
បន្ទាយមានជ័យ៖ ជនជាតិថៃម្នាក់ ក្នុងចំណោមបក្ខពួក ចំនួន ០២ នាក់ ត្រូវកម្លាំងប្រជាការពារប្រទះឃើញឆ្លងដែនដោយខុសច្បាប់ទឹកដីកម្ពុជា ក៏បានឃាត់ខ្លួនសាកសួរ និងរាយការណ៍ទៅសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ នាំមកសួរនាំ និងបានកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់ ពាក់ព័ន្ធករណីឆ្លងដែនដោយខុសច្បាប់ និង ប្រើប្រាស់គ្រឿងញៀនផងដែរ។
នៅថ្ងៃអាទិត្យ ទី០៦ ខែកក្កដា ឆ្នាំ២០២៥ នេះ កងរាជអាវុធហត្ថបានឱ្យដឹងថា នៅវេលាម៉ោង ២០និង៤០នាទី ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៥ កម្លាំងប្រជាការពារ ក៏បានប្រទះឃើញជនជាតិថៃ ចំនួន ០២ នាក់ លួចឆ្លងដែនចូលមកក្នុងទឹកដីប្រទេសកម្ពុជា នៅចំណុច ភូមិចំការគ ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ និងបានធ្វើការឃាត់ខ្លួន ដើម្បីសួរនាំ ស្រាប់តែជនជាតិថៃម្នាក់ បានរត់គេចខ្លួនបាត់ ទើបប្រជាការបានរាយការណ៍មកកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកស្វាយចេក ដើម្បីសុំកិច្ចអន្តរាគមន៍។
ក្រោយពីទទួលបានសេចក្តីរាយការណ៍ភ្លាមកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកស្វាយចេក ដឹកនាំដោយលោកអនុសេនីយ៍ឯក ភិន ចេតនា មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថស្រុក បានចុះទៅដល់កន្លែងកើតហេតុហើយឃាត់ខ្លួនជនជាតិថៃ ចំនួន ០១ នាក់ មានឈ្មោះ វិម៉ា វីងសាន់ធៀ ភេទប្រុស អាយុ ៣៤ឆ្នាំ ព្រមទាំងដកហូតវត្ថុតាងទូរសព្ទម៉ាក OPPO ពណ៌ខ្មៅ ចំនួន ០១ គ្រឿង, អត្ដសញ្ញាណប័ណ្ណសញ្ជាតិថៃ ចំនួន ០១ សន្លឹក, សៀវភៅ កុងធនាគាថៃ ចំនួន ០២ សន្លឹក ហើយនាំមកមូលដ្ឋានកងរាជអាវុធហត្ថស្រុកស្វាយចេក ដើម្បីធ្វើការសួរនាំតាមនីតិវិធី។
លោកវរសេនីយ៍ត្រី អ៊ុក សូរផុន មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកបានឱ្យដឹងថា ក្រោយឃាត់ខ្លួន និងសួរនាំរួច ជនសង្ស័យបានឆ្លើយសារភាពថា «ខ្លួនពិតជាបានលួចឆ្លងដែនចូលមកទឹកដីកម្ពុជាដោយខុសច្បាប់ពិតប្រាកដមែន ដើម្បីស្វែងរកការងារធ្វើ និងបានប្រើប្រាស់គ្រឿងញៀនជាប្រចាំផងដែរ»។
ដោយផ្អែកលើចម្លើយសារភាព និងមានវត្ថុតាងជាក់ស្តែងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុក កសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។
លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តផងដែរ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តហើយនៅព្រឹកថ្ងៃអាទិត្យ ទី០៦ ខែកក្កដា ឆ្នាំ២០២៥នេះ ដើម្បីអនុវត្តតាមនីតិវិធី៕