ្លើយតបដូចគ្នា។

ដោយឡែកអភិបាលខេត្តកំពង់ស្ពឺ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ ក្រុមការងារ អឹម អេស ជេ បានហៅទូរសព្ទ ដើម្បីសុំការបងស្រាយជុំវិញករណីមានមន្ត្រីសុរិយោដី ឈ្មោះ ហុង នៅពីក្រោយការបែកចែកដីព្រៃរបស់រដ្ឋយ៉ាងអនាធិបតេយ្យនេះ ចូលហើយគ្មានអ្នកទទួល និងតាមប្រព័ន្ធតេឡេក្រាមលោកអភិបាលខេត្តចូលមើលហើយគ្មានការបកស្រាយដូចគ្នា។

អាស្រ័យដូចបានជម្រាបជូនខាងលើនេះ គួរណាស់លោកអភិបាលខេត្តកំពង់ស្ពឺ ដែលជាប្រធានគណៈកម្មការគ្រប់គ្រងដីរដ្ឋចាត់មន្ត្រីជំនាញឱ្យចុះត្រួតពិនិត្យ សិក្សា និងស្រាវជ្រាវអ្នកពាក់ព័ន្ធក្នុងករណីនេះ ដើម្បីអនុវត្តតាមផ្លូវច្បាប់ចំពោះបុគ្គលខិលខួច បានយកតួនាទី និងអំណាចទៅប្រព្រឹត្តផ្ទុយនឹងច្បាប់បែបនេះ៕