2025-07-01 11:26
7

ថៃ៖ បើកទំព័រនៃខែថ្មីភ្លាម ប្រទេសថៃ មានករណីគួរឲ្យចាប់អារម្មណ៍ទៀតហើយ ដោយ លោក មង្គល សុរ៉ាសាចា ប្រធានព្រឹទ្ធសភា បានដាក់ញត្តិពីសមាជិកព្រឹទ្ធសភាចំនួន ៣៦រូប ក្នុងការស្នើសុំសេចក្តីសម្រេចតាមមាត្រា ១៧០ កថាខណ្ឌទី៣ នៃរដ្ឋធម្មនុញ្ញ រួមនឹងមាត្រា ៨២ ដែល លោកចង់បង្ហាញថា តំណែងនាយករដ្ឋមន្ត្រីរបស់ លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រា បានបញ្ចប់អាណត្តិតាមរដ្ឋធម្មនុញ្ញ មាត្រា ១៧០ កថាខណ្ឌទី ១ (៤) ស្របនឹងមាត្រា ១៦០ (៤) និង (៥) ឬអត់?

នាវេលាម៉ោង ៩៖៣០នាទីព្រឹក ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥ អ្នកសារព័ត៌មានថៃបានរាយការណ៍ថា ក្រុមចៅក្រមនៃតុលាការធម្មនុញ្ញ បានចាប់ផ្តើមកិច្ចប្រជុំពិគ្រោះយោបល់ប្រចាំសប្តាហ៍របស់ខ្លួន ដើម្បីពិចារណាលើញត្តិផ្សេងៗ ជាពិសេសគឺករណីនៃការបែកធ្លាយខ្សែអាត់សំឡេងនៃកិច្ចសន្ទនារវាងលោកស្រី ផែថងថាន ជាមួយសម្តេច តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្ត្រីកម្ពុជា ដែលមានខ្លឹមសារសំដៅដល់មេបញ្ជាការយោធភូមិភាគទី២ រួមទាំងអាកប្បកិរិយាបង្ហាញពីការក្បត់ជាតិ រួមទាំងធ្វើឲ្យប៉ះពាល់ដល់អធិបតេយ្យភាព កងទ័ព និងប្រជាជនថៃ។

បន្ថែមពីនេះ ជុំវិញនៃការដាក់ញត្តិស្នើសុំពីប្រធានព្រឹទ្ធសភាថៃ ក៏បានធ្វើការស្នើឱ្យតុលាការធម្មនុញ្ញចេញដីកាឱ្យ នាយករដ្ឋមន្ត្រីថៃ ដែលជាជនជាប់ចោទឈប់បំពេញមុខងាររបស់ខ្លួន រហូតដល់តុលាការធម្មនុញ្ញចេញសេចក្តីសម្រេចតាមរដ្ឋធម្មនុញ្ញ មាត្រា៨២ កថាខណ្ឌទី២ ច្បាប់ស្តីពីនីតិវិធីរបស់តុលាការធម្មនុញ្ញឆ្នាំ ២០១៨ ផ្នែកទី ៧១ រួមជាមួយនឹងបទប្បញ្ញត្តិរបស់តុលាការធម្មនុញ្ញស្តីពី នីតិវិធីសម្រាប់សំណុំរឿងរដ្ឋធម្មនុញ្ញឆ្នាំ ២០១៩ ផ្នែកទី 40 (8)។

ដំណាក់កាលនេះ គេកំពុងតែចាំអ៊ុតមើលថា តើតុលាការធម្មនុញ្ញនឹងទទួលយកញត្តិដើម្បីពិចារណា និងបញ្ជាឲ្យនាយករដ្ឋមន្ត្រី ផែថងថាន ឈប់បំពេញមុខងាររបស់ខ្លួនដែរឬទេ?