2025-06-12 22:33
77

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានផ្តល់យោបទៅរាជរដ្ឋាភិបាលកម្ពុជាថា ក្រៅពីបញ្ហាប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) កម្ពុជាគួរពិចារណាបញ្ឈប់ការចាក់ផ្សាយខ្សែភាពយន្តថៃ លើកញ្ចក់ទូរទស្សន៍កម្ពុជាទាំងអស់ និងអាចឈានទៅបញ្ឈប់ការនាំទំនិញថៃមកប្រើនៅក្នុងប្រទេសកម្ពុជា។ នេះជាការបង្ហោះរបស់សម្តេចតេជោ នៅវេលាម៉ោង ១០យប់ថ្ងៃទី១២ ខែមិថុនានេះ។

សម្តេចតេជោបានលើកឡើងថា៖ «កន្លងមកក្រុមជ្រុលនិយមថៃ ដោយមានការគាំទ្រពីពួកយោធាដែលនិយមសង្រ្គាមបានគំរាមមកកម្ពុជាថា នឹងកាត់ភ្លើងកាត់អ៊ិនធើណែត។ កាត់ភ្លើងអី បើកម្ពុជាមិនប្រើភ្លើងថៃផង។ កាត់អ៊ិនធើណែតអី បើកម្ពុជាមានអ៊ិនធើណែតប្រើគ្រប់គ្រាន់ហើយនោះ»

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា៖ «ខ្ញុំតែងបានអំពាវនាវកុំឲ្យបញ្ហារីករាលដាលពីបញ្ហាជម្លោះយោធានៅតំបន់មួយ រីករាលដាលដល់កន្លែងផ្សេងទៀត និងកុំរីករាលដាលដល់វិស័យផ្សេងទៀត។ តែពេលនេះវាបានរីករួចស្រេចទៅហើយដូចជា ការបិទព្រំដែនជាឯកតោភាគី បន្ថយចំនួនថ្ងៃស្នាក់នៅ ជាឯកតោភាគី និងការគំរាមកាត់ភ្លើង កាត់អ៊ិនធើណែត ការរាយលួសបន្លាតាមច្រកព្រំដែនខ្លះដោយធ្វើតាមទំនើងចិត្ត»។ 

អតីនាយករដ្ឋមន្ត្រី ដ៏មានឥទ្ធិពលរបស់កម្ពុជា បានសង្កត់ធ្ងន់ថា៖ «បើបានជាជ្រុលរបៀបនេះទៅហើយ ខ្ញុំសូមជូនយោបល់ទៅរាជរដ្ឋាភិបាលថា ក្រៅពីបញ្ហាប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) កម្ពុជាគួរពិចារណាបញ្ឈប់ការចាក់ផ្សាយខ្សែភាពយន្តថៃលើកញ្ចក់ទូរទស្សន៍កម្ពុជាទាំងអស់ និងអាចឈានទៅបញ្ឈប់ការនាំទំនិញថៃមកប្រើក្នុងកម្ពុជាផងដែរ»

សម្តេចតេជោ បានបញ្ជាក់ថា៖ «កម្ពុជាមិនគួរខ្លាចថៃបណ្តេញពលករខ្មែរត្រឡប់មកប្រទេសវិញនោះទេ ព្រោះរឿងនេះយើងក៏លំបាក ថៃខ្លួនឯងក៏លំបាក ដោយសារក្រុមហ៊ុនថៃ ខ្វះកម្លាំងពលកម្មដែលធ្វើឲ្យសេដ្ឋកិច្ចថៃរងផលប៉ះពាល់មួយផ្នែកផងដែរ។ រឿងទាំងនេះសុទ្ធតែជាផ្តល់មតិសម្រាប់ការពិចារណាតែរឿងគួរធ្វើភ្លាម គឺបញ្ឈប់ការចាក់បញ្ចាំងខ្សែភាពយន្តថៃលើកញ្ចក់ទូរទស្សន៍កម្ពុជា»