
ភ្នំពេញ៖ មន្ត្រីការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំនួន ០៣នាក់ បានបំពេញភារកិច្ច ល្មើសបទវិន័យកងកម្លាំងនគរបាលជាតិកម្ពុជា ដែលឈរជើងគោលដៅអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក «ស្ពានអាកាសចោមចៅ» ខណ្ឌពោធិ៍សែនជ័យ ក្រោយពីដកយកមកបញ្ឈរជើងមួយរយៈ កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ កន្លងទៅនេះ ពេលនេះត្រូវបានរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្រេចអនុវត្តវិន័យបណ្តេញចេញពីក្របខណ្ឌនគរបាលជាតិ។
យោងតាមប្រកាសរបស់ឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចុះថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ បានសម្រេចត្រូវបានអនុវត្តទណ្ឌកម្មខាងវិន័យចំពោះមន្ត្រីនគរបាល ចំនួន ០៣ រូប នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ តាមរូបភាព «ដកហូតមុខតំណែង ឋានន្តរស័ក្តិ និងបណ្តេញចេញពីក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ ដោយសារមូលហេតុ ល្មើសបទវិន័យនគរបាលជាតិកម្ពុជា»។
មន្ត្រីនគរបាលចរាចរណ៍ដែលត្រូវអនុវត្តទណ្ឌកម្មខាងវិន័យចំពោះមន្ត្រីនគរបាលជាតិទាំង ០៣ រូប រួមមាន៖ ទី១- អនុសេនីយ៍ឯក ហ៊ុល សុវណ្ណរតនៈ អត្តលេខ ៨៣០៦៩ ជា «នាយរងផ្នែក», ទី២- អនុសេនីយ៍ឯក ម៉ន សារ៉ន និង ទី៣- អនុសេនីយ៍ឯក ឈន តុលា អត្តលេខ ១៦១០៣ ជា «មន្ត្រី» អត្តលេខ ៨២១៨៨ មន្ត្រី។ ចំពោះប្រាក់បៀវត្ស និងរបបឧបត្ថម្ភផ្សេងៗត្រូវបានកាត់ផ្តាច់ និងលុបចេញពីក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា ចាប់ពីខែកញ្ញា ឆ្នាំ២០២៥ តទៅ។
ស្នងការដ្ឋានរាជធានីភ្នំពេញ បានបញ្ជាក់ជូនសាធារណជនឲ្យបានជ្រាបថា៖ អនុវត្តតាមគោលការណ៍ដឹកនាំ បញ្ជា របស់ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ រាល់មន្ត្រីនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលបំពេញភារកិច្ច អនុវត្តការងារ គ្មានវិន័យ ខ្វះក្រមសីលធម៌ វិជ្ជាជីវៈនគរបាលជាតិ ដែលបានស្រាវជ្រាវរកឃើញពិតជាប្រព្រឹត្តល្មើសវិន័យនគរបាលជាតិ គឺស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញមិនដែលទុកចោលនោះទេ ត្រូវអនុវត្តវិធានការតាមគោលការណ៍ច្បាប់របស់កងកម្លាំងនគរបាលជាតិ។
ជាក់ស្តែងស្នងការរាជធានីភ្នំពេញ បានស្នើសុំគោលការណ៍ទៅអគ្គស្នងការដ្ឋាននគរបាលជាតិ ក៏ដូចជាក្រសួងមហាផ្ទៃ អនុវត្តវិន័យរបស់កងកម្លាំងនគរបាលជាតិ ជាបន្តបន្ទាប់មកហើយ ដោយអនុវត្តក្រោមរូបភាពកម្រិតកំហុសឆ្គង រួមមាន៖ «ការអប់រំនិងធ្វើកិច្ចសន្យា, ការបញ្ឈរជើងផ្អាកការងារបណ្តោះអាសន្ន, ការចេញលិខិតព្រមានលើកទី១, ការកាត់បន្ថយឋាន្តរស័ក្តិ ដកហូតមុខដំណែង ឬផ្ទេរភារកិច្ច និងការបណ្តេញចេញពីក្របខណ្ឌនគរបាលជាតិ ជាដើម»៕


