2025-07-05 11:41
8

មណ្ឌលគិរី៖ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រាប់ប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់តាមផ្លូវជាតិលេខ៦៧ បង្កើនការប្រុងប្រយ័ត្ន នៅត្រង់ចំណុច «ចំណោតភ្នំបាយឆៅ» ដោយសារមានភ្លៀងធ្លាក់ខ្លាំងបណ្តាលឱ្យមានទឹកហូរធ្លាក់ខ្លាំងច្រោះបាក់ដី និងរលំគុម្ពឫស្សីមកលើផ្លូវ ប៉ុន្តែមិនមានការផ្អាកការធ្វើចរាចរឡើយ។

នៅយប់ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៥ នេះ លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ បានឱ្យដឹងថា៖ «ពេលនេះមេឃកំពុងភ្លៀងខ្លាំងបណ្តាលឲ្យច្រោះបាក់ដី និងរលំគុម្ពឫស្សីពីចំណោតភ្នំបាយឆៅធ្លាក់មកលើផ្លូវជាតិលេខ៧៦ ចន្លោះគីឡូម៉ែត្រ១៣៧ ក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរី រំខានដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ»។

មន្ត្រីអ្នកនាំពាក្យបានឱ្យដឹងទៀតថា «ក្រុមការងារនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តមណ្ឌលគិរី បានចេញទៅទីតាំងកើតហេតុភ្លាមទាំងយប់ ដើម្បីកៀរសម្រួល ធានាការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋឡើងវិញ និងមិនមានអ្នករងគ្រោះដោយហេតុការណ៍នេះឡើយ ហើយក៏មិនមានការផ្អាកចរាចរាចរណ៍ដែរ គ្រាន់តែបងប្អូនអ្នកបើកបរប្រុងប្រយ័ត្ន ដោយគោរពតាមការសម្រួលចរាចរណ៍របស់ក្រុមការងារការដ្ឋាននៅទីនោះ»៕