2025-06-21 10:41
5

ភ្នំពេញ៖ បុរសខ្លាំងកម្ពុជា ជាប្រធានព្រឹទ្ធសភា បានលើកឡើងថា៖ «ថ្ងៃនេះ ឃើញបក្សប្រឆាំងថៃមួយ ជូនយោបល់ទៅរាជរដ្ឋាភិបាលថៃថាឲ្យឈប់លក់ប្រេងឲ្យកម្ពុជា ដែលនឹងធ្វើឲ្យកម្ពុជាចុះចាញ់»។ 

ជាការឆ្លើយតមទៅនឹងល្បែងគំរាមរបស់ភាគីថៃមកលើកម្ពុជា ម្តងហើយម្តងទៀតនេះ សម្តេចតេជោ ហ៊ុន សែន សូមបញ្ជាក់ទៅបក្សប្រឆាំងនៅថៃវិញថា៖ «យើងមិនស្លាប់ដោយសារមិននាំប្រេងពីថៃមកនោះទេ ប៉ុន្តែអ្នកដែលស្លាប់ គឺក្រុមហ៊ុន PTT របស់ថៃទៅវិញទេ។ តើអ្នកចង់ឲ្យក្រុមហ៊ុនថៃ PTT ស្លាប់មែនទេ? បើចង់សូមឲ្យអ្នកធ្វើតាមបំណងចុះ»។

សម្តេចតេជោបានបញ្ជាក់ថា៖ «សម្រាប់កម្ពុជា បានត្រៀមខ្លួនរួចរាល់ ដើម្បីដោះស្រាយស្ថានភាពដែលពួកអ្នកគំរាមរួចហើយ អុីនធើណែត អគ្គិសនី ពលករ និងពេលនេះ ល្បែងប្រេងធ្វើជាអាវុធប្រឆាំងយើងទៀត។ បញ្ហាពលករពេលមុន ពួកអ្នកមើលងាយ និងរើសអើងពលករខ្មែរ និងយកពលករធ្វើជាចំណាប់ខ្មាំងផង និងគំរាមយើងផង តែពេលដែលយើងប្រកាសទទួលយកពលករពេលនេះពួកអ្នកបែរជាចេះយកចិត្ត និងលួងលោមពលករ ព្រោះបើពលករខ្មែរចាកចេញរោងចក្រ កសិដ្ឋាន ក្រុមហ៊ុន ការដ្ឋានសំណង់មួយចំនួន អាចត្រូវបិទទ្វារ ព្រោះខ្វះកម្លាំងពលកម្ម»។ 

«បើពួកអ្នកក្លាហាន សូមពួកអ្នកបណ្តេញពលករខ្មែរសាកល្បងមើល តើវាប៉ះពាល់សេដ្ឋកិច្ចថៃខ្លះទេ? ប្រេងក៏ដូចគ្នាសូមសាកល្បងមើលចុះ តែគួរសួរក្រុមហ៊ុនថៃ PTT ជាមុនសិន ព្រោះក្រែងវាងាប់ក្រុមហ៊ុនថៃ ដែលកំពុងមានស្ថានីយលក់ប្រេងនៅកម្ពុជា ឬក៏ត្រូវឲ្យក្រុមហ៊ុនប្រេងរបស់ថៃ ទៅទិញប្រេងពីប្រទេសផ្សេងមកលក់នៅកម្ពុជា»។ នេះគឺជាការបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន។

ក្នុងនាមជាប្រធានគណបក្ស សម្តេចតេជោ សូមផ្តល់យោបល់ជូនរាជរដ្ឋាភិបាលពិចារណា និងម្ចាស់ការជាមុន ដោយបង្វែរការទិញទំនិញពីប្រទេសថៃ ដើម្បីកុំឲ្យគេមានហេតុផលគំរាមយើងតទៅទៀត និងចំពោះមុខប្រសិនច្រកទ្វារព្រំដែនមិនទាន់កែសម្រួលឲ្យដូចដើមវិញ កម្ពុជាគួរផ្អាកការនាំចូលគ្រឿងកំប៉ុងគ្រប់ប្រភេទ តាំងពីគ្រឿងស្រវឹង ភេសជៈប៉ូវកម្លាំងគ្រប់ប្រភេទរហូតដល់ត្រីខកំប៉ុង ឬសាច់កំប៉ុងគ្រប់ប្រភេទ ជំនួសដោយប្រើផលិតផលក្នុងស្រុក ឬផលិតផលនាំចូលពីប្រទេសផ្សេងៗក្រៅពីប្រទេសថៃ។ 
សម្តេចបានបញ្ជាក់ថា៖ «ប្រជាជនកម្ពុជាយើងគួរសម្លឹងមើលឲ្យឆ្ងាយ លើសពីព្រំដែនកម្ពុជា និងលើសពីឆ្នាំ២០៣០»៕