2025-07-08 13:46
11

ភ្នំពេញ៖ បុរសម្នាក់ ជាមេខ្លោងយ៉ាងសកម្ម និងមានជំនាញខាងបង្កើតគណនីហ្វេសប៊ុកក្លែងក្លាយ ដើរតួជាបុរសសង្ហា ហឺហា ឡូយឆាយ និងមានទ្រព្យសម្បត្តិស្តុកស្តម ដើម្បីឆបោកនារីៗជាច្រើននាក់ ដោយប្រើវិធីសាស្ត្រលួងលោមមនោសញ្ចេតនាស្នេហា។

នៅរសៀលថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៥ នេះ កម្លាំងជំនាញនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឱ្យដឹងថា ជនសង្ស័យម្នាក់ មានឈ្មោះ ច.ដ ភេទប្រុស អាយុ ២៨ឆ្នាំ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនតាមដីកាបង្គាប់ឲ្យនាំខ្លួន របស់ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ ដើម្បីយកមកចាត់វិធានការតាមផ្លូវច្បាប់ ពាក់ព័ន្ធក្លែងខ្លួនជាប្រុសស្អាតដើរឆបោកនារីៗជាច្រើននាក់។

ការចាប់ខ្លួនជនសង្ស័យយោងតាមបញ្ជាដឹកនាំ របស់នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងតាមការចង្អុលណែនាំពី ឧត្ដមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិ នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៥ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបើកការស្រាវជ្រាវ ករណីឆបោកក្រោមរូបភាពលួងលោមមនោសញ្ចេតនាស្នេហាតាមអនឡាញ។ 

ករណីនេះជនសង្ស័យបានបង្កើតគណនីហ្វេសប៊ុក «ក្លែងក្លាយ» និងបានយករូបភាពពីគណនីអ្នកដទៃមកធ្វើជារូបភាពរបស់ខ្លួន និងតែងតែបង្អួតភាពហ៊ឺហារ ដើម្បីទាក់ទាញអ្នកប្រើប្រាស់តាមបណ្ដាញសង្គម ហើយកន្លងមកមាននារីរងគ្រោះជាច្រើនតែងតែចាញ់បោកល្បិចរបស់ជនសង្ស័យរូបនេះ។ តាមប្រភពបានឱ្យដឹងទៀតថា ដោយដំបូងឡើយជនសង្ស័យបានបង្ហោះជារូបភាពមានទ្រព្យសម្បត្តិហ៊ឺហារ មានមុខរបរជាអ្នកជំនួញ និងពេលខ្លះជាមន្ត្រីរាជការមានឥទ្ធិពលថែមទៀតផង។ 

បន្ទាប់ពីទាក់ទងជនរងគ្រោះដល់ដំណាក់កាលជនរងគ្រោះទុកចិត្តហើយ ជនសង្ស័យបានក្លែងធ្វើជាជួបបញ្ហាក្នុងមុខរបររកស៊ីរបស់គេ ដូចជាគយចាប់ទំនិញ ឬមានបញ្ហានៅកន្លែងធ្វើការ...។ល។ ដែលជនសង្ស័យត្រូវការជំនួយហិរញ្ញវត្ថុជាបន្ទាន់ ដើម្បីដោះស្រាយ ហើយលួងលោមឲ្យជនរងគ្រោះទាំងនោះផ្ទេរប្រាក់មកខ្លួនជាច្រើនម៉ឺនសែនដុល្លារឱ្យខ្លួន។ 

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា តែងតែក្រើនរំលឹក និងផ្សព្វផ្សាយ ដល់អ្នកប្រើប្រាស់តាមបណ្ដាញទំនាក់ទំនងសង្គមទាំងឡាយ សូមពិនិត្យឱ្យបានច្បាស់លាស់ មុននឹងជឿជាក់លើព័ត៌មានបុគ្គលតាមបណ្ដាញសង្គម ព្រោះវាអាចធ្លាក់ចូលក្នុងអន្ទាក់ដែលនាំឲ្យខាត់បង់ផលប្រយោជន៍នានាក្នុងប្រការណាមួយ។

បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចជំនាញកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់៕