
ទីក្រុងប៉េកាំង៖ ប្រទេសចិន បានចេញការព្រមានដោយបញ្ជាក់ថា ពួកគេនឹងសងសឹកប្រសិនបើកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងវៀតណាមនាពេលថ្មីៗនេះធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍របស់ពួកគេ។
ក្រសួងពាណិជ្ជកម្មប្រទេសចិនបាននិយាយថា ពួកគេកំពុងវាយតម្លៃលើកិច្ចព្រមព្រៀងរវាងអាមេរិកនិងវៀតណាម ហើយនឹងចាត់វិធានការតបតដើម្បីការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ពួកគេ ជាពិសេសប្រសិនបើកិច្ចព្រមព្រៀងនេះធ្វើឲ្យប៉ះពាល់ដល់ប្រយោជន៍របស់ប្រទេសចិន។
គួរឲ្យដឹងថា ចិនបានធ្វើការឆ្លើយតបបែបនេះ នៅពេលដែលសហរដ្ឋអាមេរិកព្យាយាមកាត់បន្ថយការពឹងផ្អែកលើប្រទេសចិនក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក។
ម្យ៉ាងវិញទៀត កិច្ចព្រមព្រៀងថ្មីរវាងសហរដ្ឋអាមេរិកនិងវៀតណាមមានការរួមបញ្ចូលទាំងពន្ធ ៤០% លើទំនិញដែលសង្ស័យថា ត្រូវបានដឹកជញ្ជូនឆ្លងកាត់ប្រទេសវៀតណាម ដើម្បីគេចពីពន្ធរបស់សហរដ្ឋអាមេរិកលើផលិតផលដែលផលិតនៅប្រទេសចិន។
ក្នុងនោះ អ្នកវិភាគបានព្រមានថា កិច្ចព្រមព្រៀងនេះអាចបង្កឲ្យមានភាពតានតឹងជាថ្មីម្ដងទៀតរវាងទីក្រុងវ៉ាស៊ីនតោននិងទីក្រុងប៉េកាំង។
ហើយប្រសិនណា បើកិច្ចព្រមព្រៀងនេះធ្វើឲ្យខាតបង់ផលប្រយោជន៍របស់ប្រទេសចិន និងបង្ហាញថា ប្រទេសមួយចំនួនកំពុងសហការជាមួយសហរដ្ឋអាមេរិកដើម្បី "ទប់ស្កាត់ចិន" នោះ ចិននឹងឆ្លើយតបវិញជាមិនខាន៕
