2025-06-20 14:53
10

ត្បូងឃ្មុំ៖ លោកឧបនាយករដ្ឋមន្ដ្រី ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា នាថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ នេះ បានថ្លែងថា៖ បញ្ហាព្រំដែនរវាងកម្ពុជា-ថៃ តាមទិន្នន័យជាបណ្តោះអាសន្នភាគីថៃមិនគោរពតាម MoU ឆ្នាំ២០០០ មកលើកម្ពុជា សុរមចំនួន ៦៩៥ ករណី រាប់ទាំងការធ្វើផ្លូវ ល្បាត និងកើតមានថ្មីបន្តទៀតមិនទាន់បានរាប់បញ្ចូលផង។ 

ប្រមុខការពារជាតិកម្ពុជា បានថ្លែងយ៉ាងដូច្នេះ ក្នុងវេទិការសាធារណៈនៅខេត្តត្បូងឃ្មុំ នាឱកាសអញ្ជើញជាអធិបតីពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៤៨ ទិវានៃការចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងខួបលើកទី៤៧ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្រ្គោះជាតិកម្ពុជា។

លោកឧបនាយករដ្ឋមន្ដ្រី ទៀ សីហា បានលើកឡើងថា៖ «ក្នុងកិច្ចប្រជុំ JBC កន្លងទៅ លោកបានទទួលព័ត៌មានថា ភាគីថៃបានចោទប្រកាន់កម្ពុជាថា បំពាន MoU ឆ្នាំ២០០០ ចំនួន ៤៩៧ ករណី ដោយគ្រាន់តែរឿងធ្វើស្រែលើបន្តិចបន្តួច ឡើងច្រៀងលើប្រាសាទតាមាន់…ក៏ថៃរាប់ថាជាការបំពាន MoU ឆ្នាំ២០០០ ខណៈថៃខ្លួនឯងបំពានកម្ពុជាដាច់តែម្ដង។

នាយឧត្តមសនីយ៍ ទៀ សីហា រដ្ឋមន្ដ្រីក្រសួងការពារជាតិកម្ពុជា បានថ្លែងយ៉ាងដូច្នេះថា «តាមការចងក្រឯកសារ ភស្ដុតាងគ្រប់គ្រាន់ គឺភាគីថៃបានបំពានលើ MoU ឆ្នាំ២០០០ សរុបមកជាបណ្ដោះអាសន្ន មានចំនួន ៦៩៥ ករណី ហើយពេលនេះនៅមានបន្តទៀត ដូចជាមានការធ្វើផ្លូវ និងដើរល្បាតដោយមិនជូនដំណឹងមកភាគីកម្ពុជាជាដើម»។

ឧបនាយករដ្ឋមន្ដ្រី ទៀ សីហា  បញ្ជាក់ថា៖ «ភាគីថៃតែងទាមទារចង់បានសន្ដិភាព និងមិនចង់មានបញ្ហាជាមួយកម្ពុជាទេ ថែមទាំងអះអាងថា ការដាក់ទ័ពរបស់គេមកព្រំដែន ដើម្បីការពារប្រទេសរបស់គេ ដូច្នេះកម្ពុជាក៏ពង្រាយកម្លាំងទ័ព ដើម្បីការពារអធិបតេយ្យភាព និងបូរណភាពទឹកកម្ពុជាដូចគ្នា»៕