
ជាការឆ្លើយតមទៅនឹងការគំរាមរបស់ភាគីថៃមកលើកម្ពុជា នាពេលកន្លងទៅជុំវិញបញ្ហាជម្លោះព្រំដែន កាលពីម៉ោង១២យប់មិញ រាជរដ្ឋាភិបាលបានសម្រេចបញ្ឈប់ការប្រើប្រាស់អគ្គិសនី សេវាផ្គត់ផ្គង់អ៊ិនធើណេតមានប្រភពមកពីថៃ និងបញ្ឈប់ការចាក់បញ្ចាំងរឿងថៃលើកញ្ចក់ទូរទស្សន៍ រោងកុន និងទីសាធារណៈនានា។
បុរសខ្លាំងកម្ពុជា នាព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ នេះ បានចេញនូវសារនយោបាយបន្ថែមទៀត ប្រាប់ទៅរដ្ឋាភិបាលកម្ពជានូវគោលការណ៍ទាំង ៦ចំណុច ក្នុងករណីភាគីថៃមិនព្រមបើកច្រកព្រំដែនដែលខ្លួនបិទជាឯកតោភាគី កម្ពុជាត្រូវធ្វើ គឺ «ទី១៖ ប្រកាសបិទឈប់ទិញទំនិញថៃមកប្រើប្រាស់ក្នុងទីផ្សារកម្ពុជាគឺមានន័យថា “ឈប់ប្រើទំនិញថៃ ជំនួសដោយការប្រើទំនិញក្នុងស្រុក និងទំនិញមកពីប្រទេសផ្សេងក្រៅពីថៃ”។ ទី២៖ ត្រៀមទិញទំនិញដែលភាគច្រើនជាកសិផលរបស់ប្រជាជនដែលធ្លាប់លក់ឲ្យថៃ ដោយខិតខំរកទីផ្សាជូនប្រជាជនទាំងក្នុងស្រុក និងក្រៅស្រុក។
ចំណុចទី៣ និងទី៤ បុរសខ្លាំងរបស់កម្ពុជា បានណែនាំឱ្យដល់រដ្ឋាភិបាល ត្រូវបង្វែរអ្នកជម្ងឺដែលធ្លាប់ទៅព្យាបាលក្នុងប្រទេសថៃ មករកមន្ទីរពេទ្យក្នុងស្រុក ឬទៅប្រទេសផ្សេងវិញ និងត្រៀមទទួលយក និងដោះស្រាយការងារជូនពលករដែល និងវិលត្រឡប់ពីប្រទេសថៃ។ កម្ពុជាកំពុងខ្វះកម្លាំងពលកម្មទាំងក្នុងវិស័យឧស្សាហកម្ម ទាំងក្នុងវិស័យកសិកម្ម និងសំណង់រាប់សិបម៉ឺនកន្លែង។ បងប្អូនពលករអាចចាកចេញមកកម្ពុជាមុនថៃបណ្តេញចេញ ដែលពេលនេះកំពុងទទួលការមើលងាយ និងប្រមាថយ៉ាងធ្ងន់ធ្ងរនៅតំបន់មួយចំនួន។
ត្រង់ចំណុចទី៥ និងទី៦ សម្តេចតេជោសែន បានសង្កត់ធ្ងន់ថា៖ «កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ត្រូវត្រៀម២៤ម៉ោងលើ២៤ម៉ោង ដើម្បីវាយបកការពារខ្លួនក្នុងករណីមានការឈ្លានពាន។ បណ្តាខេត្តនៅជិតព្រំដែនត្រូវត្រៀមជម្លៀសប្រជាជនចេញមកកាន់តំបន់មានសុវត្តិភាព និងដោះស្រាយស្បៀងអាហារ ថ្នាំពេទ្យ និងសំភារៈចាំបាច់ផ្សេងទៀត»។
អតីតនាយករដ្ឋមន្ត្រីដ៏មានឥទ្ធិពលរូបនេះ បានបញ្ជាក់ថា៖ «បើថៃមិនធ្វើការដោះស្រាយច្រកព្រំដែនឲ្យវិលមករកភាពប្រក្រតីវិញ យើងគ្មានជម្រើសក្រៅពីធ្វើការទាំងអស់នេះទេ»។
បុរសខ្លាំងកម្ពុជា សូមអំពាវបងប្អូនជនរួមជាតិ សូមកុំធ្វើអំពើជ្រុលនិយមដូចជាបាតុកម្មប្រឆាំងស្ថានទូតថៃ ក្រុមហ៊ុនថៃ និងជនជាតិថៃនៅកម្ពុជា និងសូមកុំស្អប់ខ្ពើមប្រកាន់ពូជសាសន៍ ចំពោះជនជាតិថៃដែលភាគច្រើនលើសលប់ជាមនុស្សល្អ។ មានតែក្រុមជ្រុលនិយម និងយោធាមួយចំនួនប៉ុណ្ណោះ ដែលបង្ករឿងជាមួយកម្ពុជា ព្រោះជាទម្លាប់រដ្ឋាភិបាលថៃ មិនអាចគ្រប់គ្រងកងទ័ពបានដូចប្រទេសយើងនោះទេ៕