2025-06-12 16:58
15

កណ្តាល៖ អ្នកកាសែតស្រវឹងស្រា ០៣នាក់ ស្រែកសំឡុតនគរបាលស្រុកអង្គស្នួល ក្នុងករណីសង្ឃលួចលាក់មានស្រីស្នេហ៍ នៅវត្តឈូកក្រពុំ ខណៈពេលដែលកម្លាំងសមត្ថកិច្ចចុះទៅដល់វត្តអង្គពពាយមានជ័យ ដើម្បីសាកសួរបំភ្លឺនារីដែលមានទំនាក់ទំនងស្នេហាជាមួយព្រះសង្ឃបារាជិក។

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានចុះផ្សាយលើបណ្តាញសង្គមនូវខ្លឹមសារថា៖ «អួតខ្លួនឯងជាមន្ត្រី ប៉ុន្តែគ្មានឯកសណ្ឋាន និងពាក់កាតសម្គាល់ខ្លួនត្រឹមត្រូវ ប្រើសម្ដីគ្មានសីលធម៌ វិជ្ជាជីវៈជាមន្ត្រីសោះ សូមគោរពជូនលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល ជួយពិនិត្យមើល កូនចៅក្រោមឱវាទផងទាន»។

ក្រោយពីទទួលបានព័ត៌មាននេះភ្លាម ដោយអនុវត្តតាមបទបញ្ជាលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល លោកវរសេនីយ៍ឯក មាន សំណាង អធិការនគរបាលស្រុកអង្គស្នួល បានបញ្ជាកម្លាំងជំនាញស្រាវជ្រាវពាក់ព័ន្ធការផ្សព្វផ្សាយព័ត៌មានខាងលើ ដើម្បីឱ្យដឹងការពិត ផ្តើមឡើងដោយបញ្ហាអ្វីឱ្យពិតប្រាកដ។

នគរបាលបញ្ជាក់ថា៖ លទ្ធផលបានបង្ហាញថាកាលថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង ១៤និង១៥នាទី នៅវត្តឈូកក្រពុំ ស្ថិតនៅភូមិខ្នា ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល មានព្រះសង្ឃ ០១អង្គ គង់ក្នុងវត្តឈូកក្រពុំ បានបារាជិក (លួចលាក់មានស្នេហាជាមួយនារីម្នាក់) ត្រូវបានចៅអធិការវត្តតាមទាន់រួចឃាត់ប្រគល់ឱ្យ វត្តអង្គពពាយមានជ័យ ស្ថិតនៅភូមិត្រពាំងផ្លុង ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល ជាសាលាអនុគណស្រុកអង្គស្នួល ដើម្បីអនុវត្តវិន័យសង្ឃ។ ដោយមានសំណូមពរពីចៅអធិការវត្តអង្គពពាយមានជ័យ ព្រះអនុគណស្រុក ឱ្យកម្លាំងសមត្ថកិច្ចសួរនាំនារីដែលមានទំនាក់ទំនងស្នេហាជាមួយព្រះសង្ឃបារាជិកនោះ។ 

ក្រោយទទួលបានព័តត៌មាន លោកអធិការនគរបាលស្រុកអង្គស្នួល មាន សំណាង បានចាត់កម្លាំងផ្នែកជំនាញស្រុក ដឹកនាំដោយលោកស្រីអនុសេនីយ៍ទោ មឿន ផល្លីន អធិការរងទទួលផែនការងារប្រឆាំងការជួញដូរមនុស្ស ការពារអនីតិជន និងយេនឌ័រ រួមដំណើរដោយ លោកវរសេនីយ៍ត្រី រេន រដ្ឋា នាយផ្នែកនគរបាលយុត្តិធម៌ និងលោកអនុសេនីយ៍ឯក ប៊ុន វិសាល នាយផ្នែកនគរបាលយុត្តិធម៌ បានចុះទៅដល់វត្តអង្គពពាយមានជ័យ សួរបំភ្លឺនារីដែលមានទំនាក់ទំនងស្នេហាជាមួយព្រះសង្ឃបារាជិក។ ករណីនេះពុំមានការប្តឹងផ្តល់ទេ ចំណែកព្រះសង្ឃបារាជិក ត្រូវបានសាលាអនុគណចាប់ផ្សឹកផងដែរ។

ហេតុការណ៍នេះ ក៏មានអ្នកសារព័ត័មាន ចំនួន ០៣នាក់ ភេទប្រុស ក្នុងស្ថានភាពស្រវឹងស្រា បានចុះទៅដល់វត្តឈូកក្រពុំ ហើយតាមមកដល់វត្តអង្គពពាយមានជ័យ ដើម្បីយកព័ត៌មាន។ ពេលមកដល់វត្តអង្គពពាយមានជ័យ អ្នកសារព័ត៌មានបានយកទូរសព្ទថត ពេលនោះមានព្រះសង្ឃនៅវត្តអង្គពពាយមានជ័យ បានប្រាប់មកលោកវរសេនីយ៍ត្រី រេន រដ្ឋា ដើម្បីជួយហាមអ្នកសារព័ត៌មានកុំឱ្យថត ពេលនោះលោកវរសេនីយ៍ត្រី រេន រដ្ឋា បានទូលទៅព្រះសង្ឃវិញថា៖ «ការងារនេះ ជាសិទ្ធិរបស់ព្រះសង្ឃ បើគ្មានការអនុញ្ញាត គឺប៉ះពាល់ដល់សិទ្ធិបុគ្គលហើយ»។ នៅពេលនោះស្រាប់តែអ្នកសារព័ត៌មាន ខឹងច្រឡោតជាមួយលោកវរសេនីយ៍ត្រី រេន រដ្ឋា និងបានបដិសេធថា៖ «មិនបានថតទេ និងស្រែកសំឡុតខ្លាំងៗ» ចំណែកលោកវរសេនីយ៍ត្រី រេន រដ្ឋា ក៏ប្រាប់ទៅវិញថា «មិនបានចោទថាអ្នកសារព័ត៌មានបានថតនោះទេ គាត់និយាយតែជាមួយសង្ឃទេ ហើយបើថតកុំថតប៉ូលីស ព្រោះប៉ូលីសមិនអនុញ្ញាតទេឱ្យថតទេ» ទើបធ្វើឱ្យមានទាក់ពាក្យសំដីខ្លាំងដាក់គ្នា។ ដោយឮសំដីអ្នកសារព័ត៌មានស្រែកសំឡុតខ្លាំងៗ ទើបលោកវរសេនីយ៍ត្រី រេន រដ្ឋា និយាយថា «បងទៅប៉ះជាមួយសមត្ថកិច្ចស្រុកណាខ្ញុំអត់ដឹងទេ តែបើប៉ះជាមួយសមត្ថកិច្ចស្រុកអង្គស្នួលមិនបានទេ រួចក៏ដើរចេញទៅ»។ 

ចំពោះលោកវរសេនីយ៍ត្រី រេន រដ្ឋា បានស្លៀកពាក់ស៊ីវិលមិនបានពាក់ឯកសណ្ឋាននគរបាលជាតិ ពេលចុះបំពេញភារកិច្ចនោះ អធិការដ្ឋាននគរបាលស្រុកអង្គស្នួល បានអញ្ជើញលោកវរសេនីយ៍ត្រី រេន រដ្ឋា មកធ្វើការអប់រំតាមវិន័យកងកម្លាំងនគរបាលបាតិលេខ ៨៧៣ សូមសាធារណជនដែលប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម និងបណ្តាញសារព័ត៌មានមេត្តាជ្រាបតាមការគួរ៕