2025-06-26 10:40
15

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចូលរួមអបអរសាទរ ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោមប្រធានបទ «រួមគ្នា បង្ការ ទប់ស្កាត់ និងកាត់ផ្តាច់ឫសគល់នៃបញ្ហាគ្រឿងញៀននៅកម្ពុជា» ក្នុងគោលដៅសំដៅធ្វើយ៉ាងណា បំផុសជាចលនាជាតិមួយ ដែលមានការចូលរួមពីគ្រប់វិស័យ ក្នុងការលើកកម្ពស់ការអប់រំពីផលប៉ះពាល់និងគ្រោះថ្នាក់ នៃគ្រឿងញៀន និងមានវិធានការម៉ឺងម៉ាត់ដាច់ខាតពីគ្រប់តួអង្គពាក់ព័ន្ធទាំងអស់ ដើម្បីឈានដល់ការកាត់ផ្តាច់ ឫសគល់នៃបញ្ហា និងទប់ស្កាត់ការវិលត្រលប់មកវិញនៃបញ្ហាគ្រឿងញៀន ដែលស្របទៅនឹងពាក្យស្លោកជាភាសាអង់គ្លេសរបស់អង្គការសហប្រជាជាតិសម្រាប់ទិវាអន្តរជាតិឆ្នាំ២០២៥ នេះ គឺ «BREAK THE CYCLE ឬហៅថា កាត់ផ្តាច់ការវិវដ្តនៃបញ្ហាគ្រឿងញៀន»។

សម្តេចធិបតី នាយករដ្ឋមន្ត្រី បានសរសេរបញ្ជាក់ថា៖ «ជាការពិតណាស់ រាជរដ្ឋាភិបាលកម្ពុជា តែងតែចាត់ទុក ទិវាដ៏មានអត្ថន័យមួយនេះ គឺជាថ្ងៃដ៏មានសារៈសំខាន់មួយ ដែលរំលឹកឱ្យយើងទាំងអស់គ្នាបានឃើញពីការប្តេជ្ញាចិត្ត កិច្ចខិតខំប្រឹងប្រែង ស្មារតីមោះមុត និងចលនាជាតិរបស់កម្ពុជា ក្នុងការចូលរួមប្រយុទ្ធប្រឆាំងគ្រឿងញៀននាឆ្នាំកន្លងទៅ តាមគ្រប់រូបភាព វិធីសាស្ត្រ និងយុទ្ធសាស្ត្រ សំដៅធ្វើយ៉ាងណា កាត់បន្ថយ និងឈានដល់ការលុបបំបាត់បញ្ហាគ្រឿងញៀនចេញពីសង្គមកម្ពុជា»។ 

សម្តេចធិបតី បានបន្ថែមទៀតថា៖ «កម្ពុជា ពិតជាមានមោទនភាពខ្ពស់ ដែលត្រូវបានទទួលការវាយតម្លៃពីការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការគ្រឿងញៀន និងឧក្រិដ្ឋកម្ម (UNODC) ជាប្រទេសគំរូមួយក្នុងការប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន កាលពីឆ្នាំ២០២៤ កន្លងទៅ ដែលមានលក្ខណៈអធិកអធម ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិទូទាំង ២៥ រាជធានី ខេត្ត»៕