
បាត់ដំបង៖ ការភ្ញាក់ផ្អើលមានករណី បង្កៃគ្រាប់បែកដៃ ប្រភេទ ក្រឡាទាប ០១ គ្រាប់ នៅមុខហាងលក់បុកល្ហុង និងធ្វើណែមដ៏ល្បីមួយកន្លែង នៅភ្នំសំពៅ យីហោ «រស្មីបាត់ដំបង» ក្រោយសមត្ថកិច្ចអធិការដ្ឋាននគរបាលស្រុកបាណន់ សហការជាមួយមន្ត្រីជំនាញ «ស៊ីម៉ាក់» ចុះត្រួតពិនិត្យជាក់ស្តែង និងស្រាវជ្រាវជុំវិញកន្លែងកើតមិនមែនជាករណីបង្កៃគ្រាប់ឡើយ គឺជាសំបកគ្រាប់បែកចាស់ខូចគុណភាព ១០០ ភាគរយ (គ្មានរំសេវ គ្មានគីបបំផ្ទុះ) ប៉ុន្តែអាចមានជនមិនស្គាល់មុខយកមកបោះចូលទៅទីនោះ ក្នុងគោលបំណង ឬចេតនាអ្វីមួយ។
នារសៀលថ្ងៃអាទិត្យ ទី០៦ ខែកក្កដា ឆ្នាំ២០២៥ នេះ ស្នងការនគរបាលខេត្តបាត់ដំបង បានបញ្ជាក់ថា៖ «គ្មានករណីបង្កៃគ្រាប់បែក នៅឃុំភ្នំសំពៅ ស្រុកបាណន់ទេ ដូច្នេះសូមសាធារណជនអ្នកសារព័ត៌មាន និងអ្នកនិយមប្រើប្រាស់បណ្តាញសង្គមជ្រាបជាព័ត៌មាន និងកុំមានការភាន់ច្រឡំបន្តទៀត»។
តាមរបាយការណ៍របស់ស្នងការប៉ូលិសខេត្តបាត់ដំបង បានឱ្យដឹងថា កាលពីវេលាម៉ោង ១៣និង០០នាទី ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៥ មានប្រជាពលរដ្ឋម្នាក់ ឈ្មោះ វង្ស ផា ណា ភេទស្រី អាយុ ៤១ឆ្នាំ រស់នៅក្រុមទី១៤ភូមិភ្នសំពៅលិច ឃុំភ្នំសំពៅ ស្រុកបាណន់ បានរាយការណ៍មកសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលភ្នំសំពៅថា៖ «ប្រទះឃើញគ្រាប់បែកដៃ ០១ គ្រាប់ ស្ថិតនៅតូបលក់ដូររបស់ខ្លួន»។
ក្រោយមានព័ត៌មាននេះ លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការគរបាលខេត្តបាត់ដំបង បានបញ្ជាទៅអធិការនគរបាលស្រុកបាណន់ ដឹកនាំកម្លាំងរួមសហការជាមួយមន្រ្តីជំនាញអង្គភាពស៊ីម៉ាក់ «CMAC» ដើម្បីធ្វើការត្រួតពិនិត្យ និងវាយតម្លៃសន្និដ្ឋានករណីប្រទះឃើញគ្រាប់បែកនេះ។
ក្រុមមន្ត្រីជំនាញបានបញ្ជាក់ថា សំបកគ្រាប់នេះ គឺជាប្រភេទ គ្រាប់បែកដៃ ក្រឡាទៀប «F1» ផលិតនៅអតីតសហភាពសូវៀត ដែលមានសភាពច្រេះចាប់ខ្លាំង គ្មានជាតិរំសេវ គ្មានគីបបំបែក ខូចគុណភាពទាំងស្រុងហើយ។ សំបកគ្រាប់នេះមិនមានឥទ្ធិពលនាំទៅដល់ការផ្ទុះបាននោះទេ វាជាយុទ្ធភ័ណ្ឌសេសសល់ពីសម័យសង្រ្គាម។
សមត្ថកិច្ចបានបញ្ជាក់ថា៖ «ស្ថានភាពសំបកគ្រាប់នេះ ស្ថិតនៅលើដីគ្មានតំណរភ្ជាប់ណាមួយដែលអាចបង្កការផ្ទះ ហើយក៏មិនមែនជាស្ថានភាពដាក់បង្កៃ ដើម្បីបំផ្ទុះនោះទេ ហើយអាចមានមនុស្សយកសំបកគ្រាប់នេះទៅបោះនៅទីនោះក្នុងហេតុផល ឬចេតនាណាមួយ»។
សមត្ថកិច្ចបានបញ្ជាក់បន្ថែមថា នៅក្រោយពេលពិនិត្យមន្រ្តីអង្គភាពស៊ីម៉ាក់ «CMAC» បានយកសំបកគ្រាប់នេះទៅរក្សាទុក ប៉ុន្តែសមត្ថកិច្ចនគរបាលបានបន្តសាកសួរស្រាវជ្រាវស្វែងរកប្រភពដែលនាំយកវត្ថុនេះមកកាន់ទីតាំងនេះ ដើម្បីចាត់ការបន្តតាមនិតិវិធី៕





