2025-07-01 14:08
9

នៅថ្ងៃអង្គារ ទី០១ ខែកក្កដា ឆ្នាំ២០២៥នេះ  តុលាការធម្មនុញ្ញថៃ បានសម្រេចចិត្តព្យួរតំណែងរបស់លោកស្រី Paetongtarn Shinawatra ពី «នាយករដ្ឋមន្ត្រី» ជាបណ្ដោះអាសន្ន ជុំវិញរឿងអាស្រូវបែកធ្លាយកិច្ចសន្ទនា តាមទូរសព្ទជាមួយ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា។ នេះបើតាមកាសែតថៃ The Nation បានចេញផ្សាយនៅថ្ងៃនេះ។

ការសម្រេចចិត្តខាងលើរបស់តុលាការធម្មនុញ្ញថៃ ធ្វើឡើងតាមរយៈការទទួលយកញត្តិមួយពីសមាជិកព្រឹទ្ធសភា៣៦ រូប ដែលបានចោទប្រកាន់លោកស្រីថាគ្មានភាពស្មោះត្រង់ និងបំពានក្រមសីលធម៌ស្ដង់ដារ ដោយបំពានលើរដ្ឋធម្មនុញ្ញ ជុំវិញការបែកធ្លាយកិច្ចសន្ទនាតាមទូរសព្ទជាមួយប្រធានព្រឹទ្ធសភាកម្ពុជា។

ដោយឡែកតាមកាសែតថៃ Khaosod English បានផ្សាយថា៖ «តាមគោលការណ៍ប្រសិនបើតុលាការធម្មនុញ្ញថៃ សម្រេចព្យួរតំណែងរបស់លោកស្រី ផែថងថាន ពីមុខតំណែងជា “នាយករដ្ឋមន្ត្រី” ដោយសារតែមានការបែកធ្លាយសំឡេងសន្ទនានោះ លោកស្រី ផែថងថាន នឹងនៅតែបន្តស្ថិតក្នុងគណៈរដ្ឋមន្ត្រីដដែល តែក្នុងនាមជារដ្ឋមន្ត្រីក្រសួងវប្បធម៌ ហើយលោក ភូមថាំ វេឆៃយ៉ាឆៃ អាចនឹងកាន់តួនាទីជានាយករដ្ឋមន្ត្រីស្ដីទី ជាបណ្ដោះអាសន្នជំនួស រហូតមានការសម្រេចសារជាថ្មី៕