2025-07-08 14:05
12

ភ្នំពេញ៖ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានបញ្ជាក់ថា៖ «ក្រសួងមុខងារសាធារណៈ បានរកឃើញប្រាក់បៀវត្សដែលបើកលើសទាំងក្រសួង ស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ប្រមាណ ៤៣ ពាន់លានរៀល ស្មើនឹងប្រមាណ ១០ លានដុល្លារអាមេរិក»។ 

នេះបើយោងសេចក្តីជូនដំណឹង ស្តីពី លទ្ធផលនៃកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ (ក.ជ.ប.ព.) អាណត្តិទី៣ លើកទី៤៨ ដែលអង្គភាព អឹម អេស ជេ ទទួលបាននារសៀលថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៥នេះ។

ប្រាក់បៀវត្សបើកលើសនេះ មកពីពេលបើកប្រាក់បៀវត្សពេលស្ថិតនៅក្នុងភាពទំនេរគ្មានបៀវត្ស, ការចូលនិវត្តន៍មុនកាលកំណត់, ការលុបឈ្មោះដោយមរណភាព, ការបញ្ចប់មុខតំណែង, ការលាឈប់ពីក្របខណ្ឌ, មន្ត្រីជាប់កិច្ចសន្យាទើបប្រឡងជាប់ក្របខណ្ឌរដ្ឋ និងការទទួលប្រាក់បៀវត្សរដ្ឋ២កន្លែង។

ចំពោះការបង្វែរប្រាក់បៀវត្សដែលបានបើកលើសក្នុងឆ្នាំ២០២២-២០២៣ និង ២០២៤ ដែលត្រូវបង្វែរចូលថវិការដ្ឋវិញ ក្រសួងមុខងារសាធារណៈ បានរកឃើញ បានបង្វែរ និងជំរុញធ្វើការបង្វែរពីក្រសួង ស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ប្រាក់រកឃើញសរុប ជាង ៤៣ ពាន់លានរៀល និងបានបង្វិលចូលរដ្ឋវិញ ជិត ៣៧ ពាន់លានរៀល និងនៅសល់មិនទាន់បង្វិល ជាង ៦ ពាន់លានរៀលទៀត៕