2025-07-05 11:00
6

ភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បដិសេធទាំងស្រុងចំពោះការលើកឡើងរបស់អតីតនាយករដ្ឋមន្ត្រីថៃ លោកស្រី Paetongtarn Shinawatra បច្ចុប្បន្នកំពុងកាន់តំណែតជារដ្ឋមន្ត្រីក្រសួងវប្បធម៌ថៃ ដែលបានអះអាងនៅពីថ្ងៃសុក្រ ទី០៤ ខែកក្កដា ឆ្នាំ២០២៥ នេះថា «ក្រុមប្រាសាទតាមាន់» ស្ថិតនៅក្នុងអំណាចអធិបតេយ្យរបស់ថៃ ដោយបានប្រកាសចុះបញ្ជីជាវិមានបុរាណ នាពុទ្ធសករាជ២៥០៥។

យោងតាមចេញសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងវប្បធម៌ ដែលបណ្តាញសារព័ត៌មាន អឹម អេស ជេ ទទួលបានវេលាម៉ោង ១០យប់ ថ្ងៃទី០៤ ខែកក្កដានេះ បានបដិសេធទាំងស្រុងចំពោះការលើកឡើងរបស់លោកស្រី Paetongtarn Shinawatra រដ្ឋមន្ត្រីក្រសួងវប្បធម៌ថៃ កាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥ ដែល បានអះអាងថា «ក្រុមប្រាសាទតាមាន់ ស្ថិតនៅក្នុងអំណាចអធិបតេយ្យរបស់ថៃ ដោយបានប្រកាសចុះបញ្ជីជាវិមានបុរាណ នាពុទ្ធសករាជ២៥០៥»។ 

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបញ្ជាក់ថា «ការអះអាងរបស់ភាគីថៃ ដែលថាក្រុមប្រាសាទតាមាន់ ស្ថិតនៅក្នុងអំណាចអធិបតេយ្យរបស់ថៃ តាមរយៈការប្រើប្រាស់ផែនទី ដែលគូសជាឯកតោភាគី គឺពុំមានតម្លៃគតិយុត្តអ្វីទាំងអស់ ជាពិសេសផ្ទុយទៅនឹងខ្លឹមសារនៃអនុស្សរណៈនៃការយោគយល់គ្នា (MoU) ឆ្នាំ២០០០ ដែលភាគីទាំងពីរបានឯកភាពគ្នាគោរព និងប្រើប្រាស់ផែនទីមាត្រដ្ឋាន ១/២០០.០០០ ស្របតាមស្មារតីនៃអនុសញ្ញា បារាំង-សៀម ឆ្នាំ១៩០៤ និងសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៧ ដែលកំពុងស្ថិតនៅជាធរមាន»។

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សូមបញ្ជាក់ជូនឱ្យបានច្បាស់ថា «ផ្អែកលើមូលដ្ឋាននៃអនុសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤ និងសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៧ ព្រមទាំងផែនទីមាត្រដ្ឋាន ១/២០០.០០០ ក្រុមប្រាសាទតាមាន់ គឺស្ថិតនៅក្នុងបូរណភាពទឹកដី និងអធិបតេយ្យរបស់ព្រះរាជាណាចក្រកម្ពុជាទាំងស្រុង។ ម្យ៉ាងទៀត ក្រុមប្រាសាទតាមាន់ ជាទីតាំងបុរាណដ្ឋានស្ថិតក្នុងខេត្តឧត្តរមានជ័យ ហើយត្រូវបានចុះក្នុងបញ្ជីសារពើភ័ណ្ឌជាតិនៃព្រះរាជាណាចក្រកម្ពុជា រួចហើយដែរ»។

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា បានអំពាវនាវឱ្យក្រសួងវប្បធម៌ថៃ ត្រូវគោរពនូវគោលការណ៍អន្តរជាតិដែលមានជាធរមាន ដើម្បីរក្សាបានភាពថ្លៃថ្នូរ និងវិជ្ជាជីវៈ ដែលស្ថាប័ន វប្បធម៌នៃប្រទេសនីមួយៗត្រូវប្រកាន់ខ្ជាប់៕