2025-07-06 18:37
9

ព្រះវិហារ៖ ព្រឹត្តិការណ៍រត់ឆ្លងកាត់ឧបសគ្គ «Preah Vihear Temple Run» លើកទី៣ ឆ្នាំ២០២៥ ត្រូវបានរៀបចំឡើងយ៉ាងមហាឡារិក ដើម្បីរំលឹកថ្ងៃជាប្រវត្តិសាស្ដ្រ ក៏ដូចជាចូលរួមអបអរសាទរខួប ១៧ឆ្នាំ នៃការដាក់បញ្ចូល «ប្រាសាទព្រះវិហារ» ក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ (០៧ កក្កដា២០០៨ - ០៧ កក្កដា ២០២៥)។

ព្រឹត្តិការណ៍នេះបាននាំអ្នកចូលរួមទាំងអស់ រត់ឆ្លងកាត់ឧបសគ្គដ៏សប្បាយរីករាយ និងពោពេញដោយការផ្សងព្រេង ឆ្ពោះទៅកាន់សំណង់ស្ថាបត្យកម្មដ៏អស្ចារ្យ និងជារមណីយដ្ឋានប្រវត្តិសាស្ត្រដ៏ល្បីល្បាញ គឺប្រាសាទព្រះវិហារ ដែលកំពុងឈរបង្ហាញខ្លួនយ៉ាងសង្ហានៅលើកំពូលភ្នំដងរ៉ែក។

ការរត់អបអរសាទរប្រាសាទព្រះវិហារលើកទី៣នេះ នឹងមានការបែងចែកជា៤ ដូចជា វិញ្ញាសារដើរដី ១ ៣០០ម៉ែត្រ «យាត្រាបេតិកភណ្ឌ-PREAH VIHEARR TEMPLE WALK», វិញ្ញាសារត់ ចំងាយ ៩ គីឡូម៉ែត្រ «ផ្លូវរត់ឌីទេពសែនជ័យ-DY TEP SENCHEY TRAIL», វិញ្ញាសារត់ ចំងាយ ២២.៦ គីឡូម៉ែត្រ «ផ្លូវសួគ៌ាល័យ-SOURKEA TRAIL» និង វិញ្ញាសារត់ ចំងាយ ៤២.៥ គីឡូម៉ែត្រ «ផ្លូវរត់ជញ្ជាំងដងរែក-DANGREK TRAIL»។ ចំពោះលើវិញ្ញាសានីមួយៗ មានផែនទីនៃការរត់ និងពេលវេលារត់ខុសៗគ្នាដែលបានកំណត់ដោយក្រុមការងាររៀបចំព្រឹត្តិការណ៍ RUN with SAI

សូមជំរាបជូនថា ព្រឹត្តិការណ៍ «រត់អបអរសាទរប្រាសាទព្រះវិហារ» លើកទី៣ ជាព្រឹត្តិការណ៍ដែលសហការរៀបចំដោយក្រុមការងារ RUN WITH SAI ជាមួយអាជ្ញាធរជាតិព្រះវិហារ និងសហការគាំទ្រដោយ ក្រសួងវប្បធម៌ និងវិចិត្រសិល្ប: រដ្ឋបាលខេត្តព្រះវិហារ  សហភាពសហព័ន្ធយុវជនកម្ពុជា។ ព្រឹត្តិការណ៍នេះ នឹងនាំអ្នកចូលរួមសិក្សាស្វែងយល់ពីភាពអស្ចារ្យ និងតម្លៃជាសារវ័ន្តនៅក្នុងស្ថាបត្យកម្មនៃប្រាសាទព្រះវិហារ ភាពស្រស់ស្អាតនៃបរិស្ថានធម្មជាតិ តាមបណ្ដាតម្រាយផ្លូវរត់ ក្នុងវិញ្ញាសានីមួយៗ នៃព្រឹត្តិការណ៍រត់អបអរសាទរប្រាសាទព្រះវិហារ ឆ្នាំ២០២៥ ក្នុងន័យលើកតម្លៃប្រាសាទដែលជាបុព្វបុរសខ្មែរ និងជាឱកាសដល់អត្តពលិក បានបញ្ចេញទេពកោសល្យ បច្ចេកទេស និងសមត្ថភាព ដើម្បីត្រៀមខ្លួនដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៃព្រឹត្តិការណ៍កីឡាយុវជនអូឡាំពិកឆ្នាំ២០២៩ខាងមុខ។

អមជាមួយនឹងព្រឹត្តិការណ៍នេះ រួមមានកម្មវិធីទស្សនីយភាព ការសម្តែងរបាំប្រពៃណី ឧបករណ៍ប្រពៃណីខ្មែរ និងរបាំប្រចាំតំបន់នៅប្រាសាទព្រះវិហារ ដើម្បីស្វាគមន៍ដល់កីឡាករ កីឡាការិនី ទាំងអស់ដែលរត់ដល់ទីបានជោគជ័យ ក៏ដូចជាការផ្តល់នូវអនុស្សាវរីយ៍ និងការចងចាំដ៏ល្អរួមគ្នា នៅលើប្រាសាទព្រះវិហារ ដ៏ពិសិដ្ឋមួយនេះដែរ។ បន្ថែមពីសកម្មភាពរត់ ក្រុមការងារក៏មានរៀបចំកម្មវិធីអមនៃកម្មវិធី គឺការដាំកូនឈើ ដើម្បីជាចូលរួមថែរក្សាបរិស្ថានផងដែរ៕