
ភ្នំពេញ៖ អគ្គស្នងការរង ជាស្នងការនគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានបញ្ជាឱ្យមន្ត្រីជំនាញស្រាវជ្រាវ និងនាំខ្លួនលោកវរសេនីយ៍ត្រី ទូច សេងហ៊ មានតួនាទីជា «អធិការរងខណ្ឌដង្កោ» មកកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីសាកសួរ និងមានចំណាត់ការតាមនិតិវិធី។
នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៥នេះ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា៖ ករណីផ្សព្វផ្សាយលើបណ្តាញសង្គមករណីអធិការរងខណ្ឌដង្កោម្នាក់ ដែលមានឈ្មោះ ទូច សេងហ៊ បានផ្ទុះអាវុធ ចំនួន ០១ គ្រាប់ នៅតាមទីសាធារណៈកាលពីយប់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ នៅចំណុចតាមផ្លូវបេតុង ភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ដោយសាររឿងទំនាស់តិចតួចជាមួយអ្នកជិតខាងនៅក្នុងភូមិ។
ករណីខាងលើនេះ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាឲ្យមន្រ្តីជំនាញស្រាវជ្រាវ និងនាំលោកអធិការរងខាងលើយកមកសួរនាំ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើរបាយការណ៍ រាយការណ៍ជូនឯកឧត្តមស្នងការពិនិត្យសម្រេច។
កន្លងមក ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានណែនាំដល់មន្ត្រីនគរបាលក្រោមឱវាទត្រូវមានក្រមសីលធម៌ វិជ្ជាជីវៈ សេចក្ដីថ្លៃថ្នូរ សាកសមជាកម្លាំងនគរបាលជាតិ។ ដោយឡែកចំពោះមន្ត្រីណាដែលរកឃើញថា មានកាយវិកា ពាក្យសំដី គ្មានវិន័យ ខ្វះក្រមសីលធម៌ វិជ្ជាជីវៈនគរបាលជាតិ រឺធ្វើសកម្មភាព ប៉ះពាល់អារម្មណ៍ និងខុសឆ្គងចំពោះប្រជាពលរដ្ឋណាមួយនោះ ដែលល្មើសវិន័យកងកម្លាំងនគរបាលជាតិ ត្រូវតែទទួលវិន័យរបស់នគរបាលជាតិ ជាដាច់ខាតដោយមិនលើកលែងនោះទេ។
សូមជម្រាបថា កាលពីវេលាម៉ោង ១០យប់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ លោក ទូច សេងហ៊ មានតួនាទីជា «អធិការរងខណ្ឌដង្កោ» ទទួលផែនគ្រឿងញៀន រហ័សនាម «០២៥» បានដកកាំភ្លើងបាញ់ឡើងលើ ចំនួន ០១គ្រាប់ ដើម្បីគំរាមយុវជនម្នាក់ ដែលជិះម៉ូតូកាត់កន្លែងលោកកំពុងអង្គុយផឹកស៊ី ដោយចោទថា យុវជនរូបនោះជិះម៉ូតូលឿន រំខានដល់ផឹកស៊ីរបស់ខ្លួន៕

