
ភ្នំពេញ៖ ប្រមុខព្រឹទ្ធសភាកម្ពុជា សម្តេចតេជោ ហ៊ុន សែន បុរសខ្លាំងកម្ពុជា អតីតនាយករដ្ឋមន្ត្រី នាថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ នេះ បានរំឭកអំពីអតីតកាល៤៨ឆ្នាំ ពេលដែលសម្តេចបានឆ្លងកាត់ការតស៊ូ ដើម្បីរំដោះប្រទេសជាតិ ចេញពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម គឺសម្តេចបានយកជីវិតទៅប្តូរយកសន្តិភាពជូនប្រជាជនតាមរយៈនយោបាយ «ឈ្នះ ឈ្នះ»។
សម្តេចតេជោ បានសរសេរថា៖ «ទោះពេលវេលាបានកន្លងហួសរយៈពេល៤៨ឆ្នាំទៅហើយក្តីតែនៅពេលដែលសម្តេចនឹកឃើញដល់រឿងរ៉ាវដែលបានជួបប្រទះកាលពីថ្ងៃ២០ មិថុនា ១៩៧៧ ទឹកភ្នែកសម្តេចតែងស្រក់ចុះមកជាប់មិនដាច់។ ពិតជាខ្លោចផ្សា និងឈឺចាប់រកពាក្យនិយាយមិនបាន»។
បុរសខ្លាំងនៃកម្ពុជា បានបន្ថែមទៀតថា៖ «យើងមានតែជីវិតប៉ុណ្ណោះធ្វើជាដើមទុន ដើម្បីរំដោះជាតិ និងប្រជាជនចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។ ប្រសិនខ្ញុំស្លាប់នាពេលនោះតើនឹងមានអ្វីកើតឡើងនាពេល៤៥ឆ្នាំកន្លងមកនេះ?។ យកជីវិតទៅប្តូរយកការរស់រានមានជីវិតរបស់ប្រជាជន»។
ប្រមុខព្រឹទ្ធសភាបានសង្កត់ធ្ងន់ថា៖ «សម្តេចបានយកជីវិតទៅប្តូរយកសន្តិភាពជូនប្រជាជនតាមរយៈនយោបាយឈ្នះ ឈ្នះ។ យកអំណាចទៅប្តូរជាមួយសន្តិភាព និងការអភិវឌ្ឍរយៈពេលវែងតាមរយៈផ្ទេរការដឹកនាំពីជំនាន់ចាស់ទៅកាន់ជំនាន់ថ្មី»។
សម្តេចតេជោសែន បញ្ជាក់ថា៖ «ចូលចងចាំថា គ្មានជោគជ័យ ឬលទ្ធផលណាមួយដោយគ្មានការបង់ថ្លៃ ឬការលះបង់នោះឡើយ»៕

