2025-06-25 10:23
6

បន្ទាយមានជ័យ៖ ភ្នាក់ងារសន្តិសុខឯកជនម្នាក់ ត្រូវបានប្រធានសន្តិសុខចាប់ខ្លួន ប្រគល់ឲ្យកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធករណីលួចទូរសព្ទជាច្រើនគ្រឿង ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ។ 

តាមរបាយការណ៍បានឲ្យដឹងថា នៅវេលាម៉ោង ២៣និង០០នាទីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥ ជនរងគ្រោះឈ្មោះ គង់ វណ្ណរ៉ា ភេទប្រុស អាយុ ៤៥ឆ្នាំ រស់នៅភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ជាប្រធានសន្តិសុខ បាននាំសន្តិសុខឈ្មោះ រី សារ៉ាត់ ហៅកែវ ភេទប្រុស អាយុ ៣៧ឆ្នាំ រស់នៅភូមិសឹង្ហ ឃុំសឹង្ហ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ មកកាន់មូលដ្ឋានកងរាជអាវុធហត្ថស្រុកអូរជ្រៅ ហើយប្តឹងចោទប្រកាន់ស្ដីពីករណីលួចទូរសព្ទរបស់ខ្លួន។ 

តាមរបាយការណ៍បន្ថែមទៀតថា ឈ្មោះ រី សារ៉ាត់ (កែវ) បានលួចកាលពីថ្ងៃទី១៨-១៩-២១ ខែមិថុនា ឆ្នាំ២០២៥ នៅចំណុច ការដ្ឋានសំណង់ ស្ថិតនៅក្នុងភូមិប្រាសាទ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ព្រមទាំងយកបានវត្ថុតាងទូរសព្ទ ចំនួន ៣០ គ្រឿង។ 

លោកអនុសេនីយ៍ឯក ហ៊ូ សារី មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកអូរជ្រៅ បានឱ្យដឹងថា ក្រោយទទួលបាជនពាក្យបណ្ដឹងនិងមានវត្ថុតាង ព្រមទាំងស្ដាប់ចម្លើយសារភាពរបស់ជនសង្ស័យ កម្លាំងជំនាញធ្វើការឃាត់ខ្លួនភ្លាមៗ ហើយកសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។ 

លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មេីស បានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ។ 

បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តហើយ នៅព្រឹកថ្ងៃពុធ ទី២៥ ខែមិថុនា ឆ្នាំ២០២៥នេះ ដើម្បីអនុវត្តតាមនីតិវិធី។ ចំណែវត្ថុតាងត្រូវបានប្រគល់ជូនជនរងគ្រោះវិញហេីយដែរ៕