
(ក្រចេះ)៖ កម្មករពីរនាក់បានស្លាប់បាត់បង់ជីវិត ដោយសារផ្ទាំងថ្មម៉ាតរលំសង្កត់ពីលើ កាលពីរសៀលថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥ នៅក្នុងការដ្ឋានថ្មម៉ាត សំបូរ ម៉ាញនីង ក្នុងភូមិ អូរត្រូន ឃុំក្បាលដំរី ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ។
កម្មករដែលស្លាប់បាត់បង់ជីវិតនេះ ១) ឈ្មោះ កាន សម្បត្តិ ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរ មេការអារថ្ម រស់នៅភូមិសំរ៉ង ឃុំឃ្សឹម ស្រុកស្នួល ខេត្ដក្រចេះ, ២) ឈ្មោះ ព្រំ ហ្រ្វីវិចារ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ រស់នៅភូមិសំរ៉ង ឃុំឃ្សឹម ស្រុកស្នួល ខេត្ដក្រចេះ។
ក្រោយពីការពិនិត្យសាកសព និងប្រមូលព័ត៌មានជុំវិញកន្លែងកើតហេតុ សមត្ថកិច្ច បានបញ្ជាក់ថា ជនរងគ្រោះទាំងពីរ ពិតជាស្លាប់ដោយសារថ្មបាក់សង្កត់។ ក្រោយការពិនិត្យ សពត្រូវបានប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី។
ដោយឡែកពាក់ព័ន្ធការដោះស្រាយ ឬទូទាត់សំណងយ៉ាងណា តាមច្បាប់ទម្លាប់ការងារមិនទាន់មានការបញ្ជាក់នៅឡើយទេ។
សូមបញ្ជាក់ថា ក្រុមហ៊ុន សំបូរ ម៉ាញនីង បានធ្វើសកម្មភាពជីកយកថ្មម៉ាតនៅទីតាំងកើតហេតុខាងលើជាច្រើនឆ្នាំមកហើយ៕
