2025-06-30 13:40
10

ភ្នំពេញ៖ ថៃបើកច្រកព្រំដែន ចំនួន ០២ ដេីម្បីបន្ធូរបន្ថយឱ្យរថយន្តដឹកទំនិញឆ្លងកាត់ទៅកម្ពុជាវិញ ប៉ុន្តែកំណត់ចំនួនរថយន្តឱ្យចេញ-ចូល តែកម្ពុជាមិនអនុញ្ញាតឡើយ រហូតដល់ភាគីថៃបានបើកច្រកទ្វារព្រំដែនអន្តរជាតិនានា និងច្រកទ្វារតំបន់ទាំងអស់ ដែលភាគីថៃសម្រេចបិទជាឯកតោភាគីឲ្យដំណើរការជាប្រក្រតីភាពឡើងវិញ ដូចមុនថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៥។

តាមសេចក្តីរាយការណ៍ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥នេះ សមត្ថកិច្ច និងអាជ្ញាធរប្រទេសថៃ បានបើកច្រក ចំនូន ០២ គឺច្រកទ្វារអន្តរជាតិ ស្ទឹងបត់-បានណងអៀន និងច្រកភូមិបានខៅឌិន (ច្រកភ្នំដី ខេត្តបាត់ដំបង) 

ចំពោះរថយន្តដែលចូលទៅហើយមិនទាន់បានត្រឡប់មកវិញ ចាប់ពីថ្ងៃទី២៣ ខែមិថុនា ក៏អាចវិលត្រឡប់ចូលវិញបានដែរ តែហាមផ្ទុកទំនិញត្រឡប់មកវិញ។

តាមសេចក្តីរាយការណ៍ បានឲ្យដឹងថា ក្រោយពីនាយករដ្ឋមន្ត្រីថៃ ចុះពិនិត្យ និងប្រជុំពិភាក្សាគ្នា កងកម្លាំងបូព៌ាបានចេញសេចក្តីសម្រេចបន្ធូរបន្ថយអនុញ្ញាតឱ្យរថយន្តដឹកជញ្ជូនទំនិញថៃអាចឆ្លងកាត់ព្រំដែនទៅកម្ពុជា និងត្រឡប់ពីកម្ពុជាចូលទៅថៃវិញបាន ចាប់ពីថ្ងៃនេះតទៅ ។

ការបន្ធូរបន្ថយនេះធ្វើឡើងដើម្បីកាត់បន្ថយផលប៉ះពាល់ដល់ប្រជាជន និងអាជីវករ ដោយអនុញ្ញាតឱ្យច្រកទ្វារអន្តរជាតិ ស្ទឹងបត់-បានណងអៀន និងច្រកភូមិបានខៅឌិន (ច្រកភ្នំដី ខេត្តបាត់ដំបង) ឲ្យរថយន្តឆ្លងកាត់ ចំនូន ៥០ គ្រឿង ចេញ-ចូល ក្នុងមួយថ្ងៃ ចាប់ពីម៉ោង៨ព្រឹក ដល់ម៉ោង៤ល្ងាច) និងច្រកបានណងព្រឺ (ច្រកម៉ាឡៃ) ឲ្យរថយន្តឆ្លងកាត់បានចំនូន ២០ គ្រឿង ចេញ-ចូល ក្នុងមួយថ្ងៃ ចាប់ពីម៉ោង ៨ ព្រឹក ដល់១២ ថ្ងៃត្រង់។

ចំពោះរថយន្តដែលចេញ-ចូលទៅហើយមិនទាន់វិលត្រឡប់មកវិញ ចាប់ពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ ក៏អាចចូលវិញបានដែរ តែហាមផ្ទុកទំនិញត្រឡប់មកវិញ។

ពាក់ព័ន្ធករណីថៃបើកច្រកព្រំដែន ចំនួន ០២ ខាងលើនេះ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបញ្ជាក់ថា ដោយអនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អគ្គនាយកដ្ឋានអន្តោប្រវេសន៍ មិនអនុញ្ញាតឲ្យមានការដឹកជញ្ជូនទំនិញគ្រប់ប្រភេទចេញ-ចូល ឬឆ្លងកាត់ច្រកទ្វារព្រំដែនអន្តរជាតិ ឬច្រកទ្វារតំបន់ណាមួយ តាមខ្សែរបន្ទាត់ព្រំដែនកម្ពុជា-ថៃ ឡើយ។ 

ការអនុវត្តវិធានការនេះ នឹងបន្តរហូតដល់ខាងភាគីថៃបានបើកច្រកទ្វារព្រំដែនអន្តរជាតិនានា និងច្រកទ្វារតំបន់ទាំងអស់ ដែលភាគីថៃសម្រេចបិទជាឯកតោភាគីឲ្យដំណើរការជាប្រក្រតីភាពឡើងវិញ ដូចមុនថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៥ កន្លងមកនេះ៕