
មេបញ្ជាការនៃកងប្រតិបត្តិការ Burapa Task Force របស់កងទ័ពថៃ នៅថ្ងៃអង្គារ ទី១៧ មិថុនានេះ បានហាមឃាត់ជនជាតិថៃ មិនឱ្យឆ្លងព្រំដែនមកធ្វើការនៅកន្លែងកម្សាន្ត និងកាស៊ីណូ ក្នុងក្រុងប៉ោយប៉ែតនោះទេ រហូតដល់មានការជូនដំណឹងជាថ្មី។។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍។
លោកឧត្តមសេនីយ៍ទោ បេនឆាប៉ល ដេចាធីវង្ស អាយុធ្យា (Benchapol Dechatiwong na Ayutthaya) មេបញ្ជាការកងកម្លាំង Burapa Task Force បានចេញបទបញ្ជាជាលាយលក្ខណ៍អក្សរ ប្រាប់ទៅមេប៉ូលិសអន្តោប្រវេសន៍ប្រចាំខេត្តស្រះកែវ នាថ្ងៃអង្គារនេះ។
បទបញ្ជាជាលាយលក្ខណ៍អក្សរនេះ គឺបានហាមឃាត់ជនជាតថៃទាំងអស់ ដែលធ្វើការងារនៅមណ្ឌលកម្សាន្ត និងកាស៊ីណូក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មិនត្រូវឆ្លងកាត់ព្រំដែនក្នុងខេត្តស្រះកែវ ចូលមកកាន់ទឹកដីកម្ពុជា នោះឡើយ។
បទបញ្ជានេះ ត្រូវបានធ្វើឡើងក្នុងគោលបំណងធានាសុវត្ថិភាពរបស់ប្រជាជនថៃ និងបានចូលជាធរមាន នៅម៉ោង ៨ព្រឹកថ្ងៃអង្គារ ទី១៧ ខែមិថុនា ហើយនឹងបន្តមានសុពលភាព រហូតដល់មានការសម្រេចកែសម្រួលជាថ្មី៕



