2025-06-25 12:13
15

ភ្នំពេញ៖ តាមការបញ្ជាក់របស់កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទកម្ពជា នាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ បានឲ្យដឹងថា៖ «កម្ពុជា-ជប៉ុន ពង្រឹងកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូយុទ្ធសាស្ត និងបានឯកភាពពិនិត្យលទ្ធភាពលើសកម្មភាពកិច្ចសហប្រតិបត្តិការមួយចំនួន និងការរៀបចំសមយុទ្ធទ្វេភាគី ក្រោមប្រធានបទ ជំនួយមនុស្សធម៌ និង សង្គ្រោះគ្រោះមហន្តរាយ»។

តាមសេចក្ដីប្រកាសព័ត៌មានរបស់កងទ័ពជើងគោក បានឲ្យដឹងថា៖ កម្ពុជា-ជប៉ុន ពង្រឹងកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូយុទ្ធសាស្ត នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ នៅបញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ នាយឧត្ដមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ព ជើងគោក បានជួបប្រជុំទ្វេភាគីជាមួយនឹង នាយឧត្តមសេនីយ៍ ម៉ូរីស៊ីតា យ៉ាស៊ូណូរិ (MORISHITA YASUNORI) មេបញ្ជាការកងស្វ័យការពារជើងគោកជប៉ុន ដែលកំពុងដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា។

ក្នុងជំនួបនេះ សមភាគីទាំងពីរ បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងដ៏ជិតស្និទ្ធរវាងកម្ពុជា-ជប៉ុន ដែល បានបង្កើតតាំងពីឆ្នាំ១៩៥៣ និងបានសម្តែងការពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការ ដែលមានការរីក ចម្រើនជាលំដាប់លើគ្រប់វិស័យ។

នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ បានថ្លែងអំណរគុណដល់ប្រទេសជប៉ុន ដែលបានចូលរួមស្វែងរកសន្តិភាព និងរក្សាសន្តិភាពនៅកម្ពុជា និងបានថ្លែងអំណរគុណដល់ រដ្ឋាភិបាល ក្រសួងការពារជាតិ កងស្វ័យការពារជប៉ុន ដែលតែងតែបានផ្ដល់ជំនួយជាសម្ភារៈ និងវគ្គហ្វឹកហ្វឺនដល់ កងយោធពលខេមរភូមិន្ទ និយាយជារួម និងកងទ័ពជើគោក និយាយដោយឡែក។

ជាការឆ្លើយតប នាយឧត្ដមសេនីយ៍ ម៉ូរីស៊ីតា យ៉ាស៊ូណូរិ (MORISHITA YASUNORI) បានចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំ ជាមួយក្រុមគ្រួសារនៃសពលោកព្រឹន្ទបាលឯក សួន រ៉ោន និង បានថ្លែងអំណរគុណចំពោះការរៀបចំ បដិសណ្ឋារកិច្ចស្វាគមន៍យ៉ាងកក់ក្ដៅ។ 

លោកបានបញ្ជាក់អំពីគោលបំណងដំណើរទស្សនកិច្ចមកកាន់កម្ពុជា នាឱកាសនេះ គឺដើម្បីបន្តជំរុញនូវការពង្រឹង និងពង្រីកកិច្ច សហប្រតិបត្តិការលើការបណ្តុះបណ្តាលធនធានមនុស្សដល់កងទ័ពជើងគោកកម្ពុជា។

នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ និង នាយឧត្ដមសេនីយ៍ ម៉ូរីស៊ីតា យ៉ាស៊ូណូរិ (MORISHIT YASUNORI) ក៏បានពិភាក្សាអំពីកាងាររកសាង សាលាបញ្ចូនសារ និងសាលាគីមីសាស្ត ចំណុះឲ្យកងទ័ពជើងគោក ដោយកងស្វ័យការពារជើងគោកជប៉ុន បានឯកភាពជាគោលការណ៍ក្នុងការជួយ បណ្តុះបណ្តាលយោធាចារ្យ កម្មវិធី និងខ្លឹមសារហ្វឹកហ្វឺន ព្រមទាំងសម្ភារបច្ចេកទេស។

បន្ថែមពីនេះ មេបញ្ជាការទាំងពីរ ក៏បានឯកភាពពិនិត្យលទ្ធភាពលើសកម្មភាពកិច្ចសហ ប្រតិបត្តិការមួយចំនួនរួមមាន៖ (១) ការរៀបចំសមយុទ្ធទ្វេភាគី ក្រោមប្រធានបទ ជំនួយមនុស្សធម៌ និង សង្គ្រោះគ្រោះមហន្តរាយ (HADR) (២) ការលោតឆត្រយោងមិត្តភាព (៣) ការផ្លាស់ប្តូរនាយទាហានវ័យក្មេង៕