2025-06-26 10:24
15

ឧត្តរមានជ័យ៖ សម្ដេចតេជោ ហ៊ុន សែន នាយកឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ បានប្រកាសទទួលយកតាមសំណើរបស់មេបញ្ជាការទាំងឡាយ នូវភារកិច្ចជាអគ្គភ័ស្ដុភារជាន់ខ្ពស់ សម្រាប់កងកម្លាំងប្រដាប់អាវុធ។ ក្នុងឱកាសនោះសម្តេចតេជោ ក៏បានលើកទឹកចិត្តដល់កងទ័ពកម្ពុជាទាំងអស់សូមកុំខ្លាចនៅក្នុងការវាយប្រហារជាមួយសត្រូវឈ្លានពានទឹកដីរបស់យើង។

សម្ដេចអគ្គមហាសេនាបតីតេជោ នាយកឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រកម្ពុជា បានប្រកាសដូច្នេះក្នុងឱកាសអញ្ជើញជួបប្រជុំជាមួយមេបញ្ជាការអង្គភាពចំណុះទិសទី២ និងទិសទី៣ នៅទីបញ្ជាការស្រាលទិសទី៣ ក្រុងសំរោង ខេត្តឧត្តរមានជ័យ នាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥នេះ។

លោក ជា ធីរិទ្ធ អ្នកនាំពាក្យសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានប្រាប់អ្នកយកព័ត៌មានឱ្យដឹងថា «នៅក្នុងកិច្ចប្រជុំនេះ សម្ដេចតេជោ ហ៊ុន សែន បានប្រកាសទទួលយកតាមសំណើរបស់មេបញ្ជាការទាំងឡាយ នូវភារកិច្ចជាអគ្គភ័ស្ដុភារជាន់ខ្ពស់ សម្រាប់កងកម្លាំងប្រដាប់អាវុធរបស់យើង ដែលជាការបញ្ជាក់យ៉ាងច្បាស់ពីសម្ដេចនៅក្នុងការជួយដល់កងទ័ពរបស់យើង ជាពិសេស គឺជាការធានានូវការផ្គត់ផ្គង់ដល់កងកម្លាំងរបស់យើង ដែលកំពុងតែប្រឈមមុខជាមួយនឹងសត្រូវ»។

នៅក្នុងឱកាសនេះ សម្ដេចតេជោ នាយកឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន បានបញ្ជាក់យ៉ាងច្បាស់ថា «សូមកងទ័ពទាំងឡាយកុំខ្លាច នៅក្នុងការវាយប្រហារជាមួយសត្រូវដែលឈ្លានពានយើង»។

សូមជម្រាបថា សម្តេចតេជោ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានអញ្ជើញដល់ក្រុមសំរោង ខេត្តឧត្តរមានជ័យនាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ ដើម្បីចុះសួរសុខទុក្ខ និងពិនិត្យស្ថានភាពកងទ័ពកម្ពុជា ដែលកំពុងឈរជើងដ៏អង់អាចក្លាហានបំផុតការពារទឹកដីជាប់ព្រំដែនថៃ។

សម្តេចតេជោ ហ៊ុន សែន ជាអគ្គមេបញ្ជាការកំពូល ដែលបានយកចិត្តទុក្ខដាក់ខ្ពស់បំផុតចំពោះយោធា ហើយក៏ជាអគ្គមេបញ្ជាការដែលពោរពេញដោយយុទ្ធសាស្ត្រសង្គ្រាមវាយយកឈ្នះលើសមរភូមិសង្គ្រាម ។

គួរបញ្ជាក់ថា កងទ័ព និងសព្វាវុធដ៏ទំនើបៗរបស់កម្ពុជា ត្រូវបានចល័តចេញពីបន្ទាយឆ្ពោះមកកាន់ខេត្តជាប់ព្រំដែនថៃ ទិសខេត្តឧត្តរមានជ័យ និងព្រះវិហារ បន្ទាប់ពីទាហានថៃ លបលួចបាញ់ប្រហារទាហានខ្មែរលើដីខ្មែរ កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥កន្លងទៅនេះ។ មកដល់ពេលនេះ ទាំងទាហាន និងសព្វាវុធរបស់កម្ពុជាត្រូវបានត្រៀមបម្រុងជាប់ប្រចាំ ដើម្បីការពារទឹកដីក្នុងករណីមានការឈ្លានពានណាមួយពីកងទ័ពថៃ ៕