2025-06-20 14:39
15

ត្បូងឃ្មុំ៖ ប្រមុខការពារជាតិកម្ពុជា នាយឧត្តមសេនីយ៍ ទៀ សីហា បានថ្លែងបញ្ជាក់នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ នេះថា៖ «ភាគីថៃ គេបង្អូតមានសព្វាវុធទំនើបៗកាំច្រួច យន្តហោះចម្បាំង នាវាចម្បាំង ទាំងជើងអាកាស ជើងទឹក និងគោងគោក សម្រាប់ខ្មែរគ្មានអ្វីអួតទេ តែខ្មែរមានសមភាពការពារប្រទេសរបស់ខ្លួន អធិបតេយ្យភាព បូរណភាពទឹកដី មានសព្វាវុធ ដើម្បីបាញ់កម្ទេចសម្ភារៈយោធាទំនើបៗទាំងនោះបាន»។

នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជារិ បានលើកឡើងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងកម្មវិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៨ ទិវានៃការចងចាំដំណើរឆ្ពោះ ទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងខួបលើកទី៤៧ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្រ្គោះជាតិកម្ពុជា នាព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥។

ប្រមុខការពារជាតិកម្ពុជា បានថ្លែងថា៖ «ថៃបង្ហោះកាំជ្រួច បង្ហោះសព្វាវុធ មិនថា ដែនអាកាស មានយន្ដហោះចម្បាំង មានកាំភ្លើងធំ មាននាវាចម្បាំង ទាំងគោក ទឹក អាកាស មានគ្រប់ [...] ខ្មែរមានអ្វីទេ និងសូមជម្រាបថា ខ្មែរមិនមានយន្ដហោះចម្បាំង មិនមាននាវាចម្បាំងនោះទេ ព្រោះដោយសារខ្មែរបំពេញសមត្ថភាព ដើម្បីការពារប្រទេស ដោយមានអាវុធបាញ់ការពារអាកាស អាវុធប្រឆាំងរថក្រោះ រថពាសដែក ហើយក៏មានអាវុធដើម្បីបាញ់នាវាចម្បាំងនៅជូរមុខដែនសមុទ្រកម្ពុជា»។

នាយឧត្តមសេនីយ៍ ទៀ សីហា បានបញ្ជាក់ថា៖ «កម្ពុជាបានសហការ ជាមួយភាគីមិត្ដមួយចំនួន ក្នុងការលើកតម្កើងសមត្ថភាពយោធា ត្រឹមការពារប្រទេស ដាច់ខាត គឺការពារប្រទេស មិនមានតម្កើងសព្វាវុធ ក្នុងការឈ្លានពានគេនោះទេ»៕