
បើយោងតាមរបាយការណ៍ដែលបានចេញផ្សាយក្នុងទីក្រុងវ៉ាស៊ីនតោន ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិកជឿថា ប៉ាគីស្ថានកំពុងអភិវឌ្ឍមីស៊ីលផ្លោងអន្តរទ្វីប (ICBM) ដែលមានសមត្ថភាពអាចបាញ់ដល់សហរដ្ឋអាមេរិក។
យោងតាមរបាយការណ៍របស់កិច្ចការបរទេស ប្រសិនបើប៉ាគីស្ថានផលិត ឬទទួលបានអាវុធបែបនេះពិតមែន ប្រទេសនេះនឹងត្រូវបានចាត់ទុកថា ជាសត្រូវនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិក។
ព្រោះថា ចំពោះប្រទេសណាដែលមានឬផលិតអាវុធនុយក្លេអ៊ែ នោះនឹងត្រូវបានចាត់ទុកថា ជាការគំរាមកំហែងដ៏មានសក្តានុពល ឬជាគូប្រជែងរបស់សហរដ្ឋអាមេរិក និងត្រូវបានទីក្រុងវ៉ាស៊ីនតោនចាត់ទុកជាសត្រូវនុយក្លេអ៊ែររបស់ខ្លួន។
យោងតាមរបាយការណ៍ ដែលបានដកស្រង់សម្តីមន្ត្រីអាមេរិកម្នាក់បាននិយាយថា "ប្រសិនបើប៉ាគីស្ថានទទួលបាន ICBM នោះ ទីក្រុងវ៉ាស៊ីនតោននឹងគ្មានជម្រើសអ្វីក្រៅពីចាត់ទុកប្រទេសនេះថាជាសត្រូវនុយក្លេអ៊ែរទេ។ គ្មានប្រទេសណាដែលមាន ICBMs ដែលអាចកំណត់គោលដៅសហរដ្ឋអាមេរិកត្រូវបានចាត់ទុកថាជាមិត្តទេ។"
នៅពីក្រោយហេតុផលដែលប៉ាគីស្ថានអាចនឹងកំពុងបង្កើតមីស៊ីល ICBM ដែលមានសមត្ថភាពអាចតម្រង់គោលដៅដល់សហរដ្ឋអាមេរិកនោះ ក្នុងគោលបំណងដើម្បីព្យាយាម និងរារាំងសហរដ្ឋអាមេរិកពីការព្យាយាមលុបបំបាត់ឃ្លាំងអាវុធនុយក្លេអ៊ែររបស់ខ្លួន ក្នុងករណីមានការវាយប្រហារណាមួយបានកើតឡើងជាពិសេសជាមួយនឹងប្រទេសឥណ្ឌាតែម្ដង។
ជាក់ស្ដែងដូចជាករណីសង្គ្រាមរវាងអ៊ីស្រាអែលនិងអ៊ីរ៉ង់ ដែលទើបកើតឡើងនាពេលថ្មីៗយ៉ាងដូច្នេះដែរ ដែលអាមេរិក បានគម្រាមអ៊ីរ៉ង់មិនឲ្យផលិតកម្មវិធីនុយក្លេអ៊ែរនោះទេ។
សូមជម្រាបផងដែរថា ចំពោះមីស៊ីលផ្លោងអន្តរទ្វីប (ICBMs) អាចបំពាក់ដោយក្បាលគ្រាប់នុយក្លេអ៊ែរ និងក្បាលគ្រាប់ធម្មតា ដែលមានសមត្ថភាពបាញ់ដល់គោលដៅជាង 5,500 គីឡូម៉ែត្រ ហើយបច្ចុប្បន្នទីក្រុង Islamabad មិនមាន ICBMs នៅក្នុងឃ្លាំងអាវុធរបស់ខ្លួននោះទេ។
ម្យ៉ាងវិញទៀត ទាំងឥណ្ឌា និងប៉ាគីស្ថាន មិនបានចុះហត្ថលេខានៃសន្ធិសញ្ញាមិនរីកសាយភាយនៃនុយក្លេអ៊ែរ (NPT) ទេ។ ដោយសន្ធិសញ្ញានេះមានគោលបំណងទប់ស្កាត់ការរីករាលដាលអាវុធនុយក្លេអ៊ែរ និងជំរុញការប្រើប្រាស់ថាមពលនុយក្លេអ៊ែរដោយសន្តិវិធី៕
