2025-06-05 14:27
34

នៅក្នុងសង្គមប្រកបដោយរដ្ឋធម្មនុញ្ញ និងច្បាប់នាពេលមានវិវាទកើតឡើង មនុស្សមិនគួរធ្វើអំពើគ្មានច្បាប់ ដូចជាការសងសឹក ឬប្រើកម្លាំង ដើម្បីដោះស្រាយវិវាទនោះទេ។ វិធីដ៏សមរម្យ និងអភិវឌ្ឍន៍បំផុតក្នុងការដោះស្រាយវិវាទ គឺការបញ្ចូនសំណុំរឿងទៅតុលាការ ដើម្បីឲ្យមានការដោះស្រាយដោយសន្តិវិធី ប្រកបដោយភាពស៊ីវិល័យ និងយុត្តិធម៌។

នេះជាទស្សនៈរបស់លោកបណ្ឌិត ជា ច័ន្ទបរិបូរណ៍ អ្នកជំនាញផ្នែកវិទ្យាសាស្រ្ដនយោបាយ និងសេដ្ឋកិច្ចជាតិ អន្ដរជាតិ និងជាឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពកម្ពុជាប្រចាំប្រទេសប៊ុលហ្គារី ប្រទេសរ៉ូម៉ានី សាធារណរដ្ឋក្រិក និងសាធារណរដ្ឋស៊ីប ដែលមាននិវេសនដ្ឋាននៅទី ក្រុងសូហ្វីយ៉ា។

លោកបណ្ឌិតបានសរសេរថា៖ «តុលាការជាស្ថាប័នតែមួយក្នុងសង្គមដែលមានអំណាចផ្លូវច្បាប់ ដើម្បីបម្រើយុត្តិធម៌។ តុលាការដើរតួនាទីជាអ្នកកាត់ក្តី ដោយផ្អែកលើភស្ដុតាង ការស្នើសុំ និងនិតិវិធីស្របច្បាប់។ ដូច្នេះ អំពើនៃការជ្រើសយកបញ្ហាទៅតុលាការ គឺជាការបង្ហាញពីគុណធម៌នៃប្រជាធិបតេយ្យ និងការគោរពរបបនៃច្បាប់»។

បន្ថែមពីនេះ លោកបណ្ឌិត ជា ច័ន្ទបរិបូរណ៍ អ្នកជំនាញផ្នែកវិទ្យាសាស្រ្ដនយោបាយ និងសេដ្ឋកិច្ចជាតិ បានបញ្ជាក់ថា៖ «ការដោះស្រាយនៅតុលាការមិនត្រឹមតែជាសន្តិវិធីប៉ុណ្ណោះទេ ប៉ុន្តែវានិងជួយរកវិធីសម្រេចចុងក្រោយដែលមានសុពលភាពផ្លូវច្បាប់ ដែលគ្រប់ភាគីត្រូវគោរព។ វានាំឲ្យកើតមានសេរីភាពនៃទំនាក់ទំនង ការរស់នៅដោយមានសន្តិភាព និងការជៀសវាងអំពើហិង្សាឬកង្វល់ផ្សេងៗ»។

ក្នុងនាមជាសមាជិកសង្គម យើងគួរមានការយល់ដឹង និងគោរពនីតិវិធីផ្លូវច្បាប់។ ការជ្រើសយកវិវាទទៅតុលាការ មិនមែនជាសញ្ញានៃភាពខ្សោយទេ ប៉ុន្តែវាជាសញ្ញានៃភាពអភិវឌ្ឍន៍ និងវប្បធម៌ច្បាប់របស់សង្គម។ នេះជាវិធីសាស្ត្រដែលអភិវឌ្ឍន៍នានា ប្រទេសខាងមុខរួចយកអនុវត្តជារៀងរាល់ថ្ងៃ ដើម្បីធានាសិទ្ធិ និងយុត្តិធម៌សម្រាប់ប្រជាពលរដ្ឋ។ លោកបណ្ឌិតបានបន្ថែម។

សរុបចុងក្រោយ ការដោះស្រាយវិវាទតាមរយៈតុលាការ គឺជាវិធីសាស្ត្រដែលសមស្រប និងស៊ីវិល័យបំផុតក្នុងសង្គមសម័យទំនើប។ វាជាគន្លងនៃសន្តិភាព ការអភិវឌ្ឍន៍ និងសិទ្ធិមនុស្ស។ ដូច្នេះ យើងគួរលើកស្ទួយ និងអភិវឌ្ឍវប្បធម៌នៃការដោះស្រាយបញ្ហាតាមផ្លូវច្បាប់ជានិច្ច៕