2025-06-21 10:46
5

ភ្នំពេញ៖ លោក ហ៊ុន ម៉ានី ប្រធានសភាពសព័ន្ធយុវជនកម្ពុជា បានលើកឡើងថា៖ «ថ្ងៃនេះត្រូវជាខួបទី៤៨ នៃការចាកចេញរបស់ពុក ដើម្បីទៅស្វែងរកការសង្រ្គោះជាតិ និងប្រជាជន ពីរបបប្រល័យពូជសាសន៍ ឃ្លាតឆ្ងាយពីម៉ែ និងក្រុមគ្រួសារនៅពេលនោះ ដោយយកអាយុជីវិតធ្វើជាដើមទុន លោកបានមកចូលរួមបរិច្ចាគឈាម ជាមួយយុទ្ធនាការ «យើងរួមគ្នាបរិច្ចាគឈាម ដើម្បីសង្រ្គោះជីវិត» ដែលសហការរៀបចំដោយរដ្ឋបាលខេត្តសៀមរាប មជ្ឈមណ្ឌជាតិផ្តល់ឈាម សហភាពសហព័ន្ធយុវជនកម្ពុជា និងក្រុមបាល់ទាត់ពិធីករកីឡាកម្ពុជា នៅខេត្តសៀមរាប ដែលជាការបរិច្ចាគ លើកទី ១៥។ 

លោក ហ៊ុន ម៉ានី បានបញ្ជាក់ថា៖ «ឈាមមានសារៈសំខាន់សម្រាប់សង្រ្គោះជីវិត មិនថាអ្នកជំងឺដែលត្រូវការវះកាត់ អ្នករងរបួសដែលត្រូវការឈាម និងស្រ្តីឆ្លងទន្លេដែលបាត់បង់ឈាម ហើយដែលមានតម្រូវការជារៀងរាល់ថ្ងៃ»។ 

ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា សូមលើកទឹកចិត្ត ក៏ដូចជាអំពាវនាវដល់ពុកម៉ែ អ៊ុំ ពូមីង បងប្អូនទាំងអស់សូមចូលរួមបរិច្ចាគឈាម ដើម្បីជួយសង្រ្គោះជីវិតអ្នកដែលត្រូវការឈាម។ នេះជាអំពើជាកុសលមួយដ៏មានតម្លៃ ដែលបានមគ្គផលខ្ពស់ណាស់ មិនថាយើងមានជំនឿសាសនាណាទេ។ ម្យ៉ាងទៀត នៅពេលបងប្អូនបរិច្ចាគឈាម បងប្អូននឹងនឹកឃើញដល់សមាជិកគ្រួសារ ឬមនុស្សជាទីស្រលាញ់របស់យើង ប្រសិនបើអ្នកត្រូវការឈាមនោះជាពួកគាត់វិញ តើអារម្មណ៍របស់ក្រុមគ្រួសារដែលកំពុងស្រែកដង្ហោយហៅរកជំនួយនោះយ៉ាងណា។

ការប្រកួតបាល់ទាត់មិត្តភាព រវាងក្រុមបាល់ទាត់ពិធីករកីឡាកម្ពុជា ជួបជាមួយ ក្រុមបាល់ទាត់រដ្ឋបាលខេត្តសៀមរាប ត្រូវបានបញ្ចប់សម្រាប់យុទ្ធនាការបរិច្ចាគឈាមរយៈពេល១ថ្ងៃកន្លះនេះ បានទទួលឈាម រហូតដល់ទៅ ១.៥៥៥ ប្លោក ដែលបានបង្ហាញពីការស្វាគមន៍នូវការចូលរួមពីបងប្អូនអ្នកខេត្តសៀមរាបផ្ទាល់។ 

លោក ហ៊ុន ម៉ានី បានសម្តែងការកោតសរសើរ និងថ្លែងអំណរគុណជូនដល់គណៈកម្មការ និងក្រុមការងារទាំងអស់នៃក្រុមបាល់ទាត់ពិធីករកីឡាកម្ពុជា ដែលបានផ្តួចផ្តើមគំនិតរៀបចំសកម្មភាពនេះឡើង ដោយផ្សារភ្ជាប់ការលេងកីឡាជាមួយបុព្វហេតុសង្រ្គោះជីវិតមនុស្ស និងសូមថ្លែងអំណរគុណដល់អាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធ ក្នុងនោះរួមមាន រដ្ឋបាល ខេត្តសៀមរាប មជ្ឈមណ្ឌលជាតិផ្តល់ឈាម សហភាពសហព័ន្ធយុវជនកម្ពុជា និងវិស័យឯកជន ជាពិសេស គឺបងប្អូនប្រជាពលរដ្ឋអ្នកខេត្តសៀមរាបផ្ទាល់ដែលបានចូលរួមចំណែកយ៉ាងសស្រាក់សស្រាំធ្វើឱ្យកម្មវិធីនេះប្រព្រឹត្តទៅបានដោយជោគជ័យ សមតាមគោលបំណងដែលយើងបានដាក់ចេញ៕