2025-06-26 15:01
11

កណ្តាល៖ ប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា៖ «ភាពមិនច្បាស់លាស់ និងការប្រែក្រឡាស់ភ្លាមៗមិនពិតប្រាកដ នៃជំហរនយោបាយរបស់រាជរដ្ឋាភិបាលថៃ រួមជាមួយភាពមិនស៊ីសង្វាក់គ្នារវាងគោលការណ៍ដែលថ្នាក់ដឹកនាំនយោបាយថៃបានដាក់ចេញ និងការអនុវត្តជាក់ស្ដែងនៅលើដីដោយកងទ័ពថៃ បានបង្កជាឧបសគ្គសម្រាប់ការស្វែងរកដំណោះស្រាយពិតប្រាកដ»។ 

សម្តេចធិបតី រង់ចាំមើលអ្នកដែលមានអំណាចពិតប្រាកដ និងជំហរច្បាស់លាស់នៅក្នុងប្រទេសថៃ ដែលអាចងាយស្រួលធ្វើការជាមួយគ្នាប្រកបដោយភាពជឿជាក់ ដើម្បីស្វែងរកដំណោះស្រាយរួមសម្រាប់ផលប្រយោជន៍ប្រទេស និងប្រជាជនទាំងពីរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងបែបនេះ នាឱកាសចូលរួមពិធីប្រគល់សញ្ញាបត្រថ្នាក់បណ្ឌិត បរិញ្ញាបត្រជាន់ខ្ពស់ បរិញ្ញាបត្រវិទ្យាសាស្រ្តនគរបាល បរិញ្ញាបត្រពន្ធនាគារ និងវគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាល ជូនដល់ជ័យលាភី សរុបចំនួន ៦៩៨ នាក់ នៅបណ្ឌិត្យសភានគរបាលជាតិ ខេត្តកណ្តាល។

សម្តេចធិបតីបានថ្លែងថា នៅថ្ងៃទី២៤ ខែមិថុនាកន្លងទៅ ខណៈពេលសម្តេចចុះជួបសំណេះសំណាលជាមួយកងទ័ពជួរមុខ នៅក្រុងសំរោង ខេត្តឧត្តមានជ័យ សម្តេចទទួលរបាយការណ៍មកថា «នាយករដ្ឋមន្ត្រីថៃ ផែថងថាន បានប្រកាសបិទគ្រប់ច្រកព្រំដែនទាំងអស់ជាមួយកម្ពុជា ក្រោយហេតុផលដោយសារ UN ថាប្រទេសកម្ពុជាជាប្រភពបទល្មើសអនឡាញ ព្រោះអាចគ្រោះថ្នាក់ដល់ប្រទេសខ្លួន គឺអនុញ្ញាតិឱ្យសិស្ស និងអ្នកជំងឺធ្ងន់ ចេញ-ចូលប៉ុណ្ណោះ ដោយចាប់អនុវត្តនៅថ្ងៃទី២៥មិថុនា។ ប៉ុន្តែស្រាប់តែមិនបានប៉ុន្មានម៉ោងផង រដ្ឋមន្ត្រីក្រសួងការបទេសថៃ ចេញមកអះអាងថា ភាគីថៃអត់បានបិទទេ គឺបើកធម្មតា លុះស្អែកឡើងថៃបើកមែន តែបើកទ្វារបង តែបទបញ្ជាហាមឃាត់មនុស្សមិនឱ្យចេញ-ចូលដដែល មានន័យថាម៉េច?»

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ថា៖  «សម្តេចបានដាក់បញ្ជាទៅឧត្តមសេនីយ៍ សុខ វាសនា អគ្គនាយក នៃអគ្គនាយរដ្ឋានអន្តោប្រវេសន៍ដាច់ខាងមិនត្រូវធ្វើតាមថៃទេ កម្ពុជាថាបិទ គឺបិទ អត់បើកទេ កម្ពុជាអត់លិបលរលេងសើចទេ ហ៊ានធ្វើហ៊ានទទួលខុសត្រូវយើងបានប្រកាសហើយកាលពីថ្ងៃទី២០មិថុនា បើអ្នកឯងបិទជាឯកតោភាគីកម្ពុជានឹងបិទជាអចិន្ត្រៃយ៍តែម្តងតាមក្រោយ លុះត្រាតែអ្នកឯងបើកជាប្រក្រតីដូចមុនថ្ងៃទី០៧មិថុនា  ទើបកម្ពុជាបើកតាមក្រោយ»។

ប្រមុខរដ្ឋាភិបាលបានលើកឡើងថា ភាគីថៃបានប្រាប់ទៅប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ព្រំដែនកម្ពុជា-ថៃដោយចោទប្រកាន់មកលើកម្ពុជាថា ជាអ្នកបិទព្រំដែន ដើម្បីឱ្យប្រជាពលរដ្ឋខឹងមកលើរដ្ឋាភិបាលកម្ពុជា ប៉ុន្តែប្រជាពលរដ្ឋមិនឆោតទេ។ រដ្ឋាភិបាលកម្ពុជា អត់បិទទេ ប្រជាពលរដ្ឋខ្មែរធ្វើដំណើរវិលត្រឡប់មកស្រុកកំណើតវិញយើងបន្តទទួលដោយក្តីរីករាយ រាក់ទាក់បំផុត សម្រាប់ប្រជាជនថៃ យើងបន្តឱ្យពួកគាត់ចេញទៅប្រទេសពួកគេវិញដោយសម្រួលអត់មានឃាត់ទុក ដើម្បីជាចំណាប់ខ្មាំងទេ ប៉ុន្តែអ្នកផ្សេងទៀត អត់ឱ្យចេញទេ លើកលេងតែសិស្ស និងអ្នកជំងឺត្រូវសង្គ្រោះបន្ទាន់។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា៖ «សូមឱ្យទាំងប្រជាពលរដ្ឋខ្មែរ និងប្រជាពលរដ្ឋថៃ មានការយោបយល់ចំពោះកូនសោរ ដើម្បីចាក់បើកទ្វាព្រំដែន គឺវាមិនពិបាកទេ ស្ថិតក្នុងដៃថៃ ប៉ុន្តែមិនដឹងថា នៅលើយោធាថៃ ឬរដ្ឋាភិបាលថៃ សម្តេចមិនដឹងច្បាស់ទេ ប៉ុន្តែឱ្យតែអ្នកមានអំណាចបើកឱ្យប្រក្រតីឡើងវិញដូចមុនថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៥ ដែលថៃបានបិទជាឯកតោភាគី បើទៅស្ថានភាពដូចមុនកម្ពុជានឹងបើកតាមក្រោយយ៉ាងយូរយៈត្រឹម៥ម៉ោងប៉ុណ្ណោះ»។

ប្រមុខរដ្ឋាភិបាលបានបន្ថែមទៀតថា៖ «កម្ពុជាអត់ក្រឡិចក្រឡុចទេ គឺច្បាស់លាស់ ម៉ាត់ណា ម៉ាហ្នឹង ព្រោះកម្ពុជាមិនមែនជាអ្នកផ្តើមទេ ហើយកម្ពុជាក៏មិនយកបញ្ហាជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនមកលេងជាល្បែង ដើម្បីគៀបសង្កត់ផ្នែកនយោបាយនោះទេ។ ភាគីថៃជាអ្នកចាប់ផ្តើមមុន អញ្ចឹងភាគីថៃត្រូវតែបញ្ចប់ជាឯកតោភាគី មិនបាច់មានការចរចា»៕