2025-06-04 07:36
26

នៅព្រឹកថ្ងៃអង្គារ ទី៣ ខែមិថុនា ឆ្នាំ២០២៥នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងតម្រង់ទិសដល់សិក្ខាកាមចំនួនបីវគ្គ រួមមាន "វគ្គបំប៉នជំនាញចរាចរណ៍ផ្លូវគោក វគ្គបំប៉នជំនាញ ប្រឆាំងភេរវកម្ម និងវគ្គបំប៉នជំនាញបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ" ដែលមានសិក្ខាកាមសរុបចំនួន២៥០នាក់ នារីចំនួន១៥នាក់ នៅសាលានគរបាលជាតិមិត្តភាពកម្ពុជា-វៀតណាម ក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
ក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ប្រធានបណ្ឌិត្យសភា ក៏បានបញ្ជាក់ថា ការដាក់ឱ្យដំណើរការនៃវគ្គបំប៉នទាំង៣នេះ ពិតជាបានឆ្លុះបញ្ចាំងអំពីការបំពេញភារកិច្ចរបស់បណ្ឌិត្យ សភានគរបាលកម្ពុជា ដូចខាងក្រោម៖
ទី១- បណ្ឌិត្យសភាបានអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រោមគំនិតដឹកនាំប្រកបដោយគតិបណ្ឌិតនិងទស្សនវិស័យវែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានដាក់ចេញនូវគោលនយោបាយកំណែទម្រង់កងកម្លាំងនគរបាលជាតិ។
ទី២- បណ្ឌិត្យសភាបានអនុវត្តផែនការកំណែទម្រង់ធនធានមនុស្សរបស់ក្រសួងមហាផ្ទៃ ក្រោមការដឹកនាំនិងបញ្ជាផ្ទាល់របស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ប្រកបដោយគំនិតប្រាជ្ញាអភិវឌ្ឍន៍ និងជឿនលឿន ក្នុងការពង្រឹងសមត្ថភាពជំនាញ ការលើកកម្ពស់ក្រមសីលធម៌វិជ្ជាជីវៈ និងការពង្រឹងវិន័យកងកម្លាំងនគរបាលជាតិ តាមរយៈការបណ្តុះបណ្តាលដ៏ត្រឹមត្រូវ ប្រកបដោយគុណភាព ស្របតាមស្ដង់ដាកំណត់៕