
វ៉ាស៊ីនតោន៖ តាមការចេញផ្សាយដោយ រ៉យទ័រ នៅថ្ងៃទី៨ កក្កដា នេះ បានឲ្យដឹងថា កាលពីថ្ងៃទី៧ ខែកក្កដា ម្សិលមិញ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា សហរដ្ឋអាមេរិកនឹងបញ្ជូនអាវុធបន្ថែមទៀតទៅកាន់អ៊ុយក្រែន ដើម្បីជួយប្រទេសដែលកំពុងរងសង្គ្រាមដ៏រ៉ាំរ៉ៃនេះ ក្នុងការការពារខ្លួនប្រឆាំងនឹងការវាយប្រហាររបស់រុស្ស៊ី។
ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅឯសេតវិមាន នាអំឡុងពេលចាប់ផ្តើមអាហារពេលល្ងាចជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu លោក Trump បាននិយាយថា អ៊ុយក្រែនកំពុងរងការវាយប្រហារយ៉ាងខ្លាំងពីរុស្ស៊ី ហើយចាំបាច់ត្រូវមានលទ្ធភាពការពារខ្លួន។
លោកបានបន្តថា សហរដ្ឋអាមេរិកនឹងបញ្ជូនអាវុធការពារជាចម្បងទៅកាន់អ៊ុយក្រែន។
គួរឲ្យដឹងថា អ៊ុយក្រែនបាននឹងកំពុងស្នើសុំឱ្យទីក្រុងវ៉ាស៊ីនតោនលក់បន្ថែមទៀតនូវមីស៊ីល Patriot និងប្រព័ន្ធការពារដែនអាកាស ដែលប្រទេសនេះមើលឃើញថា វាជាគន្លឹះក្នុងការការពារទីក្រុងរបស់ខ្លួនពីការបង្កើនការវាយប្រហារតាមអាកាសរបស់រុស្ស៊ី៕
