2025-07-08 13:50
12

បាត់ដំបង % យោងតាមសេចក្តីបំភ្លឺព័ត៌មាន របស់ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង សូមជម្រាបជូនសាធារណជនអ្នកសារព័ត៌មានបងប្អូនអ្នកប្រើប្រាស់បណ្តាញសង្គមជ្រាបថា កាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៥ មានគណនីហ្វេសប៊ុកឈ្មោះ Roeun Sineth បានបង្ហោះខ្លឹមសារទាក់ទងនឹងករណីគ្រោះថ្នាក់ចរាចរណ៍ និងស្នើសុំការជួយអន្តរាគមន៍ពីឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌។ 

ករណីនេះសូមធ្វើការបំភ្លឺជូនថាកាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥វេលាម៉ោង ១៨:៤០នាទី លើផ្លូវជាតិលេខ៥ចន្លោះគីឡូម៉ែត្រលេខ ៣២៤-៣២៥នៅត្រង់ចំណុចក្រុមទី០៥ ភូមិជ្រោយស្តៅ ឃុំជ្រោយស្មៅ ស្រុក ថ្មគោល ខេត្តបាត់ដំបង មានគ្រោះថ្នាក់ចរាចរណ៍មួយរវាង រថយន្ត Pick up មួយគ្រឿងម៉ាក TOYOTA HILLUX ស៊េរីឆ្នាំ២០២៣ ពណ៌ស ពាក់ផ្លាកលេខ កម្ពុជា RS1-6188 អ្នកបើកបរ ឈ្មោះ រឺ ស្រីអ៊ុន ភេទស្រី អាយុ ២៦ឆ្នាំ មានទី លំនៅបច្ចុប្បន្នភូមិថ្មី សង្កាត់សំរោង ក្រុងសេរីសោភ័ណ ខេត្តបន្ទាយ មានជ័យ ធ្វើដំណើរពីទិសខាងជើងឆ្ពោះទៅទិសខាងត្បូង លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានកង់អាគុយ មួយគ្រឿង ពណ៌ស ខ្មៅ អ្នកបញ្ជាកង់ឈ្មោះ សយ សុឡេង ភេទស្រី អាយុ ៦៩ឆ្នាំ (ស្លាប់នៅហ្នឹងកន្លែងកើតហេតុ)និងអ្នករួមដំណើរចំនួន ០៣នាក់រងរបួស៖
១-ឈ្មោះ ឆៃយ៉ា លីសា ភេទស្រី អាយុ ០៦ឆ្នាំ (របួសធ្ងន់)
២-ឈ្មោះ វៀង វឌ្ឍនា ភេទប្រុស អាយុ ០៥ឆ្នាំ (របួសធ្ងន់)
៣-ឈ្មោះ រឿន ភារុន ភេទប្រុស អាយុ ០៤ឆ្នាំ (របួសធ្ងន់)

អ្នកទាំងបួនមានទីលំនៅបច្ចុប្បន្នភូមិជ្រោយស្មៅ ឃុំជ្រោយស្មៅ ស្រុកថ្មគោល ខេត្តបាត់ដំបង ធ្វើដំណើរឆ្លងផ្លូវពីទិសខាងលិចឆ្ពោះទៅទិសខាងកើតក៏បណ្តាលឱ្យរថយន្ត Pick up បុកចំពេញតែម្តង ។

នៅក្រោយកេីតហេតុនគរបាស្រុកបានកសាងសំណុំរឿងរួមទាំងមធ្យោបាយបញ្ជូនមកការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ។ 

ក្នុងឧប្បត្តិហេតុនេះ ភាគីខាងម្ចាស់រថយន្ត បានចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារជនរងគ្រោះនូវថវិកាមួយចំនួនទាំងក្នុងពិធីបុណ្យសព និងព្យាបាលរបួសស្នាម។

នៅការិយាល័យជំនាញនេះ មន្រ្តីបានកោះអញ្ជើញតំណាងភាគីទាំងសងខាងមកធ្វើការសម្របសម្រួលដោះ ស្រាយចំនួន០២លើករួចមកហើយ ក៏ប៉ុន្តែមិនអាចរកចំណុច រួមបាន នោះទេគឺលើកទី០១នៅថ្ងៃទី៣០ខែ មិថុនា ឆ្នាំ២០២៥ និងលើកទី០២ នៅថ្ងៃទី០៧ ខែ កក្កដា ឆ្នាំ២០២៥។

ពេលនេះសមត្ថកិច្ចនឹងរៀបបញ្ជូនសំណុំរឿងទៅកាន់អយ្យការអមសា លាដំបូងខេត្តបាត់ដំបង ដើម្បីជាសមត្ថកិច្ចបន្ត។
ដូចបានជម្រាបជូនខាងលើ សូមសាធារណជនអ្នកសារព័ត៌មាននិងអ្នកប្រើប្រាស់បណ្តាញសង្គមជ្រាបជាព័ត៌មាន៕