
ឯកឧត្តម ប៉ែន បូណា នារសៀលថ្ងៃទី២០ មិថុនា ២០២៥ នេះបានបង្ហោះសារថា ៖ សូមកុំខំលាបពណ៌កម្ពុជាដើម្បីបិទបាំងភាពអាម៉ាស់របស់ខ្លួន មន្ត្រីថៃកំពុងព្យាយាមបិទបាំងភាពអាម៉ាស់របស់ខ្លួនដែលបំពានមកលើកម្ពុជា ដោយបានបាញ់សម្លាប់កងទ័ពខ្មែរយើងម្នាក់ក្នុងទឹកដីរបស់យើង បានគំរាមកំហែងបង្កសង្គ្រាម ការបិទព្រំដែនជាឯកតោភាគី និងការគំរាមផ្តាច់ភ្លើង ផ្តាច់អ៊ិនធឺណិត ដែលជាអំពើបែបទំនើងនិងមាក់ងាយដល់កម្ពុជា។ ជាពិសេសថៃបានបដិសេធមិនព្រមទៅដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីតាមផ្លូវតុលាការជាមួយកម្ពុជានៅឯតុលាការយុត្តិធម៌អន្តរជាតិ។ ទាំងនេះបានធ្វើឱ្យពិភពលោកមើលឃើញថា ថៃជាកូនអាក្រក់ ខណៈដែលកម្ពុជាគឺជាកូនល្អរបស់ពិភពលោកពីព្រោះកម្ពុជាជ្រើសរើសយកសន្តិភាព និងគោរពច្បាប់អន្តរជាតិ។
ដូច្នេះ មន្ត្រីថៃកំពុងខិតខំបិទបាំងរូបភាពដ៏អាក្រក់ទាំងនេះដោយព្យាយាមបង្ខូចបង្កាច់កម្ពុជា។ ប៉ុន្តែ ជារឿងឥតប្រយោជន៍ទេពីព្រោះពួកគេមិនអាចយកដៃបិទបាំងព្រះអាទិត្យបានឡើយ។ ឯកឧត្តម ប៉ែន បូណា សូមផ្តល់យោបល់ថា រដ្ឋាភិបាលថៃគួរព្យាយាមដោះស្រាយបញ្ហាផ្ទៃក្នុងរបស់ខ្លួនដែលកំពុងបែកបាក់យ៉ាងខ្លាំងវាប្រសើរជាជាងមកខំនិយាយបង្ខូចឈ្មោះកម្ពុជា៕


