
ភ្នំពេញ៖ សហព័ន្ធស្រូវអង្ករកម្ពុជា បានឲ្យដឹងថា៖ ថ្មីៗនេះមានការបង្ហោះព័ត៌មានស្តីអំពីអង្ករកម្ពុជា ដែលបានដាក់លក់រាយនៅតាមបណ្តាញអនឡាញនៅទីផ្សារប្រទេសចិន ការវេចខ្ចប់ទម្ងន់ ០៥ គីឡូក្រាម ដែលបានសរសេរជាភាសាថៃ និងបោះពុម្ពនៅលើកញ្ចប់ដោយមានសញ្ញាស្រដៀងទៅនឹងទង់ជាតិប្រទេសថៃ ព្រមទាំងបង្ហាញអំពីប្រភពដើមថា «ជាអង្កររបស់កម្ពុជា»។
ក្រោយពីបានធ្វើការសិក្សាស្រាវជ្រាវ និងស៊ើបអង្កេតលើសមាជិកសហព័ន្ធស្រូវអង្ករកម្ពុជាទាំងអស់ដែលបាននាំចេញអង្ករទៅប្រទេសចិន និងបានសហការជាមួយក្រុមហ៊ុនត្រួតពិនិត្យគុណភាពនាំចេញរបស់ ប្រទេសចិន CCIC (Cambodia) Co., Ltd. សហព័ន្ធស្រូវអង្ករកម្ពុជា សូមបញ្ជាក់ថា «កញ្ចប់អង្ករដែលមាន រូបភាពស្រដៀងទៅនឹងទង់ជាតិប្រទេសថៃខាងលើ មិនត្រូវបានបោះពុម្ពក្នុងប្រទេសកម្ពុជាឡើយ។ ការនាំចេញអង្ករពីកម្ពុជាទៅប្រទេសចិន ស្ទើរតែទាំងស្រុងជាប្រភេទអង្ករច្រកក្នុងបាវដែលមានទម្ងន់ ២៥ គីឡូក្រាម និង ៥០ គីឡូក្រាម»។
សហព័ន្ធស្រូវអង្ករកម្ពុជា បានធ្វើការបដិសេធទាំងស្រុង ចំពោះសម្បកវេចខ្ចប់អង្គរដែលមានសញ្ញាស្រដៀងទៅនឹងទង់ជាតិប្រទេសថៃ។ ប្រទេសកម្ពុជាប្រកាន់យ៉ាង ខ្ជាប់ខ្ជួនទៅនឹងច្បាប់ម៉ាកពាណិជ្ជនាម និងអំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់ដែលបានហាមឃាត់លើការប្រើប្រាស់និមិត្តសញ្ញាដែលដូច ឬ ស្រដៀង ឬមានផ្នែកណាមួយដូចទៅនឹងទង់ជាតិរបស់ប្រទេស នានា នៅលើពិភពលោក៕
